ដោយៈ​សុផល​/​ភ្នំពេញៈ​ដើម្បី​រួមចំណែក​បណ្ដុះ​វប្បធម៌​នៃ​ការអាន​សៀវភៅ​នៅ​កម្ពុជា​ពិព័រណ៍​សៀវភៅ​”BigBadWolfBook”​បាន​នាំយកមក​នូវ​សៀវភៅ​អង់គ្លេស​ថ្មីៗ​ចំនួន​១​លាន​ក្បាល​មក​ដាក់លក់​នៅ​រាជធានី​ភ្នំពេញ ដោយ​បញ្ចុះតម្លៃ​ចាប់ពី ៥០​ភាគរយ​រហូតដល់​៩០​ភាគរយ​រយៈពេល​ជាង​១០​ថ្ងៃ​។​

​ពិព័រណ៍​សៀវភៅ Big Bad Wolf បាន​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​៩​ព្រឹក​រហូតដល់​ម៉ោង ១២​អធ្រាត្រ ចាប់ពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០​ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​នៅ​ផ្សារ​បុរី​រុងរឿង ដែល​ស្ថិតនៅក្នុង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ការចូលរួម​ទស្សនា​ពិព័រណ៍​សៀវភៅ​នេះ គឺ​ពុំ​គិតថ្លៃ​នោះទេ​។

​លោក​ខៀវ​កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​អញ្ជើញ​ចូលរួម​ជាក​ត្តិ​យស​ក្នុង​ពិធី​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នេះ​ដើម្បី​បង្ហាញ​ពី​ការចូលរួម​គាំទ្រ​ពិព័រណ៍​សៀវភៅ​BigBadWolfBook​ដែល​រៀបចំ​ធ្វើ​ឡើងជា​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​។ ពិព័រណ៍​សៀវភៅ​នេះ មាន​សៀវភៅ​ជាច្រើន​ប្រភេទ​រួមមាន​ដូចជា​៖ សៀវភៅ​សម្រាប់​កុមារ​,​សៀវភៅ​ប្រលោមលោក​,​សៀវភៅ​រឿង​ពិត​,​សៀវភៅ​លក់ដាច់​បំផុត​,​សៀវភៅ​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​,​សៀវភៅ​ស្នេហា​,​សៀវភៅ​អភិវឌ្ឍន៍​ខ្លួនឯង​,​សៀវភៅ​ក្រាហ្វិក​, សៀវភៅ​អាជីវកម្ម​,​សៀវភៅ​ស្ថាបត្យកម្ម​, សៀវភៅ​រចនា​និង​សៀវភៅ​ជាច្រើន​ប្រភេទ​ទៀត​។

​លោកអ្នក​អាច​ទិញ​សៀវភៅ​ទាំង​នោះបាន តាមរយៈ​ការទូទាត់​ជា​លុយ​សុទ្ធ​, ប្រើ​កាត​ឥណទាន ឬ ប្រើ​កាត​ឥណ​ពន្ធ​។ អ្នកចូលរួម​ទស្សនា ត្រូវបាន​លើកទឹកចិត្ត​ឱ្យមក​ចូលរួម​ទស្សនា​ពិព័រណ៍​ច្រើនដង ដោយហេតុថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នឹងមាន​សៀវភៅ​ចូល​ថ្មី​ដាក់លក់​ជានិច្ច​ក្នុង​រយ​:​ពេល​១២​ថ្ងៃ​នៃ​ពិធី​ពិព័រណ៍​សៀវភៅ​នេះ​។​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​ដៃគូរ​សហការ​ផ្នែក​ទូរគមនាគមន៍​របស់​ពិព័រណ៍ BigBadWolfSale​នៅ​ទីក្រុង​ភ្នំពេញ​ឆ្នាំ​២០២០​ក៏មាន​ស្តង់​ពិ​ព័រ​ណ័​ផ្ទាល់ខ្លួន​មួយ​សម្រាប់​ផ្តល់​ការកំសាន្ត​ដល់​អ្នកចូលរួម​ផងដែរ​។​

​សៀវភៅ​វេទមន្ត “Magical Books”​គឺជា​សៀវភៅ​ដ៏​សំខាន់​មួយ​ប្រភេទ នៅក្នុង​ពិព័រណ៍​សៀវភៅ​នេះ​។ ក្នុងនាម​ជា​អ្នក​នាំចូល​ផ្តាច់មុខ នៅ​តំបន់​អាស៊ី ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale សង្កេតឃើញថា សៀវភៅ​ប្រភេទ​នេះ​គឺ​ល្អ​បំផុត​សម្រាប់​ឪពុកម្តាយ​ដែលមាន​កូនប្រុស​ស្រី​ចាប់ពី​អាយុ ១​ឆ្នាំ ដល់ ៦​ឆ្នាំ ក្នុងការ​ចាប់ផ្ដើម​រៀន​អាន​សៀវភៅ​។ សៀវភៅ​វេទមន្ត គឺជា​សៀវភៅ​ដែល​ផលិតឡើង​
​ដោយ​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​AugmentedReality(AR)​ដែល​អនុញ្ញាតឱ្យ​កុមារ​មាន​សកម្មភាព​ ​ឆ្លើយឆ្លង​,​រៀន​និង​អាន​សៀវភៅ​ក្នុងពេល​តែមួយ​។​

