កាលពីថ្ងៃព្រហស្បតិ៍ទី៩មករា ប្រធានាធិបតីរុស្ស៊ីវ៉្លាឌីមៀរ ពូទីនបានទស្សនាដោយផ្ទាល់នូវសមយុទ្ធយោធាដ៏ធំមួយនៅឯនាយឆ្នេរសមុទ្រគ្រីមេដែលកំពុងមានជម្លោះ។
អគ្គមេបញ្ជាការកំពូលរូបនេះបានមើលកាំជ្រួចមីស៊ីលបញ្ជាទិស Kalibr និងកាំជ្រួចមីស៊ីលលឿនជាងសំឡេង Kinzhal បាញ់ចេញពីនាវា Marshal Ustinov ខណៈគាត់ជិះជាមួយកងនាវាខាងជើងនិងសមុទ្រខ្មៅនៅឆ្នេរសមុទ្រគ្រីមេ។
រដ្ឋាភិបាលក្រុងមូស្គូបានកាត់យកឧបទ្វីបគ្រីមេពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤ ក្នុងចំណាត់ការមួយ ដែលត្រូវបានថ្កោលទោសដោយប្រទេសលោកខាងលិច ហើយថ្មីៗនេះបានជួបពិភាក្សាជាមួយប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន ខណៈរុស្ស៊ីព្រយាមបង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសណាតូមួយនេះ។
ការបង្ហាញរបស់ពូទីនបានកើតឡើងបន្ទាប់ពីភាពតានតឹងនៅមជ្ឈិមបូព៌ាបាននាំឱ្យសហរដ្ឋអាម៉េរិកសម្ញែងយន្តហោះបំបាំងកាយចំនួន ៥២ គ្រឿងនៅឯមូលដ្ឋានទ័ពអាកាសក្នុងរដ្ឋយូថារបស់ពួកគេក្នុងការបង្ហាញសាច់ដុំកងកម្លាំងដ៏ខ្លាំងក្លា។
ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា នាវាជាង ៣០ គ្រឿង យន្តហោះ ៤០ គ្រឿង និងនាវាមុជទឹកមួយគ្រឿង បានចូលរួមក្នុងសមយុទ្ធយោធានេះ ក្នុងនោះរួមមានទាំងនាវាប្រឆាំងនឹងនាវាមុជទឹកនិងនាវាឡើងគោក៕ ដោយ៖ កញ្ញាដាលីស