លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri) បាន​សម្លឹងមើល​ការងារ​ដឹកនាំ នៅ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ប្រសិនបើ​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) ត្រូវបាន​បញ្ចប់​ការងារ​នៅពេល​ខាងមុខ​មែន​នោះ​។

​គ្រូបង្វឹក​វ័យ​៥២​ឆ្នាំ​សញ្ជាតិ​អ៊ីតាលី​រូបនេះ បាន​ចាក​ចេញពី​ក្លិប ជូ​វេន​ទុ​ស (Juventus) កាលពី ខែ​មុន បន្ទាប់ពី​ជួយ​ក្រុម​នេះ​លើក​ពាន​ក្របខណ្ឌ Serie A ប្រាំ​សម័យកាល​ជាប់​គ្នា​ហើយ​លោក កំពុង​ស្វែងរក​ឱកាស​ប្រកួតប្រជែង​ជាថ្មីទៀត​។

​ចាប់តាំងពី​ចាកចេញ​ពី​ក្លិប Juventus លោក អា​ឡេ​ហ្គ្រី មិន​ប្រញាប់ប្រញាល់​វិល​ត្រឡប់មក កាន់​ការងារ​ដឹកនាំ​ភ្លាមៗ​នោះទេ ហើយ​សង្ឃឹមថា នឹង​ទទួលបាន​ការងារ​នៅ​ក្លិប​យូ​ណាយ​ធី​ត​។

​គេ​ជឿថា ក្លិប​អា​សេណ​ល បាន​ដកខ្លួន​ចេញពី​ការព្យាយាម​ចង់​នាំយក​រូបលោក​មក​ដឹកនាំ កាលពី​ខែ​មុន ខណៈ​ពួកគេ​ស្វែងរក​អ្នកចាត់ការ​ថ្មី ដើម្បី​ជំនួស​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ។

​លោក សូល​ស្យែ​រ មិនទាន់មាន​អារម្មណ៍​ថា លោក​ស្ថិតក្នុង​គ្រោះថ្នាក់​នៃ​ការបណ្តេញចេញ នៅឡើយ​ទេ ប៉ុន្តែ​បាន​សារភាពថា ការប្រកួត​ចាញ់​ក្រុម​ស៊ី​ធី​នៅ​ជើង​ទី​១ វគ្គ​ពាក់កណ្តាល​ផ្តាច់ ព្រ័ត្រ​ក្នុងការ​ដណ្តើមពាន Carabao Cup គឺជា​ទម្រង់​លេង​ដ៏​អន់​បំផុត​ដែល​ក្រុម​របស់លោក បានបង្ហាញ​នៅ​រដូវ​កាល​នេះ​។

​យូ​ណាយ​ធី​ត ទើបនឹង​ឈ្នះ​ពីរ​ប្រកួត​ក្នុង​៦​ប្រកួត​ចុងក្រោយ​។ លោក អាល​ឡេ​ហ្គ្រី​ស័ក្តិសម សម្រាប់​តំណែង​ដឹកនាំ​នៅ​ក្លឹប​ជាច្រើន​នៅ​តំបន់​អឺរ៉ុប ហើយក៏​ជា​បេក្ខភាព​លេចធ្លោ​ដែល យូ​ណាយ​ធី​ត​សម្លឹងមើល​ផងដែរ ប្រសិនបើ​លោក សូល​ស្យែ​រ ចាកចេញ​មែន​នោះ​។

​ចំណែក​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) ក៏​កំពុង​តាមដាន​យ៉ាង​ដិតដល់​ផង ដែរ​ជុំវិញ​ការវិវឌ្ឍ​របស់​ក្លឹប​យូ​ណាយ​ធី​ត​។ លោក អាល​ឡេ​ហ្គ្រី ទំនងជា​ទាមទារ​រចនា សម្ព័ន្ធ​ច្បាស់លាស់​ជាមួយ​ក្លិប​បន្ទាប់​របស់លោក បន្ទាប់ពី​កន្លងមក​ធ្លាប់ធ្វើ​ការងារ​ក្រោម ការបង្គាប់បញ្ជា​របស់​ប្រធាន​បច្ចេកទេស​ដ៏​តឹងតែង​នោះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក ម៉ា​ស៊ី​មី​លី​យ៉ា​ណូ អាល​ឡេ​ហ្គ្រី (Massimiliano Allegri)