​សៀវភៅ​នេះ​នឹង​ជួយ​លើក​ទឹក​ចិ​ត្ឲ្យ​កុមារ​មានការ​ចាប់អារម្មណ៍​លើ​ការអាន​សៀវភៅ​ហើយ​សៀវភៅ​នេះ​នឹង​ធ្វើឱ្យ​កុមារ​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ផងដែរ​។​ឪពុកម្តាយ​ឬ​អាណាព្យាបាល​អាច​ជ្រើសរើស​សៀវភៅ​សម្រាប់​កូនៗ​របស់ខ្លួន​ដូចជា​៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey​។

​រដ្ឋមន្ត្រី​ក្រសួងពត៌មាន លោក ខៀវ កា​ញ៉ា​រី​ទ្ធ បាន​ថ្លែងថា « ពិព័រណ៍​សៀវភៅ Big Bad Wolf នេះ មាន​សារៈសំខាន់​ណាស់​ជួយ​បង្កើន​ទម្លាប់​អាន​ជាពិសេស​មាន​សៀវភៅ​ច្រើន​ប្រភេទ​និង​មានតម្លៃ​ថោក​ទៀត​ដែល​បញ្ចុះតម្លៃ​ពី​៥០​ទៅ​៩០​ភាគរយ​។​នេះ​ជា​ឱកាស​មាស​មួយ​»​។​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា​បច្ចុប្បន្ន​ការអាន​សៀវភៅ​នៅ​កម្ពុជា​កំពុងមាន​ការកើនឡើង​ជាពិសេស​យុវវ័យ​។​តាមរយៈ​ពិព័រណ៍​សៀវភៅ​កន្លងមកនេះ​ក្នុង​រយៈពេល​៣​ថ្ងៃ​មាន​មនុស្ស​ជាង​១៧​ម៉ឺន​នាក់​បានមក​ចូលរួម​»​។​

​លោក Andrew Yap សហ​ស្ថាបនិក​ពិព័រណ៍ Big Bad Wolf Books បាន​ថ្លែងថា​៖ “​យើង​មិនមែន គ្រាន់តែ​ជា​ពិព័រណ៍​សៀវភៅ​នោះទេ​។​យើង​ចាត់ទុក​ខ្លួន​យើង​ជា​ស្ថាប័ន​មួយ​ដែល​ធ្វើ​យុទ្ធនាការ​ដើម្បី​លើកកម្ពស់​អក្ខរកម្ម​ភាសា​អង់គ្លេស​។ បេសកម្ម​ចម្បង​របស់​យើង គឺ ដើម្បី ផ្លាស់ប្តូរ​ពិភពលោក ជាមួយ​សៀវភៅ​មួយ​ក្បាល ក្នុង​មួយ​ម្តង​ដោយ​ធ្វើឱ្យ​ប្រាកដថា សៀវភៅ​របស់​យើង មានតម្លៃ​សមរម្យ និង​អាច​រក​ទិញ​បាន​សម្រាប់​មនុស្ស​គ្រប់រូប​។​មាន​មនុស្ស​ច្រើនណាស់​ដែល​គ្មាន​លទ្ធិភាព​ក្នុងការ​ទទួលបាន​សៀវភៅ​ដោយសារតែ​តម្លៃ​របស់​សៀវភៅ​។​

​ពិតជា​គួរឱ្យ​សោកស្តាយ​ណាស់​ព្រោះ​តាមរយៈ​ការអាន​សៀវភៅ​អាច​ផ្លាស់ប្ដូរ​ជីវិត​របស់​ម​នុស្ស​និង​ជួយ​ជម្រុញ​ឱ្យ​ពួកគេ​ព្យាយាម​សម្រេច​នូវ​ក្តី​ស្រមៃ​របស់ខ្លួន​។​”BigBadWolfBooks​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៩​ដោយ​ស្ថាបនិក​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​២​រូប​ដើម្បី​អាចឱ្យ​ប្រជាជន​ម៉ាឡេស៊ី​អាច​ទទួលបាន​សៀវភៅ​ភាសា​អង់គ្លេស​ដែលមាន​គុណភាព​ខ្ពស់​ក្នុងតម្លៃ​សមរម្យ​។​

​នៅក្នុង​ឆ្នាំ​២០២៦​ពិព័រណ៍​សៀវភៅ​នេះ​បានចាប់ផ្តើម​រៀបចំ​ធ្វើឡើង​ក្រៅ​ប្រ​ទស​ដើម្បី​ធានាថា​មនុស្ស​គ្រប់រូប​មាន​លទ្ធិភាព​ក្នុងការ​ទទួលបាន​សៀវភៅ​កាន់តែច្រើន​តាម​ដែល​អាច​ធ្វើបាន​។​នៅក្នុង​ឆ្នាំ​២០១៩​ពិព័រណ៍​នេះ​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ចំនួន​៣២​នៅក្នុង​ប្រទេស​ចំនួន​១០​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​,​អាស៊ី​ភាគខាងត្បូង​,​ម​ជ្ឈឹ​ម​បូព៌ា​បាន​អាច​ទាក់ទាញ​អ្នកចូលរួម​ច្រើនជាង ៥ លាន​នាក់​។

