ក្នុងការថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិកាលពីថ្ងៃពុធទី៨មករា ប្រធានាធិបតីអាម៉េរិកលោកដូណាល់ ត្រាំ បាននិយាយថាមិនមានបុគ្គលិកយោធាអាម៉េរិកណារងគ្រោះថ្នាក់ពីការបាញ់កាំជ្រួចរបស់អ៊ីរ៉ង់កាលពីថ្ងៃ០៨មករាទេ ដោយសារតែមានការត្រៀមបង្ការទុក ការដកចេញកងកម្លាំងនិងប្រព័ន្ធព្រមានជាមុន។
ទោះជាបានអះអាងថាអាម៉េរិកនឹងមិនវាយប្រហារសងសឹកចំពោះការវាយប្រហារនេះ លោកត្រាំបានប្រកាសថាអាម៉េរិកនឹងបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏ខ្លាំងជាថ្មីលើអ៊ីរ៉ង់ទាល់តែអ៊ីរ៉ង់ផ្លាស់ប្តូរឥរិយាបទរបស់ខ្លួននៅលើឆាកអន្តរជាតិ។លោកបានបន្ថែមថា លោកនឹងស្នើសុំអង្គការណាតូចូលរួមពាក់ព័ន្ធខ្លាំងឡើងនៅក្នុងដំណើរការនយោបាយនៅមជ្ឈិមបូព៌ា។
លោកត្រាំក៏បានឆ្លៀតអួតថា កងកម្លាំងអាម៉េរិកមាន«កាំជ្រួចធំនិងត្រង់ជាង»កាំជ្រួចរបស់អ៊ីរ៉ង់ តែលោកសង្ឃឹមថានឹងមិនប្រើវាប្រឆាំងអ៊ីរ៉ងទេពីព្រោះ«យើងចង់អោយអ្នកមានអនាគតអស្ចារ្យមួយ។តាមពិត កម្លាំងយោធានិងសេដ្ឋកិច្ចអាម៉េរិកជារបាំងល្អបំផុតដើម្បីកុំអោយកើតសង្គ្រាម»។
តែឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិលោកម៉ាជីត តាជីត តាក់ រ៉ាវ៉ាន់ជី បានព្រមានថារដ្ឋាភិបាលក្រុងតេអេរ៉ង់នឹងឆ្លើយតបយ៉ាងស្វាហាប់ចំពោះការផ្សងព្រេងដោយយោធាណាមួយមលើកអ៊ីរ៉ង់ និង«ការឈ្លានពានណាមួយ»។
ត្រាំក៏បាននិយាយអំពីការសម្លាប់មេបញ្ជាការកងកម្លាំងគូត លោកឧត្តមសេនីយ៍កាសេម សូឡេម៉ានី ដោយលោកអះអាងថា អាម៉េរិកមានព័ត៌មានថាបុរសនេះរៀបចំផែនការវាយប្រហារនៅថ្ងៃ០៤មករា ហើយវាជាមូលហេតុជំរុញអោយលោកសំរេចចិត្តចេញបញ្ជាអោយសម្លាប់មេទ័ពអ៊ីរ៉ង់ដ៏មានឥទ្ធិពលរូបនេះ។
ទោះជាយ៉ាងណា ការសម្លាប់មេទ័ពរូបនេះបានបង្កភាពតានតឹងភ្លាមរវាងអាម៉េរិកនិងអ៊ីរ៉ង់ដែលបានសំរេចដាក់កងកម្លាំងអាម៉េរិកទាំងអស់ជាក្រុមភេរវកម្ម ទាមទារអោយអាម៉េរិកដកចេញពីអ៊ីរ៉ាក់និងទីបំផុតបាញ់កាំជ្រួចដាក់មូលដ្ឋានទ័ពអាម៉េរិក។
ជុំវិញសភាពការណ៍នៅមជ្ឈិមបូព៌ានេះ រដ្ឋមន្ត្រីការពារជាតិអាម៉េរិកលោក ម៉ាក អ៊ីសភើ បាននិយាយថាយោធាអាម៉េរិកនៅតែត្រៀមខ្លួនខ្ពស់ក្រោយការវាយប្រហារដោយកាំជ្រួចអ៊ីរ៉ង់លើមូលដ្ឋានយោធាអាម៉េរិកនៅអ៊ីរ៉ាក់។
លោកបានអោយដឹងថា ការវាយប្រហារកាលពីដើមថ្ងៃពុធបង្កការខូចខាតតិចតួច គឺខូចរោងដាក់យន្តហោះមួយ កន្លែងចតនិងឧទ្ធម្ភាគចក្រមួយ ហើយមិនមានទាហានអាម៉េរិករងរបួសឬស្លាប់ទេ៕ប្រែសម្រួល៖វាសនា
ត្រាំ ឈរជិតមេទ័ពរបស់លោក ក្នុងពេលថ្លែងសុន្ទរកថាប្រាប់ទៅប្រជាជាតិអាម៉េរិកអំពីការវាយប្រហាររបស់អ៊ីរ៉ង់