ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពលរដ្ឋ​នៅ​ឃុំ​មួយចំនួន​នៅ​ស្រុក​មង្គល​បូរី​ជាង ៧.០០០​គ្រួសារ កំពុងមាន​ការព្រួយបារម្ភ​ចំពោះ​ទឹក​ក្នុង​ស្ទឹង​មង្គល​បូរី​ផ្នែក​កណ្តាល និង​ខាងចុង នឹង​រីង​អស់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​នោះ​មកពី​ការ​បូម​ធ្វើស្រែ​ប្រាំង​លើក​ទី​១ ដែល​លើស​ផែនការ​ជាង​៧.០០០​ហិកតា​។ ឯ​ស្រែប្រាំង​លើក​ទី​២ មិនបាន​ធ្វើ​ច្រើន​ដែរ​? ក្នុងនោះ ទឹក​នៅក្នុង​ពោះ​ស្ទឹង​មង្គល​បូរី​បាន​រីង​ខះ​ជិត​អស់ហើយ ហើយ​ត្រី​ក៏​បាននិងកំពុង​ពុល​ងាប់ និង​ត្រូវ​អ្នកស្រុក​ចាប់​។​

​ប៉ុន្តែ​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​៧​ខែមករា បាន​និយាយថា លោក​រួមជាមួយ​លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត អភិបាលស្រុក​មង្គល​បូរី អភិបាលក្រុង​សិរីសោភ័ណ និង​មន្ត្រី​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​ស្ទឹង​សិរីសោភ័ណ ដើម្បី​បូម​បង្ហូរ​តាម​ប្រឡាយ​ទៅ​ស្ទឹង​មង្គល​បូរី ដែល​ស្ថានភាព​ទឹក​នៅ​មង្គល​បូរី​មានការ​ខ្វះខាត​ខ្លាំង ប្រឈម​នឹង​តម្រូវការ​ប្រើប្រាស់​ប្រជាពលរដ្ឋ​នៅតាម​ដងស្ទឹង​មង្គល​បូរី​។​

​លុះដល់​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​ក្រុមការងារ រួម​ណើ​រ​ដោយ លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក សមាជិក​ក្រុមប្រឹក្សា​ស្រុក បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ​ចំនុច​អូរ​ដៃ​ស្ទឹង​មង្គល​បូរី ស្ថិតនៅ​ភូមិ​តា​សល់ ឃុំ​គោ​កប​ល័​ង្គ​។ និង​បន្ត​ពិនិត្យមើល​ស្ថានភាព​ទឹក​នៅ សំណង់​សិរី​មង្គល ឃុំ​គយ​ម៉ែង ស្រុក​មង្គល​បូរី ។​

​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​និយាយថា ឃើញថា​គេ​ពុំ​អាច​បូមទឹក​ពី​ផ្នែក​ខាងក្រោម នៃ​ស្ទឹង​មង្គល​បូរី​មក​ផ្គត់ផ្គង់​ផ្នែក​កណ្តាល​។ និង​ក៏​មិនអាច​បង្ហូរទឹក​ផ្នែក​ខាងលើ​នៃ​ស្ទឹង​នេះ មកចាក់​បំពេញ​ផ្នែក​កណ្តាល​ដែលមាន​មនុស្ស​រស់នៅ​ច្រើន​កកកុញ ហើយ​ប្រឈម​ខ្វះខាត​ខ្លាំង​នោះ​ក៏​ទេ​ដែរ​។ ព្រោះថា ស្ថានភាព​ទឹក​ខ្សត់ខ្សោយ​ពេក​ទៅហើយ​។​

​នៅ​ថ្ងៃ​ដដែល​មន្ត្រី​បាន​បន្ត​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ទឹកស្ទឹង​សិរីសោភ័ណ​នៅ​ចំណុច​ភូមិ​ព្រៃ​ឫស្សី សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​វិញ​ម្តង ដោយ​ពិនិត្យឃើញថា​អាចមាន​ការជួយ​អន្តរាគមន៍​ពី​ស្ទឹង​សិរីសោភ័ណ ផ្ទេរ​ទៅ​ស្ទឹង​មង្គល​បូរី​បាន​។​

​លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធាន​ទឹកបាន​សុំ​ការយោគយល់ ពី​ឯ​លោក​អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​សិក្សា​និង​រក​វិធីសាស្ត្រ​បូមទឹក​ស្ទឹង​សិរីសោភ័ណ​បញ្ជូនមក​ស្ទឹង​មង្គល​បូរី​ត្រង់​ទីរួមស្រុក ដែល​រីងស្ងួត ដើម្បី​ជូន​បងប្អូន​ពលរដ្ឋរ​រាប់ពាន់​គ្រួសារ ប្រើប្រាស់​និង​បរិភោគ​ជា​ប្រយោជន៍​រួម ជា​បណ្ដោះអាសន្ន​សិន​។ ប៉ុន្តែ​មិនទាន់​វាយតម្លៃ​បាន​ថា នឹង​ធានាបាន​រយះពេល​ប៉ុណ្ណា​នោះឡើយ​។
​ហេតុនេះ​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ ក៏​បន្តទៅ​សិក្សា​នូវ​លទ្ធភាព​បូមទឹក​ពី​អាង​កំពីងពួយ​ស្រុក​បាណន់​ខេត្តបាត់ដំបង បូម​ចាក់​ចូល​ស្ទឹង​មង្គល​បូរី​នៅ​ស្រុក​ប​វេ​ល ដូច​កាលពី​សង្គ្រោះ​គ្រោះ​ទុ​រ្ភឹ​ក្ស​ទឹក​កាលពី​រដូវប្រាំង​ឆ្នាំ​២០១៥-២០១៦ ទៀត​។​

​អំ​ពិការ​ប្រឈម​ខ្វះ​ទឹក​ធ្ងន់ធ្ងរ​នោះ លោក ចាន់ យុ​ត្ថា បាន​ពន្យល់ថា មកពី​ការឡើង​កំដៅ​ហួតហែង​ខ្លាំង ហើយ​កសិករ​នៅ​ស្រុក​មង្គល​បូរី​បានធ្វើ​ស្រូវប្រាំង​លើក​ទី​១​កន្លងមក​លើស​ជាង​៧.០០០​ហិកតា​។ ពោលគឺ​ផ្ទៃដី​ស្រូវប្រាំង​១​ហិច​តា អាច​ប្រើប្រាស​ទឹក​អស់​ជាង​១​ម៉ឺន​ម៉ែ​ត្រីគុណ​៕ ល​