​លោក អ៊ុក ចាន់​ដា​រ៉ា អ្នកនាំពាក្យ​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រសាសន៍ថា​៖“​នេះ​គឺជា​មោទនភាព​មួយ​របស់​ប្រជាជន​កម្ពុជា​ដែល​ពិព័រណ៍​សៀវភៅ​ធំជាងគេ​លើ​ពិភពលោក​បានរៀបចំ​ធ្វើឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​នាពេលនេះ​។​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ប្រជាជន​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​និង​ចំណេះដឹង​របស់ខ្លួន​តាម​រយ​:​ការអាន​សៀវភៅ​។ ទន្ទឹមនឹងនេះ​វា​នឹង​បង្កើត​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ដល់​កុមារ​តាំងពីក្មេង​វ័យ​។​តម្រូវការ​សៀវភៅ​អង់គ្លេស កាន់តែ​ច្រើនឡើងៗ នៅក្នុង​ស្រទាប​យុវវ័យ ជំនាន់​ថ្មី គឺជា​កម្លាំង​ជំរុញ​ផែនការ​របស់​យើង ក្នុង​ការនាំយក​ពិព័រណ៍​សៀវភៅ​នេះ មកកាន់​ប្រទេស​កម្ពុជា​”​។​

​លោក​អ៊ុក​ចាន់​ដា​រ៉ា​បន្តទៀតថា​៖”​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​អាច​រីកចម្រើន​នៅក្នុង​សេដ្ឋកិច្ច​សកលភាវូបនីយកម្ម​និង​ដើម្បី​អាចឱ្យ​ប្រទេស​កម្ពុជា​អភិវឌ្ឍ​ធនធានមនុស្ស​របស់ខ្លួន​បាន​ឆាប់រហ័ស​នោះ​យើង​ត្រូវ​បន្ត​ធ្វើការ​ឆ្ពោះទៅរក​ការធានា​ឱ្យបាន​ថា​មនុស្ស​ជំនាន់​ក្រោយ​ទទួលបាន​នូវ​ធនធាន​ចំណេះដឹង​ដែល​ចាំបាច់ ដើម្បី​កែលម្អ​អនាគត​របស់ខ្លួន​ក៏ដូចជា​អនាគត​នៃ​ប្រទេសជាតិ​ផងដែរ​។​”

​ស្របតាម​គោលការណ៍​របស់​ពិព័រណ៍​សៀវភៅ​ដែល​ជឿជាក់ថា​មនុស្ស​គ្រប់រូប​គួរតែមាន​លទ្ធភាព​ទទួល​បាន​សៀវភៅ​ភាសា​អង់គ្លេស​ដែលមាន​គុណភាព​មិន​ថា​ពួកគេ​ស្ថិតនៅក្នុង​ស្ថានភាព​បែប​ណា​នោះទេ​។​ពិព័រណ៍​សៀវភៅ​BigBadWolfBookSalePhnomPenh2020​បាន​សហការ​ជាមួយ​បណ្ណាល័យ​បញ្ញវន្ត​និង​បណ្ណាល័យ​កណ្តាល​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ធ្វើជា​ដៃគូ​សម្រាប់​កម្មវិធី​ទំនួល​ខុសត្រូវ​ចំពោះ​សង្គម​(CSR)​របស់ខ្លួន​។​ដែលមាន​ឈ្មោះថា​RedReaderhood​ដើម្បី​បរិច្ចាគ​សៀវភៅ​ឱ្យទៅ​អ្នក​ដែល​ខ្វះខាត​។​

​អ្នកចូលរួម​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​បរិច្ចាគ​សៀវភៅ​នៅ​បញ្ជរ​RedReaderhood​ដែលមាន​ទីតាំង​បន្ទាប់ពី​បញ្ជរ​គិតលុយ​នៅក្នុង​សាល​ពិព័រណ៍​។​សម្រាប់​គំនិត​ផ្តួចផ្តើម​នៅក្នុង​កម្មវិធី​RedReaderhood​នេះ​ពិព័រណ៍​សៀវភៅ​BigBadWolfBookSale​សន្យាថា​នឹង​បរិច្ចាគ​សៀវភៅ​ចំនួន​៥០០​ក្បាល​ពីលើ​ការបរិច្ចាគ​ដែល​ប្រមូលបាន​នៅក្នុង​កម្មវិធី​ពិព័រណ៍​៕S/

​ចំណងជើង​រូបថត​៖​ពិព័រណ៍​សៀវភៅ Big Bad Wolf បាន​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង ៩ ព្រឹក រហូតដល់​ម៉ោង ១២​អធ្រាត្រ ចាប់ពី​ថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០​ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​នៅ​ផ្សារ​បុរី​រុងរឿង ដែល​ស្ថិតនៅក្នុង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​(​រូបៈ​សុផល​)