ដោយៈចាន់តូ/ភ្នំពេញ៖យុវជនម្នាក់បានស្លាប់ក្រោមកង់រថយន្តនិងស្ត្រីម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូមកដល់ចំណុចផ្លូវបំបែកជាបួនត្រូវរថយន្តកុងតឺន័របុករួចកិនអូសជាច្រើនម៉ែត្រ នៅវេលាម៉ោង១និង៣០នាទី យប់រំលងអធ្រាត្រចូលថ្ងៃសុក្រទី១០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចស្តុប២៤ម៉ោង តាមបណ្តោយផ្លូវហាណូយ កែងនិងផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
អ្នកបើកបររថយន្តបង្កមានឈ្មោះលី ម៉េងស្រ៊ី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរបើករថយន្ត មានស្រុកកំណើតនៅភូមិពានា ឃុំអំពិល ស្រុកស៊ីធរកណ្ដាលខេត្តព្រៃវែង។សពជនរងគ្រោះមានឈ្មោះ នឿន សាអែម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរធ្វើការក្រុមហ៊ុន ហ្ស៊ូ លាន កម្ពុជា ។
រថយន្តកុងតឺន័រក្បាលពណ៌ខៀវពាក់ផ្លាកលេខកំពង់ចាម3A.8242 បុកម៉ូតូឌ្រីមសង់C125ស៊េរីឆ្នាំ២០១៥ពណ៌ខ្មៅពាក់ផ្លាលេខភ្នំពេញ1FB.7949ជិះដោយយុវជនម្នាក់ រួមដំណើរដោយស្ត្រីម្នាក់ទៀតតាមបណ្តោយផ្លូវម៉ុងរិទ្ធីបណ្ដាលឱ្យកិនចំក្បាលយុវជនខាងលើបែកក្បាលធ្លាយខួរអូសជាច្រើនម៉ែត្រស្លាប់ក្រោមកង់រថយន្ត។ចំណែកស្ត្រីដែលជិះជាមួយបានខ្ទាតចេញរងរបួសធ្ងន់ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះភ្លាមៗ។តៃកុងរថយន្តក្រោយពីបង្កហេតុត្រូវសមត្ថកិច្ចប្រចាំការគោលដៅឃាត់ខ្លួនទុករង់ចាំប្រគល់ឱ្យសមត្ថកិច្ចក្រុង។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកស្នងការាជធានីភ្នំពេញរង់ចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ ៕S/Ha