​បណ្តា​សម្ពន្ធមិត្ត​អាម៉េរិក​នៅ​ឈូង​សមុទ្រ បាន​ជំរុញ​អោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រកាន់​យក​គោលនយោបាយ​និយម​សង្គ្រាម​ដើម្បី​ដាក់​សម្ពាធ ធ្វើអោយ​​ឯកោ​និង​កំទេច​អ៊ីរ៉ង់ តែ​យុទ្ធសាស្ត្រ​ប្រថុយ​ខ្លាំង​នេះ​ឥឡូវ​កំពុង​ត្រូវបាន​សាកល្បង​ដោយ​ការវាយប្រហារ​របស់​អាម៉េរិក​សម្លាប់​មេបញ្ជាការ​កំពូ​ល​ម្នាក់​របស់​អ៊ីរ៉ង់​​កាលពី​សប្តាហ៍​មុន ដែលនាំអោយ​អ៊ីរ៉ង់​វាយប្រហារ​ដោយ​កាំជ្រួច​សងសឹក​វិញ​។​

​អ៊ីស្រាអែល ក៏​ដូច​បណ្តា​រដ្ឋ​អារ៉ាប់​ឈូង​សមុទ្រ​រួមមាន​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉េត ពួកគេ​បាន​ខិតខំ​បញ្ជុះបញ្ចូល​ជាខ្លាំង​អោយ​អាម៉េរិកដា​ក់ទណ្ឌ​​កម្ម​ធ្ងន់ៗ​និង​ដាក់​សម្ពាធ​អតិបរមា​លើ​អ៊ីរ៉ង់ តែ​ក៏​ចង់​ជៀសវាង​សង្គ្រាម​ពេញធឹង​មួយ​ដែរ​។​

​ការវាយប្រហារ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​បាន​សម្លាប់​មេបញ្ជាការ​កងកម្លាំង​គូត ឧត្តមសេនីយ៍​កាសេម សូំ​ឡេ​ម៉ានី ទំនង​ជា​ធ្វើអោយ​បណ្តា​សម្ពន្ធមិត្ត​អា​ម៉េ​​រិក​នៅ​ឈូង​សមុទ្រ​មាន​ការភ្ញាក់ផ្អើល​ហើយ​កំពុង​សម្លឹង​រក​វិធី​ណា​ដើម្បី​ធានាថា ការបង្ក​រឿង​ធំ​ដោយ​ប្រធានាធិបតី​ដូណាល់ ត្រាំ​នេះ​នឹង​មិន​ទាញ​ពួកគេ​ចូល​ក្នុង​​ជម្លោះ​ទេ​។​

​អ៊ីរ៉ង់ ដែល​បាន​ធ្វើ​ពិធី​បុណ្យ​សព​កា​សេម សូ​ឡេ​ម៉ានី កាលពី​ថ្ងៃ​ពុធ​និង​ទាក់ទាញ​អ្នកចូលរួម​ប្រមាណ​១​លាន​នាក់ បាន​សងសឹក​វិញ​កាលពី​ថ្ងៃ​ពុធ​ទី​០៨​មករា ដោយ​បាញ់​កាំជ្រួច​ផ្លោង​ជាង​ដប់​ដើម​(​អ៊ីរ៉ង់​ថា​ជាង​៣០​ដើម​)​ដាក់​មូលដ្ឋាន​យោធា​អាម៉េរិក​២​នៅ​អ៊ីរ៉ាក់ តែ​នៅ​ទីបំផុត​លោក​ត្រាំ​បាន​និយាយ​ថា​អាម៉េរិក​នឹង​​មិន​សង​សឹក​ដោយ​យោធា​វិញ​ទេ ដោយសារតែ​«​អ៊ីរ៉ង់​ទំនង​ជា​ដកថយ​» តែ​លោក​ប្តេជ្ញា​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​។​

​នៅពេល​តំបន់​ទាំងមូល​កំពុង​ចោទ​ជា​សំណួរ​ថា​តើ​នឹង​មាន​អ្វី​កើតឡើង​នៅពេល​បន្ទាប់ ស្រាប់តែ​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉េត​អំពាវនាវ​អោយ​បន្ថូរ​​បន្ថយ​ភាព​តានតឹង​។​

​អា​រ៉ាប៊ីសាអូឌីត បាន​បញ្ជូន​អនុរដ្ឋមន្ត្រី​ការពារជាតិ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន និង​បាន​ជួបប្រជុំ​ជាមួយ​លោក​ត្រាំ​និង​ទីប្រឹក្សា​ជា​កូនប្រសារ​នៅឯ​សេត​វិមាន​។​​អា​រ៉ាប៊ីសាអូឌីត បានអោយដឹង​ថា​ខ្លួន​បាន​ពិភាក្សា​អំពី​វិធី​កាត់បន្ថយ​ភាព​តានតឹង​និង​បញ្ចៀស​ការ​ធ្វើ​អោយ​សភា​ការណ៍​កាន់តែ​អាក្រក់​ទៅ​នៅ​ក្នុង​តំបន់​ឈូង​​សមុទ្រ​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​កាតា​ក៏​បាន​ធ្វើដំណើរ​ទៅ​កាន់​ទី​ក្រុងតេអេ​រ៉ង់ និង​ក៏​បាន​ស្នើសុំ​បន្ថយ​ភាព​តានតឹង​។​

