ចំពេលសភាពការណ៍សន្តិសុខកាន់តែយ៉ាប់យ៉ឺនឡើងនៅក្នុងឈូងសមុទ្រ ក្រោយការវាយប្រហារលើនាវាពាណិជ្ជកម្មនៅឈូងសមុទ្រអូម៉ង់កាលពីឆ្នាំមុន កងទ័ពជើងទឹកឥណ្ឌាបានចាប់ផ្តើមប្រតិបត្តិការមួយឈ្មោះថា SANKALPនៅតំបន់ឈូងសមុទ្រ។
កងទ័ពជើងទឹកឥណ្ឌាបានពិនិត្យនិងវាយតំលៃសភាពការណ៍ក្នុងដែនសមុទ្រនៃតំបន់ឈូងសមុទ្រ ចំពេលអ៊ីរ៉ង់បាញ់កាំជ្រួចលើមូលដ្ឋានយោធាអាម៉េរិកនៅអ៊ីរ៉ាក់កាលពីថ្ងៃពុធទី៨មករា ហើយសំរេចថាប្រតិបត្តិការSANKALPនេះនឹងបន្តធ្វើដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងអស់ដើម្បីធានាសុវត្ថិភាពផ្លូវទឹកដល់នាវាដោយទង់ជាតិឥណ្ឌាទាំងអស់ដែលឆ្លងកាត់ច្រកសមុទ្រហ័រមូស។
ក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថាខ្លួនតាមដានសភាពការណ៍នៅឈូងសមុទ្រហើយសំរេចរក្សាវត្តមាននៅក្នុងតំបន់ដើម្បីធានាសន្តិសុខសំរាប់ពាណិជ្ជកម្មផ្លូវសមុទ្រ និងនាវាដោតទង់ជាតិឥណ្ឌាទាំងអស់ដែលឆ្លងកាត់តំបន់នេះ។នាវាចម្បាំងមួយត្រូវបានបញ្ជូនចេញរួចហើយសំរាប់ប្រតិបត្តិការOperation SANKALP។
សូមបញ្ជាក់ថា នាវាជំនួញឥណ្ឌាប្រើច្រកសមុទ្រហ័រមូសដើម្បីដឹកប្រេងឆៅចេញពីបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រ។អ៊ីរ៉ាក់ គុយវ៉ែត និងអារ៉ាប៊ីសាអូឌីត សុទ្ធតែជាប្រទេសនៅមជ្ឈិមបូព៌ាសំខាន់ៗដែលឥណ្ឌាទិញប្រេង៕ប្រែសម្រួល៖វាសនា
នាវានិងយន្តហោះកងទ័ពឥណ្ឌា ត្រូវបានបញ្ជូនដើម្បីបង្កើតវត្តមានឥណ្ឌាមួយនៅតំបន់ឈូងសមុទ្រ និងធានាសន្តិសុខសំរាប់នាវាជំនួញឥណ្ឌា