ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​តែង​កើតរឿង​រាវ​ប៉ះទង្គិច​បន្តិចបន្តួច​កើត ឡើង​ដែលនាំឱ្យ​សៅហ្មង​ផ្លូវចិត្ត​នោះ​ក៏មាន​ច្រើន​គប្បី​អត់ធ្មត់​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​។​ក្រៅពីនេះ​ការធ្វើ​អ្វីមួយ​ចូរ​ប្រយ័ត្ន​ធ្លាក់​ចូលក្នុង​ឧបាយកល​របស់គេ​ហើយ​ដាច់ខាត​មិនត្រូវ​ខឹងច្រឡោត​ឡើយ​ត្រូវ​ដោះស្រាយ​តាម​សន្តិវិធី​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ហើយ​បើ​មានការ​ជួញ​ឆ្ងាយ​ទៀតសោត​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ ។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​ងាយ​ទាំង​ប្រេះស្រាំ​និង​ងាយ​ទាំង​បែកបាក់​ផង​៕

ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះជា​ថ្ងៃ​មិនល្អ​ក្តី​ប៉ុន្តែ​បើ​លោកអ្នក​តាំងចិត្ត​ប្រកបការងារ​នោះ​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​ដូច​ជាទី​ពេញចិត្ត​ផង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​លោកអ្នក​មិន​គប្បី​ចាប់កំហុស​ឬ​រិះគន់​អ្នកដទៃ​ច្រើន​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​នាំ​គេ​គុំ​គួ​ន​ហើយ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួន​នៅពេល​ក្រោយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ មានការ​ខ្សត់ខ្សោយ​ចំណូល​បន្តិច​ប៉ុន្តែ​ការចំណាយ​មាន​ខ្ពស់​និង​ធូរ​ណាស់​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ត្រូវ​ចេះ​យកចិត្តទុកដាក់​ថែទាំ​ចំណង​ស្នេហ៍​ទើប​មិន​កើតរឿង​បែកបាក់​នៅ​គ្រា​ខាងមុខ​៕

​ឆ្នាំខាល​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​មានជោគ​សិរី​ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​ផ្លែផ្កាមកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​ចំពោះ​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រុះស្រួល​គ្នា​ល្អ​ប្រពៃ​ណាស់​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ចាត់ចែង​ការងារ​ឬ​ធ្វើ​អ្វីដែល​សំខាន់​ពេក​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ឃើញថា​ងាយ​កើត​បញ្ហា​ចំពោះមុខ​ណាស់​។ ​ជាមួយគ្នានេះ​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​ឈរលើ​ជំហរ​ខ្លួនឯង​ទើប​ផល​ល្អ​រក្សា​នៅបាន​ជាប់​យូរអង្វែង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​មាន​សភាព​តានតឹង​ក្នុង​ការរក​ផល​ចំណូល​តែ​យ៉ាងណា​ក៏មាន​ភាព​សុខដុម​ល្អ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​យឺត​តែ​ក៏​ងាយ​ថយ ក្រោយ​៕

​ឆ្នាំរោង​
រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដែរ​លោកអ្នក​ត្រូវមាន​ចិត្ត​អំណត់​តស៊ូ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​តែង​ចាំ​ហុច​នៅពេល​ក្រោយ​ជានិច្ច​។​ចំណែក​ការរស់នៅ​ស្ត្រី​បើ​លោកអ្នក​ឧស្សាហ៍​ឈ្លោះប្រកែក​ជាមួយ​អ្នកដទៃ​ឬ​សូម្បីតែ​ស្វាមី​ក្តី​គប្បី​ចេះ​ធ្វើគ​ធ្វើ​ថ្លង់​មិនដឹងមិនឮ​រឿង​រាវ​ខ្លះ​ព្រោះ​អាច​ប្រែក្លាយ​កើតជា​រឿង​ធំ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន ។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​តែង​កើត​មានរឿង​រកាំចិត្ត​និង​ពិសេស​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ទៀតផង​៕

