ខ្មាន់កាំភ្លើងពាក់ម៉ាសមុខម្នាក់ បានដើរចូលក្នុងផ្សារមួយនៅថៃភាគកណ្តាលនិងបាញ់សម្លាប់មនុស្ស៣នាក់ រួមមានក្មេងអាយុ២ឆ្នាំម្នាក់និងបានប្លន់តូបលក់មាសមួយមុនគេចខ្លួន នេះបើតាមរបាយការណ៍ប៉ូលិសថៃកាលពីថ្ងៃសុក្រទី១០មករា។
រូបក្នុងកាមេរ៉ាសន្តិសុខនៅផ្សារRobinsonក្នុងខេត្តឡប់បូរី បង្ហាញខ្មាន់កាំភ្លើងដើរសំដៅតូបមួយនៅម៉ោងប្រមាណ៨យប់ថ្ងៃព្រហស្បតិ៍ និងបាញ់អ្នកលក់និងជនរងគ្រោះម្នាក់ទៀត មុនលោតទៅលើតូបនិងចាប់ប្រមូលគ្រឿងអលង្ការមាស។
មេប៉ូលិសខេត្ត បានប្រាប់អ្នកយកព័ត៌មានថា បុរសនេះចូលមកក្នុងផ្សារតែឯងនិងបាញ់សន្តិសុខផ្សារដែលជួបដោយចៃដន្យ និងបន្ទាប់មកចាប់ផ្តើមបាញ់អត់រើសមុខ ដោយសម្លាប់មនុស្ស៣នាក់និងបង្ករបួស៤នាក់ទៀត។«ចោរប្លន់នេះគ្មានមេត្តា យើងកំពុងតាមរកគ្រប់កន្លែង។យើងនឹងចាប់ជននេះនាំមកកាត់ទោស»៕ប្រែសម្រួល៖វាសនា
គ្រូពេទ្យជួយបុរសរងរបួសពីការបាញ់របស់ចោរប្លន់នៅផ្សារមួយក្នុងខេត្តឡប់បូរី ខាងជើងក្រុងបាងកកកាលពីថ្ងៃ០៩មករា