​មន្ត្រី​អាម៉េរិក កាណាដា​និង​អង់គ្លេស ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មករា​ បាន​ប្រកាសថា ​វា​ទំនង​ខ្លាំងណាស់​ដែល​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​អ៊ុយ​​ក្រែន​កាលពី​ថ្ងៃ​ពុធ ដោយ​សម្លាប់​មនុស្ស​ទាំង​១៧៦​នាក់​នៅក្នុង​យន្តហោះ​។​ពួកគេ​និយាយថា វា​អាច​ជា​ការបាញ់​កាំជ្រួច​ច្រឡំ​ចំ​ពេល​អ៊ីរ៉ង់​កំពុង​ប្រុង​ជើង​ការ​​ខ្ពស់​បំផុត​ពី​ការតត​ប​របស់​អាម៉េរិក​ក្រោយ​ខ្លួន​បាញ់​កាំជ្រួច​ដាក់​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​

​មន្ត្រី​អាម៉េរិក​៤​នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយថា យន្តហោះ​នេះ​អាច​ត្រូវ​គេ​យល់ច្រឡំ​ថា​ជា​មុខសញ្ញា​គំរាម​មួយ​។​

​ចំណែក​នាយករដ្ឋមន្ត្រី​កាណាដា​ លោក​ចា​ស្ទីន ទ្រុយ​ដូ ដែល​ប្រទេស​លោក​បាត់បង់​ពលរដ្ឋ​៦៣​នាក់​ក្នុង​សោកនាដកម្ម​នេះ បាន​និយាយ​នៅ​ទីក្រុង​តូ​រុន​តូ​ថា «​យើង​មាន​ព័ត៌មាន​ចារកម្ម​មកពី​ប្រភព​ជាច្រើន រួម​មាន​សម្ព័ន្ធមិត្តរ​បស់​យើង​និង​ផ្នែក​ស៊ើបការណ៍​របស់​យើង​ផ្ទាល់​។​ភស្តុ​ង​តាង​បង្ហាញថា យន្តហោះ​ត្រូវ​បាញ់​​ទម្លាក់​ដោយ​កាំជ្រួច​អ៊ីរ៉ង់​»​។​

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ក៏​ដូច្នេះ​ដែរ លោក​បូរី​ស ច​ន​សុន​ បាន​និយាយថា​« ឥឡូវ​មាន​ព័ត៌មាន​មួយ​ដែលថា យន្តហោះ​ត្រូវបាន​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​អ៊ីរ៉ង់​»​។​

​ឥឡូវ​គេ​នៅ​មិនទាន់​ដឹងថា​តើ​អាម៉េរិក​និង​សម័្ពន្ធមិត្ត​នឹង​ប្រតិកម្ម​យ៉ាងណាទេ​ ​តែ​អ៊ីរ៉ង់​បាន​អញ្ជើញ​អ្នកជំនាញ​មកពី​គណៈកម្មការ​សុវត្ថិភាព​គមនាគមន៍​ជាតិ​អាម៉េរិក​(NTSB) មក​ចូលរួម​ធ្វើការ​ស៊ើបអង្កេតរ​កមូ​ល​ហេតុ​នៃ​ការធ្លាក់​យន្តហោះ​នេះហើយ​។​

​សូមបញ្ជាក់​ថា ទោះ​ជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​តេ​អេ​រ៉ង់​ខិតខំ​ដក​ខ្លួន​បន្តិច​ចេញពី​ការផ្ទុះ​សង្គ្រាម ក៏​តំបន់​នេះ​នៅតែ​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រៀប​ខ្លួន​​ពី​ការផ្ទុះ​សង្គ្រាម​ក្រោយ​ការសម្លាប់​មេបញ្ជាការ​ជាន់ខ្ពស់​អ៊ីរ៉ង់​ម្នាក់​ដោយ​ដ្រូ​ន​របស់​អាម៉េរិក​និង​ការបាញ់​កាំជ្រួច​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​​ជាការ​សងសឹក​។​

បុគ្គលិក​ជួយសង្គ្រោះ​សែង​សាកសព​ជនរងគ្រោះ​ពី​ការធ្លាក់​យន្តហោះ​អ៊ុ​យក្រែន ដាក់​ជា​ជួរ​កាលពី​ថ្ងៃ​ពុធ​

​ការស៊ើបអង្កេត​ជំហាន​ដំបូង​របស់​អ៊ីរ៉ង់​បង្ហាញ​កាលពី​ថ្ងៃ​៩​មករា​ថា អាកាសយានិក​របស់​យន្តហោះ​មិនបាន​ធ្វើ​ការទាក់ទ​ង​សុំ​ជំនួយ​ទេ និង​ថា​យន្តហោះ​បាន​ព្យា​​យាម​បត់​ក្រោយ​នៅ​ពេល​ឆេះ​និង​ធ្លាក់ចុះ​។​

​ពួក​អ្នក​ស៊ើបអង្កេត​ទៅ​ពី​អង្គការ​អាកាសចរណ៍​អ៊ីរ៉ង់​មិន​បាន​ពន្យល់​យ៉ាង​ណា​អំពី​គ្រោះថ្នាក់​នេះ​ទេ តែ​មន្ត្រី​អ៊ីរ៉ង់​បាន​បន្ទោស​ការធ្លាក់​នេះ​លើ​បញ្ហា​បច្ចេកទេស​និង​មន្ត្រី​យោធា​អ៊ីរ៉ង់​ក៏​បាន​ច្រានចោល​ថា​មិន​មាន​ពាក់ព័ន្ធ​នឹង​កាំជ្រួច​ទេ​ក្នុង​ឧបទ្ទវហេតុ​នេះ​។​

​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​ស៊ើបអង្កេត​អ៊ុយ​ក្រែន​បាន​ទៅ​ដល់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​រង់ចាំ​ការអនុញ្ញាត​ពី​អ៊ីរ៉ង់​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កន្លែង​ធ្លាក់​យន្តហោះ​ ហើយ​ពិនិត្យ​បំណែក​យន្តហោះ​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

នាយករដ្ឋមន្ត្រី​កាណាដា​បាន​និយាយថា​លោក​មាន​ព័ត៌មាន​ចារកម្ម​ជាច្រើន​ដែល​បង្ហាញ​ថា យន្តហោះ​ត្រូវ​បាញ់​ទម្លាក់​ដោយ​កាំជ្រួច​អ៊ីរ៉ង់​