ក្រុមហ៊ុន Samsung បានបញ្ចេញ “មនុស្សសិប្បនិម្មិត” (Artificial Human) របស់ខ្លួនមាន ឈ្មោះថា NEON ដែលនឹងបង្ហាញលើកញ្ចក់អេក្រង់ជំនួស “ជំនួយការឆ្លាតវៃ” (Smart Assistant) ជាមនុស្សឆ្លើយឆ្លងវីដេអូពិតៗ និងឆ្លើយសំណួរភ្លាមៗក្នុងពេលប៉ុន្មានតែវិនាទី។
ផលិតដោយ Star Labs ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung មានមូលដ្ឋាននៅរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក បច្ចេកវិទ្យានេះអនុញ្ញាតឱ្យបង្កើតមនុស្សឌីជីថល (Digital Being) សម្រាប់ការប្រើប្រាស់លើកញ្ចក់ អេក្រង់ ឬក្នុងវីដេអូហ្គេម។
Star Labs លើកឡើងថា មនុស្សសិប្បនិមិត្ត NEON អាចត្រូវបានរចនាឡើងឱ្យធ្វើជា “ពិធីករទូរទស្សន៍ អ្នកនាំពាក្យ ឬតារាភាពយន្ត” ឬសូម្បី “មិត្តសម្លាញ់” បានយ៉ាងអស្ចារ្យ។
ទោះយ៉ាងណា មនុស្សសិប្បនិមិត្តដែលប្រើបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ហៅកាត់ថា AI ដែលត្រូវបានប្រកាសក្នុង “ពិព័រណ៍គ្រឿងអេឡិចត្រូនិចប្រើប្រាស់” (Consumer Electronics Show) នៅឡាស វ៉េហ្គាស (Las Vegas) សហរដ្ឋអាម៉េរិក នេះនឹងមានសមត្ថភាពពិសេសអាច “សន្ទនា និងសម្ដែងអារម្មណ៍អាណិតអាសូរ” ដូចមនុស្សពិតៗ៕ ប្រែសម្រួលៈ ខុម