នាង អាឡិចស៊ីស អេដឌី (Alexis Eddy) អាយុ ២៣ ឆ្នាំ ដែលល្បីក្នុងរឿងភាគ “Are You One?” របស់ទូរទស្សន៍ MTV ត្រូវគេរកឃើញស្លាប់នៅរដ្ឋវើជីនៀខាងលិច។
យោងតាមវេបសាយ TMZ ប៉ូលិសបានឆ្លើយតបទៅនឹងការហៅទូរស័ព្ទមួយកាលពីថ្ងៃព្រហស្បតិ៍ទី៩មករានៅម៉ោងប្រហែល ៧ ព្រឹកទាក់ទងនឹងស្ត្រីម្នាក់គាំងបេះដូង។ អាជ្ញាធរកំពុងកំណត់ពីមូលហេតុនៃការស្លាប់ហើយកំពុងរង់ចាំរបាយការណ៍កោសល្យវិច័យដើម្បីបញ្ជាក់ថាគ្មានការលបធ្វើឃាតលើនាង។
អ្នកនាំពាក្យរបស់ទូរទស្សន៍ MTV បានបញ្ជាក់ពីព័ត៌មានសោកនាដកម្មនេះដល់ទូរទស្សន៍ Fox News ថា “ទូរទស្សន៍ MTV មានការសោកស្តាយយ៉ាងខ្លាំងដែលបានដឹងអំពីការបាត់បង់ដ៏សោកសៅនៃតារាសម្តែង អាឡិចស៊ីស អេដឌី។ យើងសូមរំលែកទុក្ខដល់ក្រុមគ្រួសារនិងមិត្តភក្តិរបស់នាងក្នុងគ្រាដ៏លំបាកនេះ”។
យោងតាមគណនី Twitter របស់នាង នាងអេដឌីបានបើកចំហអំពីការតស៊ូរបស់នាងជាមួយនឹងការសេពសារធាតុញៀននាពេលកន្លងទៅ ប៉ុន្តែនៅក្នុងខែសីហាឆ្នាំ ២០១៩ នាងបានអបអរចំពោះការភ្ញាក់រលឹកឡើងវិញ។ បន្ទាប់មកនៅក្នុងខែកញ្ញានាងបានប្រកាសថា ឪពុករបស់នាងក៏ស្អាតស្អំនិងដឹងខ្លួនភ្ញាក់រលឹកផងដែរ។ កាលពីខែតុលានាងអេដឌីបានលាតត្រដាងថានាងបានភ្ជាប់ពាក្យ ប៉ុន្តែរូបថតជាមួយគូដណ្តឹងរបស់នាងត្រូវបានលុបចោល ហើយគេជឿថាពួកគេបានបែកបាក់គ្នា៕ ដោយ៖ កញ្ញាដាលីស