ដោយៈមជ្ឈមណ្ឌលឯកសារកម្ពុជា/ឧត្តរមានជ័យៈសិក្ខាសាលានេះត្រូវបានរៀបចំឡើងរយៈពេលពីរថ្ងៃ គឺពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារស្រងាំរីសត លើខ្នងភ្នំដងរែក ជាប់ព្រំប្រទល់ដែនខែ្មរ-ថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានការសហការរៀបចំដោយ ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ រដ្ឋបាលស្រុកអន្លង់វែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា។ មានមន្ត្រី និងកងទ័ពប្រមាណ២៨០ បានចូលរួមសិក្ខាសាលានេះ។
សិក្ខាសាលាផ្តោតលើប្រធានបទៈការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានៅស្រុកអន្លង់វែង។តើអន្លង់វែងមានចំណុចពិសេសអ្វីខ្លះចំពោះពិភពលោក? ធ្វើបទបង្ហាញដោយ បណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង។
អន្លង់វែង មានចំណុចពិសេសចំពោះពិភពលោកយ៉ាងហោចណាស់ចំនួន១៣ ដូចតទៅនេះ៖
១. ប្រវត្តិសាស្ត្រពីបរមបុរាណ: អន្លង់វែង ស្ថិតនៅក្នុងរយៈចម្ងាយកៀកទៅនឹងប្រាសាទ និងតំបន់ប្រវត្តិ សាស្ត្របុរាណដ៏ស្រស់ស្អាតជាច្រើនដោយសារមូលហេតុនេះអន្លង់វែងគឺជាទីតាំងពិសេសមួយសម្រាប់សិក្សាអំពីប្រវត្តិសាស្ត្រនាពេលថ្មីៗរបស់ប្រទេសកម្ពុជា នៅតាមបណ្តាបរិវេណខេត្តសៀមរាប។
២.ប្រវត្តិសាស្ត្រនយោបាយ:អន្លង់វែងគឺជាទីតាំងនៃចលនាតស៊ូចុងក្រោយរបស់ខ្មែរក្រហមនៅមុនពេលធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជាហេតុនេះហើយអន្លង់វែងគឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់នៃគោលនយោបាយឈ្នះ-ឈ្នះនៅក្នុងការតស៊ូអស់រយៈពេលយ៉ាងយូររបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបានសន្តិភាបពផ្នែកយោធានិងនយោបាយ។
៣.ប្រវត្តិសាស្ត្រជាតិ:អន្លង់វែងពោរពេញទៅដោយសំណល់ប្រវត្តិសាស្ត្របន្សល់ទុកពីរយៈកាលប៉ុន្មានថ្ងៃចុងក្រោយបង្អស់នៃរបប ប៉ុល ពត ក៏ដូចជាការបំផ្លិចបំផ្លាញនានាបង្កឡើងដោយរបបខ្មែរក្រហម។
៤. ប្រវត្តិសាស្ត្រពិភពលោក: អន្លង់វែង ពោរពេញទៅដោយសំណល់នៃសង្គ្រាម ទីតាំងសមរភូមិ និងតំបន់នានាដែលបង្ហាញអំពីប្រវត្តិសាស្ត្រកើតមានឡើង នាសហសម័យ និងអតីតកាលដ៏យូរលង់មកហើយ។
៥. ប្រវត្តិសាស្ត្រយោធា:នៅលើផ្ទៃដីចម្ងាយ៦៣គីឡូម៉ែត្រ ដោយរាប់ចាប់តាំងពី អន្លង់វែង ដល់ អូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ ស័ក្តិសមនឹងត្រូវប្រកាសជាភូមិសាស្ត្រមួយសម្រាប់ «ការអភិរក្សតំបន់ប្រវត្តិសាស្ត្រយោធាជាផ្លូវការ» ដែលផ្តើមចេញពីទស្សនវិស័យរួមគ្នា របស់អតីតសមាជិកខ្មែរក្រហម និងកងទ័ពកម្ពុជា។ ភូមិសាស្ត្រនេះ នឹងរាប់បញ្ចូលទាំងអតីតជំរំជនភៀសខ្លួននៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០សម្រាប់ការចងចាំនិងការរំឭកដល់ជ័យជម្នះរបស់បក្សកុម្មុយនីស្តកម្ពុជានិងប្រជាជនកម្ពុជា