ភ្នំពេញៈ តារាកំប្លែង ដែលមានរហស្សនាមថា នាយក្តិប ជាសមាជិកក្រុមកំប្លែង នាយក្រឹម បានយំស្ទើរតែរីងខ្លួនចង់ដាច់ខ្យល់ទៅហើយ ព្រោះបាត់បង់កូនប្រុសជាទីស្រឡាញ់របស់ខ្លួនដែលស្លាប់ដោយគ្រោះថ្នាក់កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២០។
កាលពីម៉ោងជាង១១យប់ថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបានបុកអ្នករត់ PassApp គេស្គាល់ថាជាកូនប្រុសបង្កើតនាយក្ដិបតារាកំប្លែងជើងចាស់ ដែលកំពុងមានជំងឺធ្ងន់ប្រចាំកាយស្រាប់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅតាមបណ្តោយផ្លូវជាតិលេខ៦A នៅចំណុចស្ពានទី១ ជិតវត្តខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុខាងលើ គេបានឃើញបុរសម្នាក់ បានបើករថយន្តបង្កម៉ាកនីសាន់ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ ២AG.៣៩៦១ បើកបរតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតបានជ្រុលបុកម៉ូតូកង់បីឥណ្ឌាពណ៌សពាក់ផ្លាកលេខ ភ្នំពេញ ១HR.៨១១១។ ជនររងគ្រោះដែលបើកបរម៉ូតូកង់បីឥណ្ឌានោះត្រូវបានស្គាល់ថាជាកូនប្រុសបង្កើត នាយក្ដិប តារាកំប្លែងជើងចាស់ ដែលមានជំងឺធ្ងន់ប្រចាំកាយសព្វថ្ងៃនេះ។ ករណីគ្រោះថ្នាក់រថយន្តបង្កបានបុកពេញទំហឹងបណ្តាលឲ្យក្រពឹតរងការខូចខាតផ្នែកខាងមុខ បែកកញ្ចក់ រួចរថយន្តបង្កនៅមិនទាន់អស់ល្បឿនបានរេចង្កូតទៅបុកផើងផ្កានៅមុខផ្ទះប្រជាពលរដ្ឋបែកអស់ចំនួនមួយផើងថែមទៀត។
ចំណែកអ្នកបើកម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជួយនាំយកទៅកាន់មន្ទីរពេទ្យ។ ប៉ុន្តែជាអកុសលដោយសាររបួសធ្ងន់ធ្ងរពេកក៍បានផុតដង្ហើមទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានខណ្ឌជ្រោយចង្វា បានចុះធ្វើការវាសវែងរួចដឹកយករថយន្តបង្កនិង PassApp ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ដោយៈ បូរិន/អង្គារ៍ហេង/Ha