ដោយ​: សុខា​ភ័​ណ្ឌ / កំពង់ស្ពឺ​: មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​រស្មី​សាមគ្គី​ម្នាក់​បាន​ស្លាប់​ខណៈដែល​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត ហើយ​ដួល​នៅត្រង់ចំណុច​មុខ​វត្ត​អា​ញ្ញៀ​សេះ ស្ថិតក្នុង​ភូមិ​អូរ​នាង​ហី​ង ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៨-១៩ កាលពី​រសៀល​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ដែល​រងគ្រោះថ្នាក់​ដួល​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​នេះ មានឈ្មោះ ស៊ុត អាន ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ ជា​មន្ត្រីនគរបាល​ប៉ុស្តិ៍​ឃុំ​រស្មី​សាមគ្គី​រស់នៅ​ភូមិ​យ៉ាង​ពីស ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់​
​ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ពណ៌​ខ្មៅ​សេ​១២៥​សេរី​២០១៨​ម្នាក់ឯង ពី​លិចទៅ​កើត លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ បាន​បុក​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក និង​មិន​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ ដែល​ធ្វើដំណើរ​ស្របគ្នា​ចំ​ពីក្រោយ​ពេញទំហឹង ដួល​ម៉ូតូ​បណ្តាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ​។​

​ប្រភព​បាន​បន្តថា ក្រោយពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បន្ថែម​ល្បឿន​រត់គេចខ្លួន​បាត់ស្រមោល​។​

​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​មន្ត្រី​ជំនាញ​បាន​បន្ត​ស្រាវជ្រាវ​៕ ល​