ភ្នំពេញៈ បុរស​ម្នាក់ត្រូវបាន​គេ​បាញ់សម្លាប់នៅក្នុង​ភោ​ជនីយ​ដ្ឋា​ន ហេ​ប​ភី​ណេ​ស ស៊ុប និង​ខារ៉ាអូខេ​គ្រួសារ លើផ្លូវ​ត្រសក់ផ្អែម (​ផ្លូវ​៦៣) សង្កាត់​បឹងរាំង ខណ្ឌដូនពេញ កាលពី​វេលាម៉ោងជាង ៤ ទៀបភ្លឺ ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០នេះ​។ បុរសរងគ្រោះ​នោះ ត្រូវបាន​អ្នកលេងហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​វិស័យ ឌី​ជេ បាន​ទម្លាយ​ឱ្យដឹងថា ជនរងគ្រោះ គឺជា​ឌី​ជេ​ដ៏​ល្បី​ម្នាក់ ឈ្មោះ ឌី​ជេ មី​នី (Dj Mini)​។

​ប្រភពព័ត៌មានបាន​បញ្ជាក់ថា បើតាម​បុគ្គលិកដែល​បានឃើញ​ហេតុការណ៍​នេះ បាន​អះអាងថា មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ និង​បុរស​ម្នាក់ទៀត ដែលជា​ជនដៃដល់បាន​ជិះ​រថយន្ត​ម៉ាក​តូយ៉ូតា កាមរី (​បា​ឡែ​ន​) មក​ជាមួយគ្នា ដើម្បី​ហូប​ស៊ុប ។ ពេលមកដល់ភោជនីយដ្ឋាន ជនរងគ្រោះបាន​ដើរចូលក្នុង​ហាង​អង្គុយនៅ​នឹង​តុ​មុន ។ រីឯ​ជនដៃដល់កំពុង​ចូល​ចត​រថយន្តនៅ​ខាងក្រៅ​។ បន្ទាប់ពី​ចត​រថយន្ត​រួច ជនដៃដល់បាន​ដើរ​ចូលមកក្នុង​ហាង ហើយ​បាន​ទាញ​កាំភ្លើង ផ្អឹប​សៀត​ផ្កា​របស់​ជនរងគ្រោះ ដោយ​បាញ់​មួយ​គ្រាប់បណ្តាល​ឲ្យ​ជនរងគ្រោះអង្គុយ​ស្លាប់លើ​កៅអី​តែម្តង​។​

​បន្ទាប់ពី​ធ្វើ​សកម្មភាព​បាញ់​រួច ជនដៃដល់ក៏បាន​ដើរ​ចេញពី​ហាងដោយមាន​បុរស​ពីរ​នាក់ផ្សេងទៀតបើក​ម៉ូតូ​មួយគ្រឿង​មក​ទទួល រួចហើយ​ក្រុម​ជនសង្ស័យក៏បាន​បើក​គេចខ្លួនបាត់​។ ជនរងគ្រោះត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា ជា DJ Mini បម្រើ​ការងារក្នុង​ក្លិប​កម្សាន្ត​មួយ ហើយ​ពេលនេះ រង់ចាំ​មន្ត្រី​ជំនាញធ្វើ​កោសល្យវិច័យ​សិន​៕ ដោយៈ បូ​រិ​ន/Ha