តាមព័ត៌មានថា ភ្នាក់ងាររបស់កីឡាករ អាទូរ៉ូ វីដាល (Arturo Vidal) បានធ្វើដំណើរទៅតំបន់ អឺរ៉ុប ដើម្បីចរចាជាមួយក្លិបមួយចំនួនដែលចាប់អារម្មណ៍ចង់ចុះកិច្ចព្រម ព្រៀងផ្ទេរ វីដាល អំឡុងរដូវកាលទិញដូរខែមករានេះ រូមទាំងក្លិប អ៊ីនធ័រ មីលេន(Inter Milan) និងម៉េនឆេស្ទ័រ យូណាយធីតផងដែរ។
វីដាល បានរួមរស់ជាមួយក្លិប បាសេឡូណា ចាប់តាំងពីផ្ទេរមកពីក្លិបបៃយឺន ម៉ូនិច( Bayern Munich) កាលពីឆ្នាំ២០១៨ ហើយបានក្លាយជាផ្នែកដ៏សំខាន់នៃក្រុមជម្រើសដំបូងដោយ បង្ហាញមុខបាន៧៤លើកនៅគ្រប់ការប្រកួត។
គេជឿថា បាសេឡូណា នឹងបើកចិត្តលក់កីឡាកររបស់ខ្លួន ស្របពេលនៅពេលនេះ កីឡាករ ស៊ីលីរូបនេះមានវ័យ៣២ឆ្នាំ។
លោក ហ្វឺណានដូ ហ្វេលីសេវីច (Fernando Felicevich) ជាភ្នាក់ងាររបស់ វីដាល បានធ្វើ ដំណើរពីស៊ីលីទៅតំបន់អឺរ៉ុប ដើម្បីចរចាជាមួយក្លិប Inter Milan ក្នុងតម្លៃ២០លានផោន។
ទោះបីជាយ៉ាងណា ក៏មានការអះអាងផងដែរថា ក្លិបយូណាយធីតក៏ចង់ចរចាជាមួយលោក ហ្វេលីសេវីច ផងដែរ ហើយអាចនឹងប្រជែងជាមួយក្លិប Inter Milan ក្នុងការព្យាយាមសម្រេច កិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ៕ ប្រែសម្រួល: ពិសិដ្ឋ