ដោយ:បូកគោ/កំពត ៖ ប្តីប្រពន្ធពីរនាក់បានស្លាប់នៅនឹងកន្លែងបន្ទាប់ពីត្រូវរថយន្តបុកពេញទំហឹងពេលកំពុងជិះម៉ូតូឌុបគ្នានៅលើផ្លូវលំក្រាលក្រួសក្រហមមួយខ្សែស្ថិតក្នុងភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី។ ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីយប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
លោកវរសេនីយ៍ទោស៊ូ វណ្ណាត នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តកំពតបានប្រាប់ឱ្យដឹងថាជនរងគ្រោះក្នុងហេតុការណ៍ខាងលើ គឺបុរសជាប្តីឈ្មោះ សួង ផាន់ អាយុ ៣៨ឆ្នាំ។ ចំណែកប្រពន្ធឈ្មោះ សួង នង អាយុ ៤៥ឆ្នាំ។ គ្រួសារនេះមានទីលំនៅ ភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ លោកនាយរងការិយាល័យបានរៀបរាប់ថាកាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី៨ ខែមករា មានករណីគ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅលើផ្លូវលំក្រួសក្រហមស្ថិតក្នុងភូមិមនោណុប ឃុំជំពូវន្ត ស្រុកជុំគិរី រវាងរថយន្ត និងម៉ូតូពេលធ្វើដំណើរច្រាសទិសគ្នា។
មុនគ្រោះថ្នាក់កើតឡើង គេឃើញបុរសស្ត្រីពីរនាក់ជិះម៉ូតូឌុបគ្នាក្នុងទិសដៅពីកើតទៅលិច។ លុះដល់កន្លែងកើតហេតុដែលជាចំណុចផ្លូវកោង ស្រាប់តែមានរថយន្តម៉ាកអ៊ីយ៉ាន់ដាយចំណុះមួយតោនកន្លះបើកបរយ៉ាងលឿនមកពីមុខរួចបុកម៉ូតូពេញទំហឹងបណ្តាលឱ្យខ្ទាតអ្នកទាំងពីរបោកធ្លាក់លើដីគួរឱ្យរន្ធត់បំផុត។
លោកវរសេនីយ៍បានបញ្ជាក់ថាក្នុងស្ថានភាពបែបនោះ អ្នកបើកបរបានរត់គេចបាត់ដោយបន្សល់ទុករថយន្តគ្មានស្លាកលេខនៅនឹងកន្លែងកើតហេតុ។ រីឯភាគីខាងម៉ូតូទាំងពីរនាក់បានស្លាប់ភ្លាមៗតែម្តង៕B/