ដែលបាននាំមកនូវ សុខសន្តិភាពក្រោយពីសង្គ្រាម អំពើប្រល័យពូជសាសន៍ និងអស្ថិរភាពសង្គមនយោបាយអស់ជាច្រើនទសវត្សរ៍កន្លងមក។ ដោយមានការយកចិត្តទុកដាក់និងការជំរុញរបស់រាជរដ្ឋាភិបាលកម្ពុជាទីតាំងនៃអតីតជំរំតាទុំអាចជាទីក្រុងថ្មីមួយរបស់ស្រុកអន្លង់វែង ឬតំណាងឲ្យតំបន់ប្រវត្តិសាស្ត្រយោធា។ ជំរំតាទុំ ស្ថិតនៅច្រាក់ភ្នំដែលអាចមើលឃើញភូមិសាស្ត្រដ៏ល្វឹងល្វើយ ដែលខ្មែរក្រហមធ្លាប់បានដាក់មីន និងបង្កើតទីតាំងប្រយុទ្ធជាច្រើន។ ជំរំតាទុំនេះបាននិងកំពុងក្លាយជាទីតាំងប្រវត្តិសាស្ត្រយោធា ប្រកបដោយសក្តានុពលសម្រាប់ការអភិរក្ស។ នៅក្នុងស្រុកអន្លង់វែង មជ្ឈមណ្ឌលឯកសារកម្ពុជាអាចបង្កើតជាសារមន្ទីរតូចមួយ ដែលមានបីបន្ទប់ដើម្បីអប់រំនិងអាចទាក់ទាញភ្ញៀវទេសចរ។ បន្ទប់ទីមួយរៀបចំនិងដាក់តាំងបង្ហាញអំពីប្រវត្តិសាស្ត្រនៃចលនាតស៊ូរបស់ខ្មែរក្រហមចាប់តាំងពីឆ្នាំ១៩៦៥ ដល់ឆ្នាំ១៩៧៩ និងចាប់តាំងពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩៩។បន្ទប់ទីពីររៀបចំនិងដាក់តាំងបង្ហាញអំពីប្រវត្តិសាស្ត្ររបស់កងទ័ពកម្ពុជាសម័យទំនើប ចាប់តាំងពីឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៨៩ និងពីឆ្នាំ១៩៨៩ដល់ឆ្នាំ១៩៩៩។ បន្ទប់ទីបី ផ្តោតលើការផ្សះផ្សារវាងកងយោធាទាំងពីរ ដោយផ្តោតសំខាន់លើគោលនយោបាយឈ្នះ-ឈ្នះ។បន្ទប់ចុងក្រោយនេះក៏នឹងផ្តល់ជាទីតាំងសម្រាប់ឆ្លុះបញ្ចាំងអំពីយុទ្ធសាស្ត្រឈ្នះ-ឈ្នះ និងកម្មវត្ថុស្នូលទាំងប្រាំនៃគោលនយោបាយ រួមមាន “បែងចែក, ផ្តាច់ខ្លួន, បញ្ចប់, ដាក់បញ្ចូល និងអភិវឌ្ឍ” ក៏ដូចជា ការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលឆ្លុះបញ្ចាំងអំពី “ដំណើរការប្រតិបត្តិការ” យុទ្ធសាស្ត្រថ្នាក់ជាតិនេះ។ សមិទ្ធផលបែបនេះអាចអនុវត្តបានតាមបីដំណាក់កាល។ដំណាក់កាលទី១:ការអភិរក្សភូមិសាស្ត្រទាំងឡាយនៅក្នុងស្រុកអន្លង់វែង។ដំណាក់កាលទី២. ការអភិរក្សតំបន់ទាំងឡាយនៅខាងក្រៅស្រុកអន្លង់វែង។មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងជ្រើសរើសតំបន់និងរចនាសម្ព័ន្ធនានាសម្រាប់ការអភិរក្សនៅខាងក្រៅស្រុកអន្លង់វែង ដោយរួមសហការគ្នាជាមួយសហគមន៍មូលដ្ឋាននិងបណ្តាបញ្ញវន្ត ព្រមទាំងស្នើសុំការអនុម័តចុងក្រោយពីរាជរដ្ឋាភិបាលកម្ពុជា។
ដំណាក់កាលទី៣៖ ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារតំបន់អន្លង់វែងឡើងវិញ។ការអភិវឌ្ឍសេដ្ឋកិច្ច និងការស្តារតំបន់នេះឡើងវិញ អាចបង្កើតឲ្យមានការអភិរក្សបែបប្រវត្តិសាស្ត្រនិងបន្តភាពឋិតថេរចីរកាលតទៅមុខ។ កិច្ចពិភាក្សានានាស្តីអំពីការបង្កើតជាតំបន់ដើម្បីលើកទឹកចិត្តដល់ការវិនិយោគលើផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ និងការស្តារតំបន់ឡើងវិញ នឹងប្រព្រឹត្តទៅនៅក្នុងដំណាក់កាលទីបីនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សនេះ។
