ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ លើសង្វៀនខារ៉ាបាវរបស់ អាស៊ីអាគ្នេយ៍ នារសៀលថ្ងៃទី១១ មករា ខាងមុខនេះ អ្នកប្រដាល់កម្ពុជា សូត្រ ខេវិន ក្លិបបក្សីស្លាបដែក ត្រូវជួបតស៊ូជាមួយ អ្នកប្រដាល់ថៃ កង កុងវ៉ាន (Kang kongwan) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ។
ខេវិន មួយរយៈនេះ ការប្រកួតរបស់គេ បង្ហាញនូវភាពរីកចម្រើនច្រើន តែគេវ៉ៃមិនសូវជាមាន ភាពវាងវៃនោះទេ ។ ពេលខ្លះ គេវ៉ៃកញ្ជ្រោក តាមការពន្យុះ របស់អ្នកទស្សនា ហើយលទ្ធផលចុងក្រោយ គេជួបបរាជ័យ ។ តែពេលខ្លះ គេវ៉ៃបានល្អ និងផ្ដួលគូប្រកួត បានមុនទឹកទី៥ ក៏មានដែរ ។
ចំពោះអ្នកប្រដាល់ថៃ កង កុងវ៉ាន វិញ នេះជាលើកដំបូងហើយ ដែលគេឆ្លងដែន មកប្រកួតនៅស្រុកខ្មែរ។ តាមការឲ្យដឹងពីលោកថៃ អ៊ូ ដែលជាមន្ត្រីដឹកនាំ អ្នកប្រដាល់បរទេស មកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះថា អ្នកប្រដាល់ថៃរូបនេះ មិនសូវជាខ្លាំងណាស់ណាទេ គេមានសមត្ថភាព ប្រហាក់ប្រ
ហែល ជាមួយខេវិនដែរ ។
អ្នកប្រដាល់ថៃរូបនេះ មានប្រវត្តិប្រកួត ចំនួន៥៥ដង ឈ្នះ៤៩ដង និង ចាញ់ចំនួន៦ដង ។ ចំពោះ សូត្រ ខេវិន វិញ គេមានប្រវត្តិប្រកួត ចំនួន៦៧ដង ឈ្នះ៥០ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ ខេវិន ជាអ្នកប្រដាល់ ដែលល្អកែង និងជង្គង់ តែនៅពេលប្រកួត គេតែងតែបង្ហាញពីឆន្ទៈ ដើម្បីផ្ដួលគូប្រកួត ឲ្យបានរហ័ស ។ ចំពោះកង កុងវ៉ាន វិញ មិនទាន់ដឹងថា របៀបវ៉ៃរបស់គេ យ៉ាងណានោះឡើយ ។ ចាំមើលជំនួបមួយនេះ នរណាឈ្នះ នរណាចាញ់ ?។
រិន សារដ្ឋ ក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹក ប្រកួតជាមួយអ្នកប្រដាល់ថៃ ឆៃ ស៊ីង (Chai Sing) ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៣,៥០ គីឡូក្រាម។
នេះជាលើកដំបូងហើយ ដែលអ្នកប្រដាល់ថៃរូបនេះ ឆ្លងដែនមកប្រកួតនៅស្រុកខ្មែរ។ មិនមាននរណាដឹងថា គេខ្លាំងឬខ្សោយនោះទេ ចំពោះអ្នកប្រដាល់កម្ពុជា សារដ្ឋ វិញ អាចនិយាយបានថា ជួនក៏ជាអ្នកខ្លាំង តែអ្នកប្រដាល់រូបនេះ វ៉ៃហាក់ដូចជាផ្សង លើសំណាងច្រើនជាង ។
សារដ្ឋ មានប្រវត្តិប្រកួត ចំនួន៦៧ដង ឈ្នះ៥៩ដង ចាញ់១៤ដង និងស្មើពិន្ទុ៣ដង ។ ចំពោះ ឆៃ ស៊ីង វិញ គេមានប្រវត្តិប្រកួត ចំនួន៥៨ដង ឈ្នះ៥០ដង និងចាញ់៨ដង ។ នរណាឈ្នះ ក្នុងការប្រកួតនេះ?។
ជំនួបរវាងអ្នកប្រដាល់ រួមជាតិវិញនោះ បឺត ចិត្រា ក្លិបរ៉ាហាប់ស្វាយប៉ាក ប្រកួតជាមួយ ព្រំ វី ក្លិបបូរីរាជសីហ៍មានរិទ្ធ ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ។ សយ សុខ ក្លិបពន្លឺវិបុលប្រកួត ជាមួយ ម៉ន រិទ្ធី ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ដោយប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៥៤ គីឡូក្រាម ។
ខ្លាចាស់ ហ៊ា ចាន់ថន ក្លិបគីសែមានរិទ្ធ ប្រកួតជាមួយខ្លាចាស់ លួន សុខខេង ក្លិបពុទ្ធសេរីវង្ស ។ ពួកគេប្រកួតគ្នា ក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ៕v