កីឡាករ អែនត័ញ គ្រីស្មាន់ (Antoine Griezmann) បានណែនាំឲ្យក្លិប បាសេឡូណា (Barcelona) ផ្ទេរកីឡាករ នីម៉ា (Neymar) ពីក្លិប PSG មកវិញនៅរដូវក្តៅនេះបើទោះបីជា វត្តមានរបស់កីឡាករប្រេស៊ីលរូបនេះអាចនឹងបង្ករហានីភ័យចំពោះកៅអីរបស់ខ្លួនក្នុងក្រុមជម្រើសដំបូងក៏ដោយ នេះបើតាមសេចក្តីរាយការណ៍ពីប្រទេសអេស្ប៉ាញ។
នីម៉ា បានចាកចេញពីពហុកីឡដ្ឋាន Nou Camp កាលពីឆ្នាំ២០១៧ ទៅចូលរួមក្លឹបជើងឯក បារាំង PSG ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី ដោយសារកន្លងមកកីឡាកររូបនេះបានត្រឹម ជាកីឡាករបន្ទាប់បន្សំពី លីអូណេល ម៉េសស៊ី (Lionel Messi) និង ល្វីស ស្វារ៉េស (Luis Suarez) ។
កិច្ចព្រមព្រៀងផ្ទេរតម្លៃ២០០លានផោនទៅកាន់រាជធានីបារាំងគឺមានបំណងចង់សាងកេរ្តិ៍ឈ្មោះរបស់ខ្លួន និងផ្តល់ឱកាសប្រសើរជាងនេះដើម្បីឈានដល់ការឈ្នះពានបាល់មាស Ballon D`or ។
ប៉ុន្តែកិច្ចព្រមព្រៀងហាក់ដូចជាមិនដំណើរទៅតាមផែនការនោះទេ នីម៉ា បានញាំញីដោយ សាររបួសប៉ុន្មានរដូវកាលចុងក្រោយនេះ ហើយខកខានមិនបានជំរុញក្រុមនេះឲ្យឡើង ដល់វគ្គបន្ទាប់នៅឆេមពានលីកនោះទេ។
មានការទស្សទាយថា ការវិលត្រឡប់របស់ នីម៉ា នឹងបង្កការគំរាមដល់កៅអីរបស់ គ្រីស្មាន់ និងធ្វើឲ្យអនាគតរបស់កីឡាកររូបនេះស្ថិតក្នុងភាពមិនច្បាស់លាស់ ហើយខ្សែបម្រើស្លាប អូស្មាណេ ដេមបេឡេ (Ousmane Dembele) ក៏ដូចគ្នាដែរ។
ប៉ុន្តែ គ្រីស្មាន់ ជឿថា កាលណាក្រុម Barcelona មានសម្បូរដោយកម្លាំងប្រយុទ្ធដែលមាន គុណភាពនោះ ពួកគេនឹងមានឱកាសច្រើនក្នុងការលើកពាន៕ ប្រែសម្រួល: ពិសិដ្ឋ