ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ភាពយន្ត រឿង “លោកឪពុក” របស់ផលិតកម្ម មហា ហង្ស ទទួលបានពានឆ្នើម ក្នុងកម្មវិធី ការប្រកួតភាពយន្តអន្តរជាតិ អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន កាលពីថ្ងៃទី៨ មករា ឆ្នាំ២០២០។ ដែលបានទៅលើតួ អង្គលោកឳពុក ដែលសម្តែងដោយតារាសម្តែងនាទសវត្សទី៩០ លោក យស បូវណ្ណៈ។
លោក អ៊ិន សុភិន និយាយថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយយ៉ាង ខ្លាំង ដែលភាពយន្ត រឿង “លោកឪពុក” ទទួលបានពានមួយលើឆាកអន្តរជាតិ នៅ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តលើកទី៥៩ អាស៊ី ប៉ាស៊ីហ្វិក នៅទីក្រុងម៉ាកាវ ប្រទេសចិន។
លោកបន្តថា បើទោះជាពានដែលទទួលបាននោះ គឺបានទៅលើតួឪពុកក្នុងរឿង ឆ្នើម ដែលមិនសំដៅដល់ភាពយន្តទាំងមូល ប៉ុន្តែក៏ត្រូវបានលោកចាត់ទុកថា គឺជា មោទនភាពដ៏ធំ ក្នុងនាមជាផលិតករខ្មែរផងដែរ ដែលយករឿងមកប្រកួតលើឆាកអន្តរ ជាតិ ហើយទទួលបានពានមួយ ដើម្បីអោយពិភពលោកដឹងថាខ្មែរ ក៏មានឱកាសលើក ពាន មួយក្នុងចំណោមពានសំខាន់ៗ នៅមហោស្រពភាពយន្តអន្តរជាតិ។
លោកថា លោក យស បូវណ្ណៈ អត់បានដឹងថាខ្លួនត្រូវបានគណកម្មការជម្រើស អោយជាប់ជាតួរងប្រុស ឬ តួឪពុកឆ្មើមបែបនេះទេ ប្រសិនបើបានដឹងមុន គឺលោក ក៏ប្រហែលមកចូលរួមផងដែរ។ លោក និង លោក យស បូវណ្ណៈ បានឯកភាព ហើយ ថាសម្រាប់ពាន គឺលោកនឹងតម្កល់ទុកនៅក្នុងក្រុមហ៊ុន ចំណែកប័ណ្ណសរសើរ គឺនឹង ផ្ញើអោយលោក យស បូវណ្ណៈ នៅសហរដ្ឋអាមេរិក។
គួរបញ្ជាក់ផងដែរថា ការប្រកួតភាពយន្តនេះ ត្រូវបានធ្វើឡើងច្រើនថ្ងៃមកហើយ ដោយមានប្រទេសជាង១០ និងភាពយន្តជាង២០ នៅលើពិភពលោកចូលរួម។ ព្រឹត្តិការណ៍នេះប្រទេសកម្ពុជា គឺមានចំនួន២រឿងចូលប្រកួត ដោយរឿង”ព្រលឹង” ជាប់ជារឿង Best Visual Effect ក្នុងចំណោមជម្រើសចុងក្រោយ និងរឿង “លោកឪពុក” ជាប់ពានផ្នែកតួរងឆ្នើម៕