ដោយ: មុនីរ័ត្ន / ភ្នំពេញ: អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីកិច្ចសហការការពារសន្តិសុខ នៃដំណើរការសវនាការកាត់ទោសលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនេះ។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់អភិបាលរាជធានី ខេត្ត និងស្នងការនគរបាល និងមេប៉េអឹមទាំង២៥រាជធានី ខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានថ្លែងប្រាប់រស្មីកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែមករា ថា កិច្ចប្រជុំនេះបានផ្តោតសំខាន់លើការពារសន្តិសុខទូទាំងផ្ទៃប្រទេស និងការយកចិត្តទុកដាក់បន្ថែម ពាក់ព័ន្ធការបើកសវនាការកាត់ទោសលោកកឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា “យើងមិនអាចវាយតម្លៃអត្តនោម័តចំពោះសភាពការណ៍បានទេ យើងក៏មិនទុកចិត្តដែលថាពួកនោះអស់ឧបាយកលនិងញុះញង់បំពុលបរិយាកាសសង្គម”។
សូមជម្រាបថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នឹងទៅចូលរួមក្នុងសវនាការនៅសាលាដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ តាមការកោះហៅរបស់ចៅក្រម អំពីសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
លោកវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ បានចេញដីកាកោះលោកកឹម សុខា ឲ្យចូលរួមក្នុងសវនាការនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានដូចជា: លោកកូយ សៅ ជាប្រធានក្រុមប្រឹក្សា លោកសេង លាង ចៅក្រមប្រឹក្សា លោកធាន ច័ន្ទពិសិដ្ឋ ជាចៅក្រមប្រឹក្សា និងលោកជ័យ វាសនាជាក្រឡាបញ្ជីសវនាការ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញដែលទទួលបន្ទុកចាត់ការលើសំណុំរឿងព្រហ្មទណ្ឌជំនុំជម្រះលេខ ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ជាប់ចោទពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមាមត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បានកំណត់កាលបរិច្ឆេទជំនុំជម្រះលើសំណុំរឿងនេះ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលសវនាការទី១ នៃសាលាដំបូងរាជធានីភ្នំពេញ។
អ្នកនាំពាក្យបន្តថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការស៊ើបសួរលើសំណុំរឿងព្រហ្មទណ្ឌលេខ ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ត្រូវបានចោទប្រកាន់ពីបទ សនិ្ទដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។ ក្រោយពីបានស្រាវជ្រាវ និងស៊ើបសួរចប់សព្វគ្រប់ ចៅក្រមស៊ើបសួរពិនិត្យឃើញថា មានភស្តុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ហើយចៅក្រមស៊ើបសួរបានសម្រេចបិទបញ្ចប់ការស៊ើបសួរនេះ ដោយបញ្ជូនជនត្រូវចោទឈ្មោះ កឹម សុខា ទៅតុលាការជំនុំជម្រះ តាមដីកាបញ្ជូនទៅជំនុំជម្រះលេខ ៦៤០០ «គ» ដ.ដ ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩។
លោក គី ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញលិខិតជូនដំណឹងស្តីពីការបិទការស៊ើបសួរលើសំណុំរឿងលោកកឹម សុខា ដែលដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ សន្ទិដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ។
ការសម្រេចបិទការស៊ើបសួរសំណុំរឿងលោកកឹម សុខា គឺបន្ទាប់ពីដំណើរការនីតិវិធីអស់រយៈពេលជាងពីរឆ្នាំ។ នៅក្នុងសំណុំរឿងនេះ លោកកឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕ ល/Ha