*** មានអត្តពលិកប្រមាណ ១.៣០០ នាក់ មកពី ៤៤ ប្រទេស ចូលរួម
ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ នៅតំបន់អង្គរលើកទី៥ ខេត្តសៀមរាប ឆ្នាំ២០២០ ឬ ព្រឹត្តិការណ៍ Angkor Ultra Trail 2020 លើកទី៥ ដែលជាព្រឹត្តិការណ៍កីឡា បែបទេសចរណ៍ រត់ផ្សងព្រេងចម្ងាយឆ្ងាយ ១២៨ គីឡូម៉ែត្រ នៅតំបន់អង្គរ នឹងចាប់ផ្ដើម នៅថ្ងៃទី ១៨-១៩ ខែមករា ខាងមុខនេះ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានឲ្យដឹង ក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៩ មករានេះថា ព្រឹត្តិការណ៍នេះ មានកីឡាករ-កីឡាការិនី ចូលរួមរត់ ប្រមាណ ១.២០០ នាក់ ទៅ ១.៣០០ នាក់ ក្នុងនោះ មានបរទេសជាង ៧០០ នាក់ មកពី ៤៤ ប្រទេស លើពិភពលោក។ ក្នុងនោះ បារាំងច្រើនជាងគេ បន្ទាប់មកអង់គ្លេស និងកូរ៉េ។ លោកបានកត់សម្គាល់ឃើញថា នៅក្នុងការរត់ចម្ងាយ ឆ្នាំនេះ កីឡាករកម្ពុជា ចូលរួមច្រើនជាងឆ្នាំមុនៗ ហើយមានខ្មែរ ៣ នាក់ ដែលចូលរួមរត់ចម្ងាយឆ្ងាយ ១២៨ គីឡូម៉ែត្រនេះ ដែលនាំឲ្យចំនួន អ្នកចូលរួម កើនប្រមាណ ១០% គឺប្រមាណ ១.២០០ នាក់ ទៅ ១.៣០០ នាក់ ។
ព្រឹត្តិការណ៍រៀបចំឡើង ក្រោមកិច្ចសហការ រវាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyage នេះ ចាប់ផ្ដើមចេញដំណើររត់ ពីមុខទីលាន ប្រជល់ដំរី នៅម៉ោង ៤ ភ្លឺ ថ្ងៃទី១៨ មករា សម្រាប់វិញ្ញាសារត់ចម្ងាយ ១២៨ គីឡូម៉ែត្រ ហើយគ្រោង នឹងបញ្ចប់ នៅថ្ងៃទី ១៩ ខែមករា កីឡាករ -កីឡាការិនីម្នាក់ៗ អាចចំណាយពេលវេលា ប្រមាណ ២៤ ម៉ោង ដើម្បីរត់កាត់វាលស្រែ ផ្លូវលំ ផ្លូវព្រៃជុំវិញតំបន់អង្គរ ដោយគ្មានការឈប់សម្រាកឡើយ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា ចំពោះការរត់ចម្ងាយឆ្ងាយ លើកទី៥ លើទឹកដីអង្គរនេះ គឺមានកំណើនអ្នកចូលរួម ច្រើនរហូតដល់ទៅជាង ១.៣០០ នាក់ ពោលគឺច្រើនជាង កាលពីឆ្នាំ២០១៩ ដែលមានអ្នកចូលរួមត្រឹម ១.០០០ នាក់ប៉ុណ្ណោះ ។ ប៉ុន្ដែបន្ថែមលើការចូលរួមរត់ អត្តពលិកម្នាក់ៗ ក៏មានគ្រួសារ សាច់ញាតិ និងមិត្តភ័ក្ត្រ អមដំណើរជាច្រើន រយនាក់ផងដែរ ដែលជួយជំរុញឲ្យមាន កំណើនទេសចរណ៍ និងរួមចំណែកលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិផងដែរ។
លោកបានបញ្ជាក់ថា «ការរៀបចំព្រឹត្តិការណ៍ កីឡាបែបទេសចរណ៍នេះដែរ គឺផ្ដោតលើគោលបំណងសំខាន់ៗជាច្រើន «គោលដៅទី១ គឺផ្សព្វផ្សាយឲ្យ បណ្ដាប្រទេស លើពិភពលោក ពិសេសភ្ញៀវទេសចរ ជាង ៤៤ ប្រទេស ចូលរួម បានដឹងពីស្ថេរភាព សន្ដិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្សព្វផ្សាយ និងចូលរួមថែរក្សា គោលដៅទេសចរណ៍ ប្រវត្ដិសាស្ដ្ររបស់កម្ពុជា គឺតំបន់អង្គរ ខេត្តសៀមរាប។ ទី២ គឺការរួមចំណែក ស្វែងរកមូលនិធិ សម្រាប់ជួយដល់ការងារ មនុស្សធម៌តាមអង្គការ និងមន្ទីរពេទ្យមួយចំនួន និងទី៣ គឺការទាក់ទាញភ្ញៀវទេសចរ កាន់តែច្រើនផងដែរ»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំ២០២០ គឺបែងចែកជា ៥ វិញ្ញាសា សម្រាប់រត់ដូចឆ្នាំកន្លងទៅដែរ រួមមាន វិញ្ញសារត់ចម្ងាយ ១២៨ គីឡូម៉ែត្រ, រត់ចម្ងាយ ៦៤ គីឡូម៉ែត្រ, រត់ចម្ងាយ ៤២ គីឡូម៉ែត្រ ៣២ គីឡូម៉ែត្រ និង រត់ចម្ងាយ ១៦ គីឡូម៉ែត្រ ដែលត្រូវចេញដំណើរ ជាបន្ដបន្ទាប់។ ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើន បានអំពាវនាវដល់ ប្រជាពលរដ្ឋខ្មែរ នៅតំបន់អង្គរ ចូលរួមអបអរសាទរ ការរត់របស់កីឡាករ- កីឡាការិនីជាតិ និងអន្ដរជាតិ ដើម្បីជំរុញព្រឹត្តិការណ៍មួយនេះ ឲ្យកាន់តែទទួលបាន ជោគជ័យទៀតផង ៕v