ដោយ: វណ្ណៈ / ព្រះសីហនុ: កម្លាំងនគរបាលខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ បានបើកប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ ជាជនជាតិចិន ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួក ២នាក់ទៀតកំពុងរត់គេចខ្លួន។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ WANG HONG TAO ភេទប្រុស អាយុ២៩ឆ្នាំ ជាជនជាតិចិន មុខរបរអ្នកនាំភ្ញៀវចូល កាស៊ីណូ ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់សមត្ថកិច្ចបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងល្បាតបានប្រទះឃើញរថយន្តម៉ាក Takoma មួយគ្រឿង បើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយយកស្បោងប្លាស្ទិកពណ៌ខ្មៅរុំស្លាកលេខ ដែលសមត្ថកិច្ចសន្និដ្ឋានថា អាចជាក្រុមមុខសញ្ញាប្លន់ ឬចាប់ជំរិត។
ភ្លាមនោះកម្លាំងជំនាញ បានសហការគ្នាតាមឃ្លាំមើល ក្រុមជនសង្ស័យ ទើបធ្វើឲ្យពួកគេដឹងខ្លួននិងបើករថយន្តបង្វែងដានសមត្ថកិច្ចនិងព្យាយាមបើករត់គេចខ្លួនឡើងទៅផ្លូវជាតិ៤។
ពេលនោះកម្លាំងសមត្ថកិច្ច បានសហការតាមបង្ក្រាប រហូតដល់ម្តុំជិតស្ពានទឹកសាប ឃុំរាមស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្រាប់តែរថយន្ដរបស់ក្រុមជនសង្ស័យ បានក្រឡាប់ ទើបសមត្ថកិច្ចឃាត់ខ្លួនបានបក្ខពួកម្នាក់ ចំណែក២នាក់ បានរត់គេចចូលក្នុងព្រៃបាត់។
នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបានវត្ថុតាងរួមមាន៖ អាវុធខ្លី ១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 មានបង់ ១ និងគ្រាប់ ៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៊ិកផ្លាកលេខ ភ្នំពេញ 2BD-7915 ចំនួន ១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បចាត់តាមនីតិវិធី ចំណែកបក្ខពួក ២នាក់ទៀត សមត្ថកិច្ច កំពុងតាមចាប់ខ្លួនយកទៅផ្តន្ទាទោស តាមច្បាប់៕ ល/Ha