ដោយ:ដេប៉ូ/ភ្នំពេញ ៖ ពិព័រណ៍សៀវភៅ Big Bad Wolf Book បានចាប់ផ្តើមកម្មវិធីបើកដំណើរការ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅផ្សារបុរីរុងរឿង ដែលស្ថិតនៅក្នុង ខណ្ឌជ្រោយចង្វារ។ ពិព័រណ៍នេះដែរបើកដំណើរការចាប់ ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១២អធ្រាត្រ ការចូលរួមទស្សនាពិព័រណ៍សៀវភៅនេះ គឺពុំគិតថ្លៃនោះឡើយ។

ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បានសហការជាមួយ បណ្ណាល័យបញ្ញវន្ត និងបណ្ណាល័យកណ្តាលរបស់ក្រសួងអប់រំ យុវជន និងកីឡា ធ្វើជាដៃគូសម្រាប់កម្មវិធី ទំនួលខុសត្រូវចំពោះ សង្គម (CSR) របស់ខ្លួនដែលមានឈ្មោះថា Red Readerhood ដើម្បីបរិច្ចាគសៀវភៅ ឲ្យទៅអ្នកដែលខ្វះខាត។

នាឱកាសនេះដែររដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានអញ្ជើញចូលរួមជាកត្តិយស ក្នុងពិធីបើកសម្ពោធជាផ្លូវការនេះ ដើម្បីបង្ហាញពីការចូលរួមគាំទ្រ ពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូង នៅក្នុងប្រទេស កម្ពុជា។

គួរបញ្ជាក់ថាពិព័រណ៍នេះ បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗ ចំនួន១លានក្បាល មកដាក់លក់បញ្ចុះតម្លៃចាប់ពី ៥០ភាគរយរហូតដល់ ៩០ភាគរយ ក្នុងនោះមានសៀវភៅជាច្រើន ប្រភេទរួមមាន៖ ដូចជាសៀវភៅសម្រាប់កុមារ, សៀវភៅ ប្រលោមលោក, សៀវភៅរឿងពិត, សៀវភៅលក់ដាច់បំផុត, សៀវភៅប្រលោមលោកបែបវិទ្យាសាស្រ្ត, សៀវភៅស្នេហា, សៀវភៅអភិវឌ្ឍន៍ខ្លួនឯង, សៀវភៅក្រាហ្វិក, សៀវភៅអាជីវកម្ម, សៀវភៅស្ថាបត្យកម្ម, សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត។

ក្រុមហ៊ុនសែលកាត ដែលជាដៃគូរ សហការផ្នែកទូរគមនាគមន៍របស់ពិព័រណ៍ Big Bad Wolf Sale នៅទីក្រុងភ្នំពេញ ឆ្នាំ២០២០ មានស្តង់ពិព័រណ័ផ្ទាល់ខ្លួនមួយ សម្រាប់ផ្តល់ការកំសាន្ត ដល់អ្នកចូលរួម។ព្រមជាមួយគ្នាអតិថិជនអាចទិញសៀវភៅទាំងនោះបាន តាម រយៈការទូទាត់ជាលុយសុទ្ធ, ប្រើកាតឥណទាន ឬ ប្រើកាតឥណពន្ធ។

ព្រមជាមួយគ្នាអ្នកចូលរួមទស្សនា ត្រូវបានលើកទឹកចិត្ត ឲ្យមកចូលរួមទស្សនាពិព័រណ៍ច្រើនដង ដោយហេតុថា ពីមួយថ្ងៃទៅមួយថ្ងៃ នឹងមានសៀវភៅចូលថ្មី ដាក់លក់ជានិច្ច ក្នុងរយៈពេល១២ថ្ងៃ នៃពិធីពិព័រណ៍សៀវភៅនេះ។ សៀវភៅវេទមន្ត «Magical Books» គឺជាសៀវភៅដ៏សំខាន់មួយប្រភេទ នៅក្នុងពិព័រណ៍ សៀវភៅនេះ។ សៀវភៅនេះដែរ នឹង ជួយលើកទឹកចិត្តឲ្យកុមារ មានការចាប់អារម្មណ៍លើការអានសៀវភៅ ហើយសៀវភៅនេះ នឹងធ្វើឲ្យកុមារមានទម្លាប់ក្នុងការអានសៀវភៅផងដែរ។ ឪពុកម្តាយ ឬអាណាព្យាបាលអាចជ្រើសរើសសៀវភៅ សម្រាប់កូនៗរបស់ខ្លួនដូចជា៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey។

គួរបញ្ជាក់ថាBig Bad Wolf Books ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ ដោយស្ថាបនិកជនជាតិម៉ាឡេស៊ីចំនួន២រូប ដើម្បីអាចឲ្យប្រជាជនម៉ាឡេស៊ី អាចទទួលបាន សៀវភៅភាសាអង់គ្លេស ដែលមានគុណភាពខ្ពស់ក្នុងតម្លៃសមរម្យ។

ក្នុងពិធីនេះដែរអ្នកចូលរួមត្រូវបានលើកទឹកចិត្ត ឲ្យបរិច្ចាគសៀវភៅនៅបញ្ជរ Red Readerhood ដែលមានទីតាំងបន្ទាប់ពី បញ្ជរគិតលុយ នៅក្នុងសាលពិព័រណ៍។ សម្រាប់គំនិតផ្តួចផ្តើម នៅក្នុងកម្មវិធី Red Readerhood នេះ ពិព័រណ៍សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹងបរិច្ចាគសៀវភៅចំនួន៥០០ក្បាល ពីលើការបរិច្ចាគ ដែលប្រមូលបាននៅក្នុងកម្មវិធីពិព័រណ៍៕B/