កង់​អគ្គិសនី​មួយ​ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​សម្រាប់​ប្រើប្រាស់​លើ​ផ្ទៃ​ទឹក​អាច​នឹង ក្លាយជា​វិញ្ញាសា​មួយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នាពេល​អនាគត​។ នេះ​បើ​យោងតាម ក្រុម​នៅ​ពីក្រោយ​ការផលិត​កង់​នេះ​។

​កង់​អគ្គិសនី​លើទឹក​ដែលមាន​ឈ្មោះថា Hydrofoiler XE-1 នេះ​ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន​ទើប​បង្កើត​ថ្មី​របស់​នូ​វែ​ល​សេ​ឡង់ Manta5 ហើយ​ត្រូវ​បានដាក់​បង្ហាញ​នៅ​សហរដ្ឋ អាម៉េរិក ក្នុង​ពិព័រណ៍​គ្រឿង​អេឡិចត្រូនិក​ប្រើប្រាស់ (Consumer Electronics Show) នៅ​ឡាស វ៉េ​ហ្គាស (Las Vegas)​។​

​ក្រុមហ៊ុន Manta5 ដែល​បានចាប់ផ្ដើម​អភិវឌ្ឍ​កង់​នេះ​ក្នុង​ឆ្នាំ​២០១១ បាន​គូសបញ្ជាក់ថា កង់​នេះ​ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស​ដែល​អាច​រត់​បាន​ល្បឿន​ដល់​ទៅ​ជាង ១៩ គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង​។

​កង់​នេះ​មាន​ជើង​ទម្រ​វែង​រាង​ក្រ​ប៉ាង និង​ស្លាបចក្រ​ដែល​លើក​វា​ឱ្យ​ងើប​ផុតពី​ផ្ទៃ​ទឹក​នៅពេល​អ្នក ជិះ​ប្រឹង​ធាក់​បង្កើនល្បឿន​ដែល​ផលិត​ថាមពល​អគ្គិសនី​នៅពេលនោះ​។

​លោក ហ្គ្រេ​ក ច​ន​ស្តុ​ន (Greg Johnston) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ខាងលើ​ថ្លែងថា​កង់​ដែល អាច​ជិះ​លើ​ទន្លេ បឹង និង​សមុទ្រ​ក៏បាន​នេះ​នឹង​ជំនួស​បទពិសោធន៍​ជិះ​កង់​លើផ្លូវ​ថ្នល់ ឬ​លើ​ភ្នំ​៕ ប្រែ​សម្រួលៈ​ខុម​