នាយករដ្ឋមន្ត្រីកាណាដា លោកចាស្ទីន ទ្រុយដូ( Justin Trudeau) បានប្តេជ្ញាថារដ្ឋាភិបាលរបស់លោកនឹងទទួលបានចម្លើយបន្ទាប់ពីយន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនមួយគ្រឿងបានធ្លាក់ កាលពីថ្ងៃពុធទី៨មករាដោយបានសម្លាប់ជនជាតិកាណាដាយ៉ាងតិច៦៣នាក់គឺប៉ុន្មាននាទីបន្ទាប់យន្តហោះនេះបានហោះចេញពីរដ្ឋធានីរបស់អ៊ីរ៉ង់។
លោក ចាស្ទីន ទ្រុយដូ បាននិយាយកាលពីថ្ងៃពុធថា អ្នកដំណើរ១៣៨នាក់តាមជើងហោះហើរនោះ បានភ្ជាប់ទៅកាណាដា។ ក្នុងយន្តហោះនេះរួមទាំងនិស្សិតអន្តរជាតិជាច្រើននាក់ដែលបានកំពុងសិក្សានៅសាកលវិទ្យាល័យនានានៅទូទាំងប្រទេសកាណាដា។ អ្នកទើបរៀបអាពាហ៍ពិពាហ៍ច្រើននាក់និងគ្រួសារកាណាដាមួយមានមានសមាជិក៤នាក់ក៏បានធ្វើដំណើរតាមយន្តហោះនេះដែរ។
លោកទ្រុយដូ បាននិយាយថារដ្ឋាភិបាលរបស់លោកកំពុងទាក់ទងទៅនឹងសមភាគីអន្តរជាតិរបស់លោក។ ការទទួលបានចម្លើយពីអ៊ីរ៉ង់ អាចនឹងមានការពិបាក ដោយសារកាណាដា បានបិទស្ថានទូតរបស់ខ្លួននៅអ៊ីរ៉ង់កាលពីឆ្នាំ ២០១២ និងបានផ្អាកទំនាក់ទំនងការទូត។
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកបាននិយាយថាសហរដ្ឋអាម៉េរិកកំពុងអំពាវនាវឱ្យមានសហប្រតិបត្តិការជាមួយការស៊ើបអង្កេតណាមួយលើមូលហេតុនៃការធ្លាក់យន្តហោះនេះ។
ការធ្លាក់យន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អន្ដរជាតិអ៊ុយក្រែននេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីរ៉ង់បានធ្វើការវាយប្រហារដោយមីស៊ីលផ្លោងទៅលើមូលដ្ឋានទ័ពនៅអ៊ីរ៉ាក់ដែលមានទាហានអាម៉េរិកស្ថិតនៅ ប៉ុន្តែក្រុមមន្ដ្រីអ៊ីរ៉ង់បាននិយាយថាពួកគេសង្ស័យថា បញ្ហាម៉ាស៊ីនយន្តហោះ បានបណ្តាលឱ្យធ្លាក់យន្តហោះBoeing 737-800 នេះ។ក្រុមមន្ត្រី អ៊ុយក្រែនពីដំបូងបានយល់ស្របចំពោះការលើកឡើងនេះ ប៉ុន្តែក្រោយមកបានបដិសេធវិញ ហើយមិនផ្តល់មូលហេតុ ខណៈដែលការស៊ើបអង្កេតកំពុងបន្តធ្វើ៕ប្រែសម្រួល៖សុខា/sn
លោកចាស្ទីន ទ្រុយដូនាយករដ្ឋមន្ត្រីកាណាដាអះអាងថាមានជនជាតិកាណាដាយ៉ាងតិច៦៣នាក់ស្លាប់ក្នុងការធ្លាក់យន្តហោះ គឺច្រើនបំផុតទី២បន្ទាប់ពីជនរងគ្រោះអ៊ីរ៉ង់