៦.តម្លៃវប្បធម៌ជាតិៈអន្លង់វែងគឺជាចំណុចប្រមូលផ្តុំនៃអតីតយុទ្ធជនខ្មែរក្រហមដែលជំរុញឲ្យមានការច្របាច់បញ្ចូលគ្នាជាមួយនឹងមនុស្សជំនាន់ក្រោយ តាមរយៈការផ្តល់នូវការប្រៀបធៀប រវាងប្រទេសកម្ពុជាក្នុងសម័យកាលចាស់ និងសម័យកាលថ្មី។
៧. ទេសចរណ៍ដោយថ្មើរជើង ទេសចរណ៍តាមទោចក្រយាន និងទេសចរណ៍តាមរ៉ឺម៉កកង់បីៈ ដោយសារតែមានផ្លូវភ្ជាប់ជាច្រើនខ្វាត់ខ្វែងក្រាលលាតសន្ធឹងរហូតទៅដល់បន្ទាត់ព្រំដែន ក៏ដូចជាទៅកាន់ទីតាំងនិងតំបន់ប្រវត្តិសាស្ត្រនានា តំបន់អន្លង់វែង គឺជាទីកន្លែងទេសចរណ៍ដ៏វិសេសវិសាលមួយ ដែលអាចទាក់ទាញក្រុមទេសចរបែបផ្សងព្រេង និងក្រុមយុវជនដទៃទៀត ឲ្យសង្កេតឃើញអំពីទិដ្ឋភាពជាក់ស្តែងនានារបស់ប្រទេសកម្ពុជា ដោយកត្តានេះត្រូវបានលុបបំបាត់ចេញពីតំបន់ប្រវត្តិសាស្ត្រពិសេសៗ ដទៃទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
៨. ឱកាសក្នុងការវិនិយោគៈលាតសន្ធឹងរវាងព្រំដែននៃប្រទេសដែលមានសេដ្ឋកិច្ចរីកដុះដាលចំនួនពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, អន្លង់វែង បង្កើតជាឱកាសដ៏ប្រសើរសម្រាប់ការវិនិយោគនៅក្នុងវិស័យទេសចរណ៍ ជំនួញផ្នែករូបិយវត្ថុនៃប្រទេសទាំងពីរ និងការវិនិយោគនៅក្នុងវិស័យកម្សាន្តផ្សេងៗទៀត។
៩. តំបន់បេតិកភណ្ឌពិភពលោក – ភ្នំដងរែក – អច្ឆរិយបរិស្ថានៈ ស្ថិតនៅក្នុងរយៈចម្ងាយយ៉ាងកៀកបង្កើយ ដោយចំណាយថេរវេលាធ្វើដំណើរដោយរថយន្តប្រមាណជាង៣០នាទី អន្លង់វែងគឺជាលំនៅនៃអច្ឆរិយបរិស្ថានដ៏សម្បូរបែប ដែលរួមមានពយនៃជម្រាលភ្នំស្ថិតនៅកៀកនឹងព្រំដែនដែលអាចមើលឃើញប្រទេសថៃ ទឹកធ្លាក់ ព្រៃព្រឹក្សា និងផ្លូវជម្រាលនានា។
១០. ការសន្ទនាតទល់គ្នារវាងអតីតយុទ្ធជនខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមៈ ដោយមានការជួយសម្របសម្រួលពីមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍ ភ្ញៀវទេសចរបរទេសនិងខ្មែរទូទៅ ទទួលបានឱកាសពី១៥ទៅ៣០នាទី ក្នុងការស្តាប់ការនិទានរឿងរ៉ាវ និងធ្វើការសួរសំណួរចម្លើយទៅកាន់អតីតយុទ្ធជន ឬកងទ័ពផ្តាច់ខ្លួនខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម។ សកម្មភាពនេះ មិនត្រឹមតែជាការនិទានរៀបរាប់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសកម្មភាពនេះអាចបង្កើតចំណូលដល់អតីតយុទ្ធជនខ្មែរក្រហម ឬអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវ័យចំណាស់ ឬមានកម្រិតចំណូលទាបថែមទៀតផង។
