ពួកបេក្ខជនប្រជែងតំណែងប្រធានាធិបតីនៃកោះតៃវ៉ាន់កំពុងនាំគ្នាយកចិត្តយុវជនរាប់លាននាក់នៅមុនការបោះឆ្នោតនៅចុងសប្តាហ៍នេះ ព្រោះដឹងថាសន្លឹកឆ្នោតរបស់ពួកគេអាចរុញឱ្យពួកគេទៅរកជ័យជម្នះ។
ទាំងប្រធានាធិបតី សៃ អ៊ីងវិន ដែលកំពុងស្វែងរកអាណត្តិទីពីរនិងគូប្រជែងឈ្មោះ ហាន គូយូ (Han Kuoyu) បានប្រើប្រាស់បណ្តាញសង្គមនិងទូរទស្សន៍ដើម្បីអំពាវនាវយ៉ាងពេញទំហឹងសុំការគាំទ្រពីយុវជន ខណៈពួកគេដាក់ចេញទស្សនវិស័យប្រជែងគ្នាសម្រាប់អនាគតកោះមួយនេះ។
យោងតាមទិន្នន័យផ្លូវការ ក្នុងចំណោមប្រជាជនតៃវ៉ាន់ចំនួន ១៩,៣ លាននាក់ដែលមានសិទ្ធិបោះឆ្នោតនៅថ្ងៃសៅរ៍ខាងមុខនេះ គឺមាន ៣,១ លាននាក់អាយុក្រោម ៣០ ឆ្នាំ និង ១,៨១ លាននាក់ជាអ្នកបោះឆ្នោតលើកដំបូង។
លោកស្រីសៃ ដែលជាអ្នកនាំមុខគេនៅក្នុងការបោះឆ្នោតស្ទង់មតិ បានបង្ហាញនូវប្រៀបឈ្នះយ៉ាងងាយស្រួលបំផុតលើក្រុមយុវជន ដែលមានទំនោរងាកទៅរកភាពរីកចម្រើនបន្ថែមទៀតលើបញ្ហាសង្គមនិងការដាក់មន្ទិលសង្ស័យទៅលើចិន។
ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលរង់ចាំតែថ្ងៃបង្រួបបង្រួមជាមួយចិនដីគោកឡើងវិញ ដោយប្រើកម្លាំង ប្រសិនបើចាំបាច់។
ក្នុងចំណាត់ការមួយដែលបង្កការបែកបាក់ក្នុងសង្គម គណបក្សប្រជាធិបតេយ្យឈានមុខរបស់លោកស្រីសៃ (DPP) បានធ្វើឱ្យស្របច្បាប់នូវអាពាហ៍ពិពាហ៍ភេទដូចគ្នាកាលពីឆ្នាំមុន គឺលើកដំបូងបង្អស់ហើយនៅអាស៊ី។
បក្សនេះក៏តាំងខ្លួនឯងជាអ្នកការពារតម្លៃប្រជាធិបតេយ្យប្រឆាំងនឹងរដ្ឋអំណាចផ្តាច់ការរបស់ចិនប៉េកាំងផងដែរ។
បញ្ហាទាំងពីរនេះគឺជាស្គរ ដែលបក្ស DPP គោះមិនចេះជិនណាយ ដើម្បីអន្ទងចិត្តយុវជន៕ ដោយ៖ កញ្ញាដាលីស