ដោយ:វិបុល/ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលជួប និងធ្វើបឋកថា ដល់សមាជិកគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា ពីវឌ្ឍនភាពរបស់សង្គមកម្ពុជា ដើម្បីបង្ហាញ និងពន្យល់ដល់ពួកគាត់ឱ្យបានយល់កាន់តែច្បាស់ពីភាពរីកចម្រើនរបស់សង្គមកម្ពុជា ក្រោមម្លប់នៃសន្ដិភាព។
លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ពីដំណើរការនៃកិច្ចកសាងសង្គមកម្ពុជា តាមដំណាក់កាលនីមួយៗ បន្ទាប់ពីឆ្លងផុតសង្រ្គាម និងវិនាសកម្មអស់ជាង២ទសវត្ស ថាតាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានធ្វើឱ្យកម្ពុជាទទួលបាននូវកំណើនសេដ្ឋកិច្ចយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានកំណើនជាមធ្យមប្រចាំឆ្នាំក្នុងរង្វង់៧% ព្រមទាំងបានឆ្លងកាត់នូវបង្គោលចរជាប្រវត្តិសាស្រ្ដ គឺឆ្លងពីឋានៈប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
ជាតំណាងឱ្យប្រតិភូកម្ពុជាមកពីប្រទេសកាណាដា លោក ស្រេង គីមហួត អនុប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសកាណាដា បង្ហាញនូវចំណាប់អារម្មណ៍ និងទឺកចិត្តមោទកភាពខ្ពស់ ក្នុងនាមជាតិខ្មែរ ដែលទោះបីជាប្រទេសជាតិត្រូវបានបំផ្លាញ និងខូចខាតអស់ស្ទើរទាំងស្រុង តែរាជរដ្ឋាភិបាលអាចដាក់ចេញនូវគោលនយោបាយត្រឹមត្រូវ ហើយកសាងសង្គមជាតិឱ្យមានវឌ្ឍនភាពយ៉ាងខ្លាំងក្លា និងមានមុខមានមាត់យ៉ាងត្រចះត្រចង់នៅក្នុងតំបន់៕B/