បុរសម្នាក់នៅរដ្ឋញូវ សោត វេលស៍(New South Wales) ដែលត្រូវបានចោទប្រកាន់ពីបទលួចដុតឱ្យឆេះព្រៃបង្កការបំផ្លិចបំផ្លាញខ្លាំងនៅរដ្ឋវិចធឺរៀ(Victoria) នេះស្ថិតក្រោមការគំរាមសម្លាប់និកំហឹងពីប្រជាជនមូលដ្ឋាន នៅពេលមនុស្ស៣នាក់បានស្លាប់ដោយអគ្គិភ័យនៅជិតនោះ។
បុរសឈ្មោះម៉ៃឃើល ទ្រឿង អាយុ៣៦ឆ្នាំនេះ ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនដោយពួកអ្នកស្រុកនៅទីក្រុងចនសុនវីលក្នុងរដ្ឋវិចធឺរៀ ដែលកំពុងជួបវិបត្តិភ្លើងឆេះព្រៃនេះ ។
បុរសដែលត្រូវបាប់ខ្លួនេះ បានប្រឈមនឹងហ្វូងអ្នកស្រុកដែលខឹងសម្បារនៅពេលគាត់បានបង្ហាញខ្លួននៅតុលាការ ចំពោះការចោទប្រកាន់ពីបទដុតព្រៃឱ្យឆេះ។
ផ្ទៃដីព្រៃជាងកន្លះពាន់លានហិកតានៅរដ្ឋវិចធឺរៀ ត្រូវបានភ្លើងឆេះដោយបំផ្លាញផ្ទះរាប់សិបខ្នងនិងធ្វើឱ្យសហគមន៍ដាច់ស្រយាលជាច្រើនគ្មានអគ្គិសនីប្រើប្រាស់និងដាច់ការទាក់ទង។
មនុស្ស៣នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយភ្លើងឆេះព្រៃនៅរដ្ឋវិចធឺរៀ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
ម៉ៃឃើល ទ្រឿង ត្រូវបានចាប់ខ្លួនដោយពួកអ្នកស្រុកនិងមន្ត្រីពន្លត់អគ្គិភ័យបន្ទាប់ពីពួកគេបានឃើញរថយន្តពាក់ស្លាកលេករដ្ឋញូវ សោតវេលស៍បើកយឺតៗនៅតំបន់ដីព្រៃ។
ដោយមានការតាមដាននោះ ពួកអ្នកស្រុកនោះបានអះអាងថាម៉ៃឃើល ទ្រឿង បានដុតភ្លើងឆេះជាមួយបំណែកក្រដាសនៅក្នុងព្រៃក្រាស។ពួកគេបានឃើញភ្លើងឆេះភ្លាមៗនៅពេលនោះ ហើយម៉ៃឃើល ទ្រឿង ត្រូវបានចាប់ឃាត់ខ្លួនដោយប៉ូលិស។
លោកស្រីម៉ាហ្ការេត ស៊ូល មន្ត្រីស៊ើបអង្កេតបាននិយាយថា ” គាត់ត្រូវបានចាប់ខ្លួន ដោយពួកអ្នកស្រុកដែលបានទូរស័ព្ទទៅប៉ូលិស”។ លោកស្រីបាននិយាយថា វាមានភ្លើងឆេះតិចតួចណាស់ ហើយវាមិនទាក់ទងទៅនឹងភ្លើងឆេះព្រៃខ្លាំងរាប់លានហិចតាផ្សេងទៀតនោះទេ។ ភ្លើងឆេះព្រៃទាំងអស់របស់យើង ចាប់