ដោយៈសុផល/ភ្នំពេញៈគណៈកម្មការមូលបត្រកម្ពុជានិងក្រុមហ៊ុនមេយប៊ែងគីមអេងហូលដីងលីមីតធីតបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីចាប់ផ្តើមកិច្ចសហប្រតិបត្តិការនិងផ្តល់ក្របខណ្ឌជំនួយបច្ចេកទេសដើម្បីជំរុញកំណើនប្រកបដោយចីរភាពនៃទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា។ពិធីចុះហត្ថលេខានេះបានត្រូវធ្វើឡើងកាលពីរសៀលថ្ងៃទី៩ខែមករាឆ្នាំ២០២០នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។
យោងតាមអនុស្សរណៈនៃការយោគយល់គ្នារយៈពេលបីឆ្នាំនេះក្រុមហ៊ុនមេយប៊ែងគីមអេងហូលដីងលីមីតធីតនិងគណៈកម្មការមូលបត្រកម្ពុជានឹងសហការគ្នាយ៉ាងស្អិតរមួតក្នុងគោលបំណងអភិវឌ្ឍទីផ្សារមូលបត្ររបស់ប្រទេសកម្ពុជា។រួមមានការចែករំលែកការអនុវត្តល្អៗនិងស្តង់ដារលើផ្នែកគ្រប់គ្រងហានិភ័យអភិបាលកិច្ចសាជីវកម្មនិងការអនុលោមតាមច្បាប់ការអភិវឌ្ឍផលិតផលនិងប្រព័ន្ធរបាយការណ៍ដែលគោរពតាមស្តង់ដារហិរញ្ញវត្ថុ និងគណនេយ្យ ជាដើម។
លោក ម៉ូហាមាត យ៉ាសីន អាប់ឌុលឡា នាយកប្រតិបត្តិការនៃក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីតបានលើកឡើងថា“ពួកយើងពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមសហប្រត្តិបត្តិការជាមួយនឹងគណៈកម្មការមូលបត្រកម្ពុជា ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រនៅប្រទេសកម្ពុជា។ ក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំងនៅក្នុងពិភពលោកប្រទេសកម្ពុជាជាប្រទេសដែលមានទីផ្សារហិរញ្ញវត្ថុរីកចម្រើនជាលំដាប់។
ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីតដែលមានវត្តមានក្នុង៦ប្រទេសនៃសមាជិកអាស៊ាន នឹងចូលរួមចែករំលែកនូវបច្ចេកទេសនិងបទពិសោធន៍ដែលធ្លាប់មានជាច្រើនទសវត្សរ៍នៅក្នុងតំបន់មកដល់ប្រទេសកម្ពុជា។ពួកយើងផ្តល់អាទិភាពជាចម្បងលើនិរន្តភាពនិងការរីកចម្រើនប្រកបដោយយុទ្ធសាស្ត្រនៅក្នុងទីផ្សារហិរញ្ញវត្តុនេះដើម្បីធានាថាសាជីវកម្មនិងសហគមន៍ក្នុងប្រទេសកម្ពុជានឹងរីកចម្រើនលូតលាស់ជាមួយគ្នា”។
លោកស៊ូសុជាតិអគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាបានមានប្រសាសន៍ថា“ពួកយើងពិតជាមានភាពរីករាយណាស់ដែលបានចូលរួមសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនមេយប៊ែងគីមអេងហូលដីងលីមីតធីតដែលជាធនាគារវិនិយោគដ៏ឈានមុខមួយនៅក្នុងតំបន់អាស៊ាន។ ខ្ញុំមានទំនុកចិត្តថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងពង្រឹងទំនាក់ទំនងនាំឆ្ពោះទៅកាន់ភាពជាដៃគូរបន្ថែមលើនេះមួយកម្រិតទៀត។
កិច្ចសហប្រតិបត្តិការនេះនឹងជួយពួកយើងក្នុងការលើកកម្ពស់លទ្ធផលការងារជម្រុញការរីកចម្រើននៃទីផ្សារមូលបត្ររបស់កម្ពុជានាពេលអនាគតនិងបន្តចូលរួមចំនែកដល់សេដ្ឋកិច្ចជាតិយើង”។ក្រុមហ៊ុន មេយប៊ែង គីមអេង ហូលដីង លីមីតធីត គឺជាធនាគារវិនិយោគ ដែលជាបុត្រសម្ព័ន្ធរបស់ សម្ព័ន្ធធនាគារ មេយប៊ែង ដែលផ្តល់នូវផលិតផល និង ដំណោះស្រាយផ្នែកផលិតផលហិរញ្ញវត្ថុ ជូនទីផ្សារលក់រាយ ទីផ្សារខ្នាតកណ្តាល ទីផ្សារសាជីវកម្ម និងទីផ្សារជាស្ថាប័ន។
ផលិតផលនិងដំណោះស្រាយផ្នែកហិរញ្ញវត្ថុនេះរួមមានដូចជាការផ្តល់ការប្រឹក្សានិងរៀបចំមូលបត្របំណុលការផ្តល់ហិរញ្ញប្បទានលើគម្រោងហិរញ្ញប្បទានអានុភាពការរៀបចំកញ្ចប់ប្រាក់កម្ចីរួមនិងការផ្តល់ប្រឹក្សានិងដំណោះស្រាយទីផ្សារមូលបត្រតាមរយៈការរៀបចំរួមបញ្ចូលគ្នានិងការទិញលក់ក្រុមហ៊ុន និង ការប្រឹក្សាផ្នែកយុទ្ធសាស្ត្រ។
គួរបញ្ជាក់ផងដែរថាធនាគារមេយប៊ែងកម្ពុជាបានចាប់ផ្តើមអាជីវកម្មក្នុងប្រទេសកម្ពុជាចាប់ពីឆ្នាំ១៩៩៣ ហើយបច្ចុប្បន្នបានក្លាយជាធនាគារមួយ ក្នុងចំនោមធនាគារកំពូលទាំង១០ក្នុងប្រទេសកម្ពុជា យោងតាមទ្រព្យសកម្ម ហើយមានបណ្តាញសាខាចំនួន ២១ទូទាំងប្រទេសកម្ពុជា៕S/
ចំណងជើងរូបថត៖គណៈកម្មការមូលបត្រកម្ពុជានិងក្រុមហ៊ុនមេយប៊ែងគីមអេងចុះអនុស្សរណៈយោគយល់ ដើម្បីជំរុញកំណើនប្រកបដោយចីរភាពនៃទីផ្សារមូលបត្រ