​អ្នក​ប្រឆាំង​តវ៉ា​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ជិត​ក្រុង​ហាណូយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មករា ក្រោយ​ការ​ប៉ះ​ទង្កិច​ដោយសារ​ជម្លោះ​សង់របង ​ដែល​បណ្តាល​ឲ្យស្លាប់​ប៉ូលិស​៣​នាក់​និង​ជន​ស៊ីវិល​ម្នាក់​។​

​សេចក្តីថ្លែងការណ៍​មួយ​នៅលើ​គេហទំព័រ​របស់​ក្រសួង​សន្តិសុខ​សាធារណៈ បាន​និយាយថា​ មនុស្ស​ជាច្រើន​បាន​ប្រើ​គ្រាប់បែកដៃ គ្រាប់បែក​សាំង​និង​កាំបិត​ធ្វើ​​ការវាយប្រហារ​លើ​កង​កម្លាំង​ប៉ូលិស​និង​រំខាន​សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ភូមិ​មួយ​ក្នុងស្រុក មី ឌឹ​ក ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​ទីក្រុង​ហាណូយ​។​

​ក្រសួង​បាន​និយាយថា ប៉ូលិស​៣​នាក់​និង​ជន​ស៊ីវិល​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​ម្នាក់​ទៀត​រងរបួស​។​

​ការប៉ះទង្គិច​កាលពី​ថ្ងៃ​០៩​មករា បាន​កើត​ឡើង​មួយ​សប្តាហ៍​ក្រោយ​ពី​កង​ឯកភាព​ទ័ព​ខ្លះ​របស់​ក្រសួង​ការពារជាតិ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចាប់​​ផ្តើម​សាងសង់​របង​សម្រាប់​អាកាសយានដ្ឋាន​យោធា​មួយ​នៅក្នុង​ភូមិ​កើតហេតុ​។​អាជ្ញាធរ​បាន​ប្រើ​ឧបករណ៍​បំពង​សំឡេង​ដើម្បី​ព្រមាន​អ្នកប្រឆាំង​តវ៉ា តែ​ជា​ការ​​ឥតប្រយោជន៍​។​

​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​បាន​ប្រាប់​ប៉ូលិស​ថា ការ​វាយ​លើ​កងកម្លាំង​ប៉ូលិស​ជា​ការរៀបចំ​ទុកជាមុន ​ដោយ​មាន​ការត្រៀម​សព្វាវុធ​ទុក​ថែមទៀត​។​គ្រាប់បែកដៃ​៨​គ្រាប់ កាំបិត​រាប់សិប និង​គ្រាប់បែក​សាំង​២០ រួម​ជាមួយ​សព្វាវុធ​ផ្សេងៗ​ទៀត​ត្រូវបាន​រឹបអូស​។​

​ពួក​អ្នក​ប្រឆាំង​តវ៉ា​បាន​និយាយថា ពួកគេ​មិន​បានដឹងថា​តើ​ដី​មាន​ទំនាស់​នេះ​ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យកងទ័ព​តាំងពី​ពេល​ណា​និង​ត្រឹមណា​ទេ តែ​ប្រជាជន​បាន​​ធ្វើ​ការដាំដុះ​និង​រស់នៅ​លើ​ដី​ជាង​៥០​ហិកតា​នោះ​រាប់​ជំនាន់​មក​ហើយ​។​ពួកគេ​ថែមទាំង​បាន​បង់ពន្ធ​ដី​ជូន​រដ្ឋ​ថែម​ទៀត​។​តែ​ពួក​មន្ត្រី​បាន​អះអាង​ថា ដី​នោះ​ជា​​របស់​កងទ័ព​។​

​ភាព​តានតឹង​បាន​កើនឡើង​និង​ឡើង​ដល់​កំពូល​ម្តង​រួចមកហើយ​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧ នៅ​ពេល​ក្រុមហ៊ុន​ទូរគមនាគមន៍​Viettel​របស់​យោធា​បានចាប់ផ្តើម​​សាងសង់​អាកាសយានដ្ឋាន​នៅ​ទីនោះ​។​គ្រា​នោះ ពួក​អ្នក​ភូមិ​បាន​ចាប់​ប៉ូលិស​និង​មន្ត្រី​រដ្ឋ​៣៨​នាក់​ជា​ចំណាប់ខ្មាំង​ដើម្បី​ប្រឆាំង​នឹង​ការងារ​សាងសង់​របស់​យោ​​ធា ​តែ​ការប្រឈមមុខ​ត្រូវបាន​ដោះស្រាយ​នៅ​មួយ​សប្តាហ៍​ក្រោយមក​។​

​ក្រោយមកទៀត ក្រុមអធិការកិច្ច​រដ្ឋ បាន​ប្រកាស​ថា ​ដី​នេះ​ជា​របស់​យោធា និង​បាន​ស្នើ​ប៉ូលិស​ក្រុង​ហាណូយ​សហការ​ជាមួយ​ក្រសួង​ការពារជាតិ ចាត់ការ​លើ​បុគ្គ​​ល​បំពាន​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

ជម្លោះ​ដីធ្លី​កើតមាន​ជា​ធម្មតា​នៅ​វៀតណាម តែ​នេះ​ជា​លើកដំបូង​ដែល​ប៉ូលិស​និង​ជន​ស៊ីវិល​ស្លាប់​ដោយ​ជម្លោះ​ដីធ្លី​

ផ្លូវ​ទៅ​កាន់​ភូមិ​មាន​ជម្លោះ​ត្រូវបាន​ដាក់​កម្លាំង​សមត្ថិកិច្ច