១១. ការនាំផ្លូវទេសចរទៅកាន់តំបន់ប្រវត្តិសាស្ត្រនានា ដោយអតីតយុទ្ធជនខ្មែរក្រហម និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមៈ ដោយមានការជួយសម្របសម្រួលពីមជ្ឈមណ្ឌលឯកសារកម្ពុជា សហការជាមួយនឹងក្រសួងទេសចរណ៍ ភ្ញៀវទេសចរបរទេសនិងខ្មែរទូទៅ នឹងអាចធ្វើទស្សនកិច្ចរយៈពេលពី១ម៉ោងទៅ៣ម៉ោង ទៅកាន់ទីតាំងប្រវត្តិសាស្ត្រនានាដោយមានមគ្គុទ្ទេសក៍ទទួលបានការបណ្តុះបណ្តាលពីក្រសួងទេសចរណ៍និងមជ្ឈមណ្ឌលឯកសារកម្ពុជា ជាអ្នកនាំផ្លូវ។ សកម្មភាពនេះ មិនត្រឹមតែជាការនិទានរៀបរាប់អំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ក៏ប៉ុន្តែសកម្មភាពនេះអាចបង្កើតចំណូល ដល់អតីតយុទ្ធជនខ្មែរក្រហម ឬអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលមានវ័យចំណាស់ ឬមានកម្រិតចំណូលទាបថែមទៀតផង។
១២. មេរៀនពិសេសដែលកម្ររកបានស្តីអំពី សន្តិភាព ផ្តល់ជូនទស្សនិកជនមកពីតំបន់ប្រជាជាតិអាស៊ាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបៈ អន្លង់វែង តំណាងឲ្យករណីសិក្សាដ៏កម្រមួយ ដែលបង្ហាញថាតើកត្តាជំរុញទឹកចិត្តដ៏ត្រឹមត្រូវ លើផ្នែកសេដ្ឋកិច្ច សង្គម និងនយោបាយ ក៏ដូចជាកត្តាបង្អាក់ទឹកចិត្ត ក្នុងការជ្រោមជ្រែងឲ្យមានបទឈប់បាញ់ ការទម្លាក់អាវុធ និងសមាហរណកម្មសាជាថ្មី ព្រមទាំងការចូលរួមផ្នែកស៊ីវិល នៅក្នុងប្រទេសនានា ត្រូវបានញ៉ាំញីយ៉ាងដូចមេ្តចខ្លះដោយជម្លោះផ្ទៃក្នុង។
១៣.ការអភិរក្សនិងការបង្ហាញទីតាំងបូជាសព ប៉ុល ពត ទៅកាន់ពិភពលោកៈ ផ្អែកលើទស្សនៈនិងអនុសាសន៍ទាំងឡាយ ពីអ្នកជំនាញគូសប្លង់លំដាប់ពិភពលោក មជ្ឈមណ្ឌលឯកសារកម្ពុជាអាចសម្របសម្រួលឲ្យមានការអភិវឌ្ឍ ឬការស្តារទីតាំងបូជាសពឡើងវិញ អនុលោមទៅតាមនៃសារាចរណែនាំលេខ១៣សរណរ របស់រាជរដ្ឋាកម្ពុជា ស្តីពី “ការថែរក្សា រៀបចំទុកដាក់អដ្ឋិធាតុប្រជាជនរងគ្រោះដោយអំពើប្រល័យពូជសាសន៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៨) និងការរៀបចំតំបន់អន្លង់វែងឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ”។ តាមរយៈការពិភាក្សាជាមួយនឹងអ្នកជំនាញគូសប្លង់រូបនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងសាងសង់សំណង់នៅជុំវិញទីតាំងផ្នូរ ដែលដំបូលមានសណ្ឋាន ដូចជាធាងត្នោត។ ទស្សនាទានធាងត្នោត បង្កប់នូវអត្ថន័យច្រើនយ៉ាង។ យោងតាមប្រវត្តិសាស្ត្រ ខ្មែរក្រហមបានប្រើប្រាស់ធាងត្នោតដើម្បី អារ ក ជនរងគ្រោះស្លូតត្រង់។ ការប្រើប្រាស់ធាងត្នោត អាចធ្វើឲ្យមានការចងចាំអំពីការសម្លាប់យ៉ាងឃោរឃៅទៅលើប្រជាជនកម្ពុជាដែលធ្លាប់រស់នៅឆ្លងកាត់របប ប៉ុល ពត។ បន្ថែមលើសពីនេះទៅទៀត បើផ្អែកលើទិដ្ឋភាពវប្បធម៌វិញ សពដែលមិនទទួលបានការគោរព តែងតែត្រូវបានគ្របដោយធាងត្នោត ដោយសារតែមូលហេតុនេះ ជំនួសមុខឲ្យប្រទេសកម្ពុជាទាំងមូល ការប្រើប្រាស់ធាងត្នោតនៅលើទីតាំងនេះ គឺជាការបង្ហាញពីភាពអាម៉ាស់មួយ។ គោលបំណងនៃការស្តារទីតាំងនេះឡើងវិញ គឺដើម្បីធានាឲ្យប្រាកដថា ឈ្មោះរបស់ ប៉ុល ពត នៅតែមានពាក់ព័ន្ធជារៀងរហូតជាមួយនឹង «របបវាលពិឃាដ» នៅក្នុងប្រទេសកម្ពុជា៕សរន