​ដោយៈ មេសា​/​ភ្នំពេញៈ នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០២០ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា បាន​ជួបពិភាក្សា​ការងារ​ជាមួយ លោកស្រី សាស្ត្រាចារ្យ បណ្ឌិត វី​ដា វណ្ណ​ច័ន្ទ សាស្ត្រាចារ្យ​រង នៃ សកល​វិទ្យាល័យ​ញ៉ូ​វ​យ៉​ក សហរដ្ឋអាមេរិក និង សាកលវិទ្យាល័យ Cornell និង​ប្រតិភូ​និស្សិត​ជាច្រើនរូប​ទៀត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ ៤ ចំណុច​ក្នុង​វិស័យ​សង្គមកិច្ច​រួមមាន​៖


១. ការងារ​កិច្ច​គាំពារ​កុមារ ផ្តោតលើ ច្បាប់​យុត្តិធម៌​អនីតិជន អនុសញ្ញា​ស្តីពី​សិទ្ធិ​កុមារ អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ គោលនយោបាយ​ថែទាំ​ជំនួស​ចំពោះ​កុមារ​របប​គោលនយោបាយ​ឧបត្ថម្ភ​កុមារ​រស់នៅក្នុង​មជ្ឈមណ្ឌល​។


២. ការងារ​កិច្ច​គាំពារ​យុវជន សំដៅលើ​ការគ្រប់គ្រង មជ្ឈមណ្ឌល​ជាតិ​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន​ដែលមាន​ទីតាំង ៨ កន្លែង​កំពុង​ជួយ​ដល់​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន និង​ថ្មីៗ​នេះ​បាន​សាងសង់​រួចរាល់​មជ្ឈមណ្ឌល​នៅ​កែវផុស​មួយទៀត​។ គិត​ត្រឹម​ខែកញ្ញា ឆ្នាំ​២០១៩ មាន​ជនរងគ្រោះ កំពុង​ទទួល​សេវា​ស្តារនីតិសម្បទា​ចំនួន​ប្រមាណ ៣.៤២៤​នាក់ (​ស្រី ១៥១ នាក់ )​។


៣. ការងារ​កិច្ច​គាំពារ​មនុស្ស​ចាស់ ផ្តោតទៅលើ គោលនយោបាយ​ជាតិ​ស្តីពី​មនុស្ស​វ័យចាស់​២០១៧-២០៣០ បង្កើត​សមាគម​មនុស្ស​តាម​បណ្តា​ឃុំ​-​សង្កាត់​។


៤. ការងារ​កិច្ច​គាំពារ​ប្រជាជន​ក្រីក្រ ដោយ​ពិភាក្សា​ពី​ការផ្តល់​ជំនួយ​សង្គ្រោះបន្ទាន់ និង​សម្ភារ​ផ្សេងៗ ដល់​ប្រជាជន​រងគ្រោះ និង​ងាយ​រងគ្រោះ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ​២​ឆ្នាំ ក្នុង​គ្រួសារ​ក្រីក្រ​។


​លោក វង សូត បាន​បញ្ជាក់ថា កើតចេញពី​បាតដៃ​ទទេ ក្រោយ​ថ្ងៃ​៧​មករា ធ្វើ​ឲ្យ​ប្រទេសជាតិ​កែប្រែ​មុខមាត់​ថ្មី​ជា​បន្តបន្ទាប់ ប្រទេស​មាន​សុខ សន្តិភាព ស្ថិរភាព​សង្គម សន្តិសុខ​ស្បៀង និង​កំណើន សេដ្ឋកិច្ច ជា​មធ្យម ៧​ភាគរយ​ក្នុង​មួយឆ្នាំៗ ដែល​ធ្វើ​ឲ្យ ការ​វិវឌ្ឍន៍​រីកចម្រើន​ប្រែ​មុខមាត់​ថ្មី​ជា​បណ្តើរ សាក​សមជា ប្រទេស​មាន​ឯករាជភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួម​ជាតិ និង​បូរណភាព​ទឹកដី​ទាំង​នៅក្នុង​តំបន់ និង​លើ​ឆាក​អន្តជាតិ ។​


​ទិវា​ជ័យជំនះ ៧ មករា គឺ​ដើម្បី រំលឹក​ដល់​ថ្ងៃ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រំដោះ ប្រទេសជាតិ​ឲ្យ​រួចផុត​ពីរ​បប​ប្រល័យពូជសាសន៍ ហើយ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​គឺជា សក្ខីភាព​មួយ បង្ហាញ​អំពី​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត ចំពោះ​កម្មាភិបាល និង​ប្រជាជន ដែល​បាន​តស៊ូ​ពុះពារ​ធ្វើ​ពលិកម្ម​ប្រកបដោយ​វីរភាព​ដ៏​អង់អាច​ក្លាហាន​ដើម្បី​ឯករាជ្យ សន្តិភាព សេរីភាព អធិប តេ​យ្យ​ភាព បូរណភាព​ទឹកដី និង​វឌ្ឍនភាព​នៃ​មាតុភូមិ​កម្ពុជា ៕ Kh

ជំនួប​ពិភាក្សា​រវាង​លោក រដ្ឋមន្ត្រី វង សូត និង តំណាង​សកល​វិទ្យាល័យ​ចំនួន នៅ​សហរដ្ឋអាមេរិក ( រូបៈ ភឿន ភ័​ណ្ឌ )