រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនលោកស្រី ម៉ាសាកូ ម៉ូរី បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី៩មករានេះថា ការចោទប្រកាន់របស់លោកកាឡូស ហ្គោនស៍ប្រឆាំងនឹងប្រព័ន្ធច្បាប់របស់ជប៉ុនគឺមិនអាចទទួលយកបានជាដាច់ខាត។ លោកស្រីអះអាងបែបនេះគឺដើម្បីវាយបកភ្លាមៗទៅលើអតីតនាយកក្រុមហ៊ុនរថយន្ត Nissan រត់គេចខ្លួនរូបនេះ បន្ទាប់ពីគាត់បង្ហាញខ្លួនក្នុងសន្និសីទព័ត៌មាននៅទីក្រុងបៃរូតរបស់លីបង់។
ថ្លែងជាសាធារណៈលើកដំបូងចាប់តាំងពីគាត់បានគេចចេញពីប្រទេសជប៉ុនយ៉ាងភ្ញាក់ផ្អើល លោកហ្គោនស៍និយាយកាលពីថ្ងៃពុធថាគាត់ត្រូវបានធ្វើបាបយ៉ាងឃោរឃៅដោយរដ្ឋអាជ្ញាក្រុងតូក្យូ ដែលគាត់និយាយថាបានសាកសួរគាត់រហូតដល់ ៨ ម៉ោងក្នុងមួយថ្ងៃដោយគ្មានវត្តមានមេធាវី និង ព្យាយាមយកចម្លើយសារភាពពីគាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រនិងបកប្រែជាភាសាអង់គ្លេសនិងបារាំង រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ជប៉ុនបានវាយបកវិញដោយនិយាយដដែលឡើងវិញថា ការរត់គេចខ្លួនរបស់លោកហ្គោនស៍ពីការកាត់ទោសនៅជប៉ុន “អាចចាត់ទុកជាបទឧក្រិដ្ឋបាន”។
លោកស្រីម៉ូរីនិយាយថា “សកម្មភាពបែបនេះនឹងមិនអនុញ្ញាតឱ្យប្រព្រឹត្តបានឡើយនៅក្រោមប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗ។ លើសពីនេះទៅទៀតគាត់បានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនៅក្នុងប្រទេសជប៉ុននិងជាអន្តរជាតិអំពីប្រព័ន្ធច្បាប់របស់ជប៉ុននិងការអនុវត្តច្បាប់របស់ជប៉ុន។ នេះមិនអាចទទួលយកបានជាដាច់ខាត”។
លោកហ្គោនស៍ អតីតប្រធានក្រុមហ៊ុន Nissan Motor Co Ltd និងក្រុមហ៊ុន Renault SA បានភៀសខ្លួនពីប្រទេសជប៉ុនកាលពីខែមុន ខណៈគាត់កំពុងរង់ចាំការជំនុំជម្រះលើបទចោទប្រកាន់អំពីការរាយការណ៍មិនត្រឹមត្រូវអំពីប្រាក់ចំណូល ការរំលោភលើសេចក្តីទុកចិត្ត និង ការប្រើមូលនិធិក្រុមហ៊ុនមិនត្រឹមត្រូវ ដែលការចោទប្រកាន់ទាំងអស់នេះត្រូវបានគាត់បដិសេធ។
និយាយការពារអាជ្ញាធរដែលចាប់លោកហ្គោនស៍ដាក់គុក លោកស្រីម៉ូរីនិយាយថានៅក្នុងប្រទេសជប៉ុនជនសង្ស័យអាចត្រូវបានចាប់ខ្លួនដោយមានដីកាពីតុលាការតាមការពិនិត្យរបស់ចៅក្រម មិនដូចនៅក្នុងប្រទេសមួយចំនួនទេ ដែលការឃុំខ្លួនអាចធ្វើទៅបានដោយគ្មានដីកា៕ ដោយ៖ កញ្ញាដាលីស