​ម៉ូ​ហា​មេ​ត អាល់​យ៉ាយ៉ា និពន្ធ​នាយក​សារព័ត៌មាន​Al-Arabiya English​បាន​និយាយថា​«​គ្មាន​នរណា​ចង់ឃើញ​ការផ្ទុះ​សង្គ្រាម ដោយសារ​កាលណា​កើតសង្គ្រាម​​នឹង​មិន​មាន​អ្នកឈ្នះ មានតែ​អ្នកចាញ់​បន្តបន្ទាប់​»​។​

​អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម​អេ​មី​រ៉េត​ជា​យូរ​មក​ហើយ​ចង់អោយ​អាម៉េរិក​រុញច្រាន​យុទ្ធនាការ​របស់​រដ្ឋាភិបាល​តេ​អេ​រ៉ង់​ក្នុង​ការពង្រីក​ឥទ្ធិពល​និង​អំណាច​របស់​​ខ្លួន​នៅ​ទូទាំង​តំបន់​នេះ ហើយ​សូ​ឡេ​ម៉ានី ជា​តួអង្គ​មួយ​ក្នុង​ការសំរេច​មហិច្ឆតា​របស់​អ៊ីរ៉ង់​។ ត្រូវបាន​ពួក​អ៊ីស្លាម​និកាយ​ស៊ុន​នី​ទូទាំង​តំបន់​ថា​ជា​បុគ្គល​គំរាម​កំ​​ហែង​មួយ តួនាទី​របស់​គាត់​ជា​មេបញ្ជាការ​កងកម្លាំង​គូត ធ្វើអោយ​គាត់​ទទួលបន្ទុក​មើល​ការខុសត្រូវ​លើ​ពួក​ជីវ​ពលនិកាយ​ស៊ី​អាយ នៅ​លី​បង់ អ៊ីរ៉ាក់ ស៊ី​រី​និង​​យេ​ម៉ែន នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ផលប្រយោជន៍​អារ៉ាប់​ឈូង​សមុទ្រ​។​

​នៅ​អ៊ីរ៉ង់ គាត់​ត្រូវបាន​ចាត់ទុកជា​វីរបុរស​ជាតិ​មួយ​រូប ដែល​ផ្គើន​នឹង​សម្ពាធ​អាម៉េរិក​។​

​ទោះជា​សូ​ឡេ​ម៉ានី បាន​ស្លាប់ ក៏​មាន​សញ្ញា​តិចតួច​ដែល​ថា ពួក​គេ​ឈប់​សសៀរ​ក្បែរៗ​ខ្សែបន្ទាត់​រវាង​ការដាក់​សម្ពាធ​អតិបរមា​និង​សង្គ្រាម​។​

​អាល់​យ៉ាយ៉ា បាន​និយាយថា​គេ​នៅតែ​ត្រូវការ​យុទ្ធសាស្ត្រ​ដាក់​សម្ពាធ​ដើម្បី​បញ្ឈប់​កងកម្លាំង​គូត​របស់​អ៊ីរ៉ង់ តែ​លោក​បាន​ទទួលស្គាល់ថា​«​វា​ជា​ល្បែង​គ្រោះថ្នាក់​ខ្លាំង​​ណាស់​មួយ ហើយ​បើ​ឡង​មកវិញ ផលវិបាក​ធ្ងន់ធ្ងរ​»​។​

​រ៉ូ​ប៊ឺត ម៉ាល់​លី នៅ​អង្គការ​International Crisis Group និង​ធ្លាប់​បំរើការ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ក្នុង​រដ្ឋការ​របស់លោក​អូ​បា​ម៉ា បាន​និយាយ​ថា​បណ្តា​រដ្ឋ​​ឈូង​សមុទ្រ​ហាក់​សប្បាយចិត្ត​ដែល​សូ​ឡេ​ម៉ានី​ត្រូវបាន​សម្លាប់ តែ​ក៏​ព្រួយបារម្ភ​ដោយសារ​អ៊ីរ៉ង់​អាច​បង្ក​ការខូចខាត​សេដ្ឋកិច្ច​របស់​គេ​ធ្ងន់ធ្ងរ​។​

​ឈូង​សមុទ្រ​ពែ​ក្ស​អាច​ជា​គោលដៅ​សងសឹក​មួយទៀត​របស់​អ៊ីរ៉ង់​។​វា​ទទួល​ដាក់​ទាហាន​អាម៉េរិក​ជាង​៣០.០០០​នាក់ រួម​មាន​កង​នា​វាទី​៥​នៅ​បា​រ៉ែ​ន បញ្ជាការដ្ឋាន​​យោធា​អាម៉េរិក​នៅ​គុយ​វ៉ែត និង​មូលដ្ឋាន​ទ័ពអាកាស​ន​កាតា​។​អាម៉េរិក​ក៏មាន​ទាហាន​រាប់រយ​នាក់​នៅ​អា​រ៉ាប៊ីសាអូឌីត និង​យន្តហោះ​ទំនើប​F-35 ដ្រូ​ន រួម​ជា​​មួយ​ទាហាន​រាប់ពាន់​នាក់​នៅ​អា​ប៊ូ ដា​ប៊ី​៕ ប្រែ​សម្រួល​៖​វាសនា​