ព្រះអង្គម្ចាស់ឆាលអាចនឹងកាត់លុយទ្រទ្រង់ជីវភាព២លានផោន (២,៦១លានដុល្លារ) ពីបុត្រាហារីនិងព្រះនាងមេហ្គាន ប្រសិនបើទ្រង់ទាំងពីរសម្រេចចិត្តចុះចេញពីតួនាទីរាជវង្សទាំងស្រុង។

ព្រះអង្គម្ចាស់ឆាលបានសម្រេចព្រះទ័យច្បាស់ណាស់ថាទ្រង់នឹងលែងប្រទានលុយដល់អ្នកទាំងពីរ ប្រសិនបើប្តីប្រពន្ធនេះសម្រេចចិត្តចាកចេញពីគ្រួសាររាជវង្ស។

ដំណឹងនេះកើតឡើងបន្ទាប់ពីការប្រកាសដ៏ភ្ញាក់ផ្អើលកាលពីថ្ងៃពុធដោយព្រះអង្គម្ចាស់ហារីនិងព្រះនាងមេហ្គានថា ទ្រង់ទាំងទ្វេមានផែនការចាប់ផ្តើមតួនាទីថ្មីឈានមុខក្នុងស្ថាប័នរាជវង្ស។

ក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះអង្គម្ចាស់ហារីព្រះជន្ម៣៥វស្សា និង ព្រះនាងមេហ្គានព្រះជន្ម៣៨វស្សាបានមានបន្ទូលថា ពួកទ្រង់មានគម្រោងធ្វើឱ្យមានឯករាជ្យខាងហិរញ្ញវត្ថុ និង​បែងចែកពេលវេលារវាងចក្រភពអង់គ្លេសនិងអាម៉េរិកខាងជើង។

ឥឡូវប្រភពមួយបានប្រាប់កាសែតថែមស៍ថា ទ្រង់ទាំងពីរចង់រស់នៅកាណាដា ខណៈព្រះអង្គម្ចាស់ឆាលព្រះជន្ម៧១វស្សាបានបញ្ជាក់ច្បាស់ថា ទ្រង់ទាំងពីរនឹងមិនត្រូវបានអនុញ្ញាតឱ្យដកលុយពីឃ្លាំងលុយរាជវង្សនោះឡើយ។

យោងតាមរបាយការណ៍នានាបានឱ្យដឹងថា ព្រះអង្គម្ចាស់ឆាលចង់ដោះស្រាយរឿងលុយនេះឱ្យបានដាច់ស្រេច ក្រោយអនាគតតួនាទីរបស់ហារីនិងមេហ្គានត្រូវបានឯកភាពដោយភាគីពាក់ព័ន្ធទាំងអស់។

ក្នុងនាមជាគ្រួសារស្តេច មេហ្គាននិងហារីទទួលបានចំណូល៥ភាគរយពីឃ្លាំងលុយរាជវង្ស ដែលជាលុយបានមកពីអ្នកបង់ពន្ធនៅអង់គ្លេស៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់ឆាលអាចនឹងកាត់លុយទ្រទ្រង់ជីវភាព២លានផោន (២,៦១លានដុល្លារ) ពីបុត្រាហារីនិងព្រះនាងមេហ្គាន ប្រសិនបើទ្រង់ទាំងពីរសម្រេចចិត្តចុះចេញពីតួនាទីរាជវង្សទាំងស្រុង