​ឆ្នាំម្សាញ់​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ដូចនេះ​ត្រូវ​មានចិត្ត អត់ធ្មត់​តស៊ូ​បន្តិច​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ប្រទាំង​ប្រទើស​ច្រើន​និង​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​កើតឡើង​ជាមួយ​ក្រុមមនុស្ស​ក្បែរ​ខ្លួន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មិនសូវ​សុខដុម​ប៉ុន្មាន​ទេ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​បន្តិច​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំមមី​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ប្រកប​កិច្ចការងារ​ដែល​សំខាន់ ឬ​កិច្ចការ​ធំដុំ​ណាមួយ​ពីព្រោះថា​ផល​តែង​ហុច​មកវិញ​ជានិច្ច​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី ជួញដូរ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​គួរសម​ហើយ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មី​ឬ​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​។​ការធ្វើដំណើរ​មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​ព្រលប់​ទេ​លោកអ្នក​មិនត្រូវ​មានការ​ផឹក​គ្រឿង​ស្រវឹង​ឡើយ​ប្រយ័ត្ន​ជួប​ឧប្បត្តិហេតុ​ណាមួយ​រក​នឹកស្មាន​មិន​ដល់​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ពេលនេះ​ជា​ឱកាសល្អ​សម្រាប់​ចូល​និយាយ​ដល់​ចាស់ទុំ​ហើយ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នាពេលនេះ​បើ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​ម្ល៉ោះហើយ​ត្រូវ​ចេះ​មានការតស៊ូ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខយ៉ាង​ឆាប់រហ័ស​ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។​ចំណែក​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់​ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

​ឆ្នាំវក​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​តែងមាន​បញ្ហា​កកូរ​ផ្លូវចិត្ត​ធ្វើឱ្យ​មិនសូវ​សុខ​ស្រួល ខ្លួន​ប៉ុន្មាន​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម​ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ការធ្វើ ដំណើរ​ឆ្ងាយ​ជិត​មិនសូវ​គាប់ប្រសើរ​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​រោគ​ជំងឺ​យាយី​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការរកាំចិត្ត​មិនតិច​ឡើយ​៕

​ឆ្នាំរកា​
រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ម្ល៉ោះហើយ​ផ្តល់​ផល​ល្អ​ក្នុងការ​ទំនាក់ទំនង​ការងារ ការបណ្តាក់ទុន ចរចា ឬ​ធ្វើ​កិច្ចសន្យា​អ្វីមួយ​សំខាន់​។ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​បំផុត​។​ក្នុង​រង្វង់​គ្រួ​សារបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ជា​ឱកាសល្អ​ក្នុងការ​ផ្សះផ្សា​ផងដែរ​។

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​យកចិត្តទុកដាក់​និង​ផ្អែម ល្ហែម​ល្អ​ចំពោះ​គ្នា​គ្រាន់បើ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ទេ ហេតុនេះ​បើ​ចង់ ទំនាក់ទំនង​ជាមួយ​ចាស់ទុំ​ឬ​ការងារ​ផ្នែក​ខាងក្រៅ​តែង​ទទួលជោគជ័យ​ជានិច្ច​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុន​ធ្វើ​អ្វីមួយ​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រុង ជ្រោយ​ហើយ​ពុំ​ត្រូវមាន​គំនិត​វៀចវេ​ឡើយ​បើ​ពុំ​នោះទេ​នាំ​ជួប​ផល​លំបាក​ដល់​អាត្មា​ខ្លួនឯង​ដោយសារ​អតិថិជន​លែង​ហ៊ាន​មក​ក្បែរ​។​

រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​គប្បី​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​ការសប្បាយ​ក្លាយជា​ទុក្ខ​វិញ​៕

​ឆ្នាំកុរ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​និង​គិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​ប្រសើរ​។​ចំណែក​អ្នក​ប្រកបការងារ​នៅថ្ងៃនេះ​វិញ​ដោយសារ​ដួង​រាសី​ដាំ​ក្បាល​ចុះ​ដូចនេះ​ធ្វើឱ្យ​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​កិច្ចការ​ធំៗ​គប្បី​ប្រយ័ត្ន ប្រយែង​សត្រូវ​ក្បែរ​ខ្លួន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ឱ្យ​ប្រយ័ត្ន​បញ្ហា​ឧប្បត្តិហេតុ​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ ពិសេស​ងាយ​មាន ជម្លោះ​វិវាទ​ជាមួយគ្នា​ទៀតផង​៕