ដោយ​: ដេប៉ូ / ភ្នំពេញ​: ពិព័រណ៍​សៀវភៅ Big Bad Wolf Book បានចាប់ផ្តើម​កម្មវិធី​បើក​ដំណើរការ ចាប់ពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ផ្សារ​បុរី​រុងរឿង ដែល​ស្ថិតនៅក្នុង ខណ្ឌ​ជ្រោយចង្វារ​។​ពិព័រណ៍​នេះដែរ​បើក​ដំណើរការ​ចាប់ពី​ម៉ោង​៩​ព្រឹក រហូតដល់​ម៉ោង​១២​អធ្រាត្រ ការចូលរួម​ទស្សនា​ពិព័រណ៍​សៀវភៅ​នេះ គឺ​ពុំ​គិតថ្លៃ​នោះឡើយ​។​

​ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 បាន​សហការ​ជាមួយ បណ្ណាល័យ​បញ្ញវន្ត និង​បណ្ណាល័យ​កណ្តាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើជា​ដៃគូ​សម្រាប់​កម្មវិធី ទំនួល​ខុសត្រូវ​ចំពោះ សង្គម (CSR) របស់ខ្លួន​ដែលមាន​ឈ្មោះថា Red Readerhood ដើម្បី​បរិច្ចាគ​សៀវភៅ ឲ្យ​ទៅ​អ្នក​ដែល​ខ្វះខាត​។​

​នាឱកាស​នេះដែរ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​អញ្ជើញ​ចូលរួម​ជាក​ត្តិ​យស ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នេះ ដើម្បី​បង្ហាញ​ពី​ការចូលរួម​គាំទ្រ ពិព័រណ៍​សៀវភៅ Big Bad Wolf Book ដែល​រៀបចំ​ធ្វើ​ឡើងជា​លើកដំបូង នៅក្នុង​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​ពិព័រណ៍​នេះ បាន​នាំយកមក​នូវ​សៀវភៅ​អង់គ្លេស​ថ្មីៗ ចំនួន​១​លាន​ក្បាល មក​ដាក់លក់​បញ្ចុះតម្លៃ​ចាប់ពី ៥០​ភាគរយ​រហូតដល់ ៩០​ភាគរយ ក្នុងនោះ​មាន​សៀវភៅ​ជាច្រើន ប្រភេទ​រួមមាន​៖ ដូចជា​សៀវភៅ​សម្រាប់​កុមារ​, សៀវភៅ ប្រលោមលោក​, សៀវភៅ​រឿង​ពិត​, សៀវភៅ​លក់ដាច់​បំផុត​, សៀវភៅ​ប្រលោមលោក​បែប​វិទ្យាសាស្ត្រ​, សៀវភៅ​ស្នេហា​, សៀវភៅ​អភិវឌ្ឍន៍​ខ្លួនឯង​, សៀវភៅ​ក្រាហ្វិក​, សៀវភៅ​អាជីវកម្ម​, សៀវភៅ​ស្ថាបត្យកម្ម​, សៀវភៅ​រចនា និង​សៀវភៅ​ជាច្រើន​ប្រភេទ​ទៀត​។​

​ក្រុមហ៊ុន​សែ​ល​កាត ដែលជា​ដៃគូរ សហការ​ផ្នែក​ទូរគមនាគមន៍​របស់​ពិព័រណ៍ Big Bad Wolf Sale នៅ​ទីក្រុង​ភ្នំពេញ ឆ្នាំ​២០២០ មាន​ស្តង់​ពិព័រណ៍​ផ្ទាល់ខ្លួន​មួយ សម្រាប់​ផ្តល់​ការកំសាន្ត ដល់​អ្នកចូលរួម​។​ព្រម​ជាមួយគ្នា​អតិថិជន​អាច​ទិញ​សៀវភៅ​ទាំង​នោះបាន តាមរយៈ​ការទូទាត់​ជា​លុយ​សុទ្ធ​, ប្រើ​កាត​ឥណទាន ឬ ប្រើ​កាត​ឥណ​ពន្ធ​។

​ព្រម​ជាមួយគ្នា​អ្នកចូលរួម​ទស្សនា ត្រូវបាន​លើកទឹកចិត្ត ឲ្យ​មក​ចូលរួម​ទស្សនា​ពិព័រណ៍​ច្រើនដង ដោយហេតុថា ពីមួយថ្ងៃ​ទៅមួយថ្ងៃ នឹងមាន​សៀវភៅ​ចូល​ថ្មី ដាក់លក់​ជានិច្ច ក្នុង​រយៈពេល​១២​ថ្ងៃ នៃ​ពិធី​ពិព័រណ៍​សៀវភៅ​នេះ​។ សៀវភៅ​វេទមន្ត «Magical Books» គឺជា​សៀវភៅ​ដ៏​សំខាន់​មួយ​ប្រភេទ នៅក្នុង​ពិព័រណ៍ សៀវភៅ​នេះ​។ សៀវភៅ​នេះដែរ នឹង​ជួយ​លើកទឹកចិត្ត​ឲ្យ​កុមារ មានការ​ចាប់អារម្មណ៍​លើ​ការអាន​សៀវភៅ ហើយ​សៀវភៅ​នេះ នឹងធ្វើ​ឲ្យ​កុមារ​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ផងដែរ​។ ឪពុកម្តាយ ឬ​អាណាព្យាបាល​អាច​ជ្រើសរើស​សៀវភៅ សម្រាប់​កូនៗ​របស់ខ្លួន​ដូចជា​៖ Little Red Riding Hood, Let’s Learn Alphabet ABC, as well as Disney titles like Disney Frozen: A Sleepover Party, and educational titles like ABC Fun With Mickey​។​

​គួរ​បញ្ជាក់ថា​Big Bad Wolf Books ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៩ ដោយ​ស្ថាបនិក​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​២​រូប ដើម្បី​អាច​ឲ្យ​ប្រជាជន​ម៉ាឡេស៊ី អាច​ទទួលបាន សៀវភៅ​ភាសា​អង់គ្លេស ដែលមាន​គុណភាព​ខ្ពស់​ក្នុងតម្លៃ​សមរម្យ​។
​ក្នុង​ពិធី​នេះដែរ​អ្នកចូលរួម​ត្រូវបាន​លើកទឹកចិត្ត ឲ្យ​បរិច្ចាគ​សៀវភៅ​នៅ​បញ្ជរ Red Readerhood ដែលមាន​ទីតាំង​បន្ទាប់ពី បញ្ជរ​គិតលុយ នៅក្នុង​សាល​ពិព័រណ៍​។ សម្រាប់​គំនិត​ផ្តួចផ្តើម នៅក្នុង​កម្មវិធី Red Readerhood នេះ ពិព័រណ៍​សៀវភៅ Big Bad Wolf Book Sale សន្យាថា នឹង​បរិច្ចាគ​សៀវភៅ​ចំនួន​៥០០​ក្បាល ពីលើ​ការបរិច្ចាគ ដែល​ប្រមូលបាន​នៅក្នុង​កម្មវិធី​ពិព័រណ៍​៕ ល​