ធ្វើឱ្យការជជែកដេញដោលក្តៅគគុកឡើងវិញអំពីអ្នកណាដែលមានអំណាចប្រកាសសង្គ្រាមនោះ សភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យកាលពីថ្ងៃព្រហស្បតិ៍ទី៩មករាបានអនុម័តសេចក្តីសម្រេចចិត្តមួយ ដោយអះអាងថា ប្រធានាធិបតីដូណាល់ ត្រាំត្រូវតែស្វែងរកការយល់ព្រមពីសភាមុនពេលចូលរួមសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់។

សេចក្តីសម្រេចចិត្តអំពីអំណាចប្រកាសសង្គ្រាមមិនមែនចាំបាច់ត្រូវតែឱ្យប្រធានាធិបតីគោរពតាមនោះទេ ហើយក៏មិនតម្រូវឱ្យមានហត្ថលេខារបស់គាត់នោះដែរ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រធានសភាលោកស្រីណាន់ស៊ី ប៉េឡូស៊ី បានទទូចថា សេចក្តីសម្រេចចិត្តនេះ “មានធ្មេញពិតប្រាកដ” ពីព្រោះ “វាគឺជាសេចក្តីថ្លែងការណ៍របស់សភាអាម៉េរិក”។

លោកស្រីប៉េឡូស៊ីនិយាយថា វិធានការនេះនឹង “ការពារជីវិតនិងតម្លៃរបស់អាម៉េរិក” ដោយរឹតត្បិតសកម្មភាពយោធារបស់ត្រាំ។ រដ្ឋបាលនេះត្រូវតែបន្ថយនិងត្រូវទប់ស្កាត់អំពើហិង្សាថែមទៀត”។

សេតវិមានបានហៅសេចក្តីសម្រេចចិត្តនេះថាជា “រឿងគួរឱ្យអស់សំណើច” និង “ជាការបំភាន់មតិសាធារណៈទាំងស្រុង”។

សភាបានអនុម័តវិធានការនេះក្នុងសំឡេង ២២៤ ទល់ ១៩៤ ដោយមានសមាជិកគណបក្សសាធារណរដ្ឋតែ ៣ រូបប៉ុណ្ណោះគាំទ្រ។ សមាជិកបក្សប្រជាធិបតេយ្យ៨រូបបានជំទាស់នឹងវិធានការនេះ។

សំណើស្រដៀងគ្នារបស់ព្រឹទ្ធសមាជិកឈ្មោះ ធីម ខេន ប្រឈមនឹងការជំទាស់ខ្លាំងក្លានៅព្រឹទ្ធសភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ។ កិច្ចខិតខំប្រឹងប្រែងរបស់លោកខេនបានទទួលនូវការជំរុញកាលពីថ្ងៃព្រហស្បតិ៍នៅពេលព្រឹទ្ធសមាជិកមកពីគណបក្សសាធារណរដ្ឋលោក ថុត យ៉ាំងនៃរដ្ឋអ៊ីនឌីយ៉ាណាដែលជាអតីតទាហានម៉ារីននិយាយថា គាត់ប្រហែលជាគាំទ្រវិធានការអំណាចប្រកាសសង្គ្រាមនេះ។ ព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋពីររូបផ្សេងទៀតក៏បាននិយាយកាលពីថ្ងៃពុធថា ពួកគេនឹងគាំទ្រផែនការរបស់លោកខេនផងដែរ។

ក្នុងពេលប្រកាសបោះឆ្នោតលើវិធានការនេះ លោកស្រីប៉េឡូស៊ីបានហៅការសម្លាប់ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី ថា​ “បង្ករឿង និង មិនសមហេតុផល”។

សមាជិកសភាបក្សសាធារណរដ្ឋលោក ស្ទីវ ស្កាឡាយ បានចាត់ទុកវិធានការរបស់បក្សប្រជាធិបតេយ្យថាគ្រាន់តែជា “សេចក្តីប្រកាសព័ត៌មានតូចតាច ដែលគេធ្វើឡើងដើម្បីវាយប្រហារលើប្រធានាធិបតីត្រាំតែប៉ុណ្ណោះ” ខណៈមេដឹកនាំសំឡេងភាគតិចក្នុងសភាលោកខេវិន ម៉ាកខាធីនៃរដ្ឋកាលីហ្វ័រញ៉ា ហៅវាថាជា “ការបោះឆ្នោតឥតន័យ” លើវិធានការ ដែលគ្មានថ្ងៃបញ្ជូនដល់ដៃប្រធានាធិបតី ឬ “រឹតត្បិតអំណាចរដ្ឋធម្មនុញ្ញដើម្បីការពារពលរដ្ឋអាម៉េរិកាំង”។

អ្នកនាំពាក្យសេតវិមានលោកហូហ្គាន ហ្គីដលី និយាយថា “សេចក្តីសម្រេចចិត្តរបស់សភាគឺព្យាយាមបំផ្លាញលទ្ធភាពរបស់កងកម្លាំងអាម៉េរិកដើម្បីទប់ស្កាត់សកម្មភាពភេរវកម្មដោយអ៊ីរ៉ង់និងកងកម្លាំងប្រុកស៊ីរបស់អ៊ីរ៉ង់ និងជាការប៉ុនប៉ងរារាំងសិទ្ធិអំណាចរបស់ប្រធានាធិបតីដើម្បីការពារអាម៉េរិកនិងផលប្រយោជន៍របស់យើងនៅក្នុងតំបន់ពីការគំរាមកំហែងដែលចេះតែកើតមានឡើងឥតឈប់”៕ ដោយ៖ កញ្ញាដាលីស

ប្រធានសភាអាម៉េរិក លោកស្រីណាន់ស៊ី ប៉េឡូស៊ី