ពាក្យចចាមអារ៉ាមដែលថាអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរអ៊ុយក្រែនសម្លាប់មនុស្សក្នុងយន្តហោះទាំងអស់ បានសុះសាយក្នុងបណ្តាញសង្គមនៅពេលសកម្មជនអ៊ីរ៉ង់ម្នាក់បានបង្ហោះរូបបំណែកកាំជ្រួចធ្លាក់នៅជិតកន្លែងយន្តហោះធ្លាក់ តែបណ្តាចារកម្មលោកខាងលិចនិយាយថាយន្តហោះនេះអាចមានបញ្ហាគ្រឿងម៉ាស៊ីន។
រូបភាពដែលអ្នកបង្ហោះអះអាងថាថតបាននៅជិតកន្លែងធ្លាក់យន្តហោះសម្លាប់មនុស្ស១៧៦នាក់កាលពីថ្ងៃ៨មករា បង្ហាញបំណែកនៃគ្រាប់រ៉ុក្កែតមួយ។
យន្តហោះBoeing 737 បានធ្លាក់នៅក្នុងវាលកសិដ្ឋានមួយនៅក្រៅទីក្រុងប៉ារ៉ាន់នៃខេត្តតេរ៉ង់ ក្រោយពីវាចេញដំណើរពីអាកាសយានដ្ឋានធំនៃរដ្ឋធានីតេអេរ៉ង់ឆ្ពោះទៅកាន់ទីក្រុងកៀវបានតែបន្តិច។
អ៊ីរ៉ង់អះអាងថា ការធ្លាក់នេះទំនងជាបណ្តាលមកពីបញ្ហាបច្ចេកទេស និងអាកាសយាននិកបានបាត់បង់ការគ្រប់គ្រងយន្តហោះក្រោយម៉ាស៊ីនមួយឆេះនៅកណ្តាលអាកាស។
ទោះជាយ៉ាងណា អ៊ីរ៉ង់បដិសេធមិនព្រមប្រគល់ប្រអប់ខ្មៅដែលកត់ត្រាទុកទិន្នន័យហោះហើរទៅអោយពួកអ្នកស៊ើបអង្កេតអន្តរជាតិឡើយ ជាហេតុនាំអោយកើតមានការសង្ស័យថា យន្តហោះអាចត្រូវអ៊ីរ៉ង់បាញ់ទម្លាក់។
សោកនាដកម្មនេះបានកើតឡើងតែប៉ុន្មានម៉ោងក្រោយអ៊ីរ៉ង់បាញ់កាំជ្រួចជាច្រើនគ្រាប់ដាក់មូលដ្ឋានយោធាអាម៉េរិកចំនួន២នៅអ៊ីរ៉ាក់ ជាហេតុនាំអោយកងកម្លាំងយោធានៃភាគីប្រឈមទាំងពីរត្រៀមប្រុងជើងការរៀងៗខ្លួនក្នុងកំរិតខ្ពស់បំផុតហើយបណ្តាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនក៏ហាមមិនអោយយន្តហោះរបស់ខ្លួនហោះលើអ៊ីរ៉ង់និងអ៊ីរ៉ាក់ផងដែរ។
មូលហេតុនៃការធ្លាក់យន្តហោះនៅមិនទាន់កំណត់នៅឡើយ ហើយអាជ្ញាធរអ៊ីរ៉ង់ប្តេជ្ញាមិនអោយអាម៉េរិកចូលមកស៊ើបអង្កេតទោះជាក្រុមហ៊ុនBoeingសុំសហការក្នុងការស៊ើបអង្កេតក្តី។
ក្រៅពីបំណែកពណ៌បៃតងមួយដែលទំនងជាកន្ទុយគ្រាប់រ៉ុក្កែត រូបភាពដែលបង្ហោះចេញបង្ហាញស្នាមធ្លុះនៅតួយន្តហោះដែលធ្លាក់ ដែលអាចបណ្តាមកពីអំបែងគ្រាប់។សាក្សីដែលសរសេរបង្ហោះក្នុងបណ្តាញសង្គមក៏បាននិយាយថាខ្លួនបានឮសម្លេងផ្ទុះខ្លាំងចេញពីមូលដ្ឋានយោធាមួយមុនពេលដឹងថាមានយន្តហោះធ្លាក់។
ទីតាំងធ្លាក់យន្តហោះនៅចម្ងាយប្រមាណ៣គីឡូម៉ែត្រពីបន្ទាយទាហានមួយ។
រូបវីដេអូបង្ហាញយន្តហោះឆេះមុនពេលវាធ្លាក់ និងរូបភាពនៅកន្លែងធ្លាក់បង្ហាញតួយន្តហោះធ្លុះធ្លាយបង្កើតជារន្ធដ៏អាថ៌កំបាំង៕ប្រែសម្រួល៖វាសនា
កំទេចយន្តហោះ ជាមួយនឹងបំណែកខ្លះធ្លុះធ្លាយជារន្ធគួរអោយសង្ស័យ
ផ្នែកនៃកាំជ្រួចដែលអ្នកបង្ហោះអះអាងថាថតបាននៅជិតកន្លែងធ្លាក់យន្តហោះ
ប្រអប់ខ្មៅត្រូវអាជ្ញាធរអ៊ីរ៉ង់រកឃើញ តែអ៊ីរ៉ង់ថាខ្លួនមិនប្រគល់អោយអ្នកស៊ើបអង្កេតអន្តរជាតិឬក្រុមហ៊ុន Boeingទេ
មួយយន្តហោះ១៧៦នាក់ស្លាប់ទាំងអស់ ហើយមូលហេតុស្ថិតក្នុងភាពអាថ៌កំបាំងនៅឡើយ