​អ្នកកាសែត​ថៃ​ម្នាក់​ដែល​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ពី​បទ​និយាយ​បរិហារកេរ្តិ៍​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​តាមរយៈ​ទំនាកទំនង​សង្គម​Twitter បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​មករា​ថា ច្បាប់​ប្រឆាំង​ការប្រមាថ​និង​បរិហារកេរ្តិ៍​ព្រហ្មទណ្ឌ​របស់​ព្រះរាជាណាចក្រ​នេះ កំពុង​កាត់បន្ថយ​សេរីភាព​​សារព័ត៌មាន​។​

​តុលាការ​បាន​ផ្តន្ទាទោស​អតីត​អ្នកកាសែត​លោកស្រី​ស៊ូ​ចា​នី ក្លយ​កាលពី​ខែ​ធ្នូ​ពី​បទ​ធ្វើ​អត្ថាធិប្បាយ​លើ​ទំនាក់ទំនង​សង្គម​អំពី​ជម្លោះ​ទាក់ទង​នឹង​លក្ខខណ្ឌ​​ការងារ​នៅ​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយ​កន្លែង​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​Thammakaset ។​

​កសិដ្ឋាន​នេះ​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​វិវាទ​ការងារ​ដោយ​កម្មករ​មី​យ៉ាន់​ម៉ា​ធ្វើការ​តវ៉ា​អំពី​ម៉ោង​ធ្វើការ​និង​ល័ក្ខខ័ណ្ឌ​ការងារ​។​

​តុលាការ​ជាន់ខ្ពស់​របស់​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន​បាន​បញ្ជា​ឱ្យ​ម្ចាស់​កសិដ្ឋាន​បង់ប្រាក់​សំណង​ដល់​កម្មករ​ទាំងនោះ​។​តែ​ម្ចាស់​កសិដ្ឋាន​បែរ​ជា​ប្តឹង​អ្នកកាសែត កម្មករ​និង​សកម្មជន​សិទ្ធិមនុស្ស​ច្រើន​នាក់​បី​បទ​បរិហារកេរ្តិ៍​។​

​លោកស្រី​ស៊ូ​ចា​នី ក្ល​យ បាន​កំពុង​ធ្វើការ​ឱ្យ​ទូរទស្សន៍​”​សំឡេង​ថៃ​”​នៅពេល​ដែល​បាន​ធ្វើ​អត្ថាធិប្បាយ​នេះ​នៅ​លើ​ទំនាក់ទំនង​សង្គម ហើយ​គ្រោង​នឹង​ប្តឹង​ឧទ្ធរណ៍​​ចំពោះ​ទោស​ជាប់គុក​២​ឆ្នាំ​សំរាប់​លោកស្រី​។​បច្ចុប្បន្ន​លោកស្រី​ស្ថិតនៅ​ក្រៅ​ឃុំ​។​

​ដោយ​លើកឡើង​អំពី​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញ​មតិ​នៅ​ថៃ​កាន់តែ​រួម​តូច​នោះ លោកស្រី​ស៊ូ​ចា​នី ក្ល​យ បាន​និយាយថា “​មានការ​រឹតបន្តឹង​ខ្លាំង​លើ​សេរីភាព​​បញ្ចេញមតិ​នៅ​ថៃ ក្នុងចំណោម​អ្នកកាសែត​ទាំងឡាយណា​ដែល​រាយការណ៍​អំពី​ប្រធានបទ​រសើប​ដូចជា​បញ្ហា​សិទ្ធិមនុស្ស​និង​នយោបាយ​”៕​ប្រែ​សម្រួល​៖​សុខា​/sn

លោកស្រី​ស៊ូ​ចា​នី ក្ល​យ អតីត​អ្នកយកព័ត៌មាន​អោយ​ទូរទស្សន៍​”​សំឡេង​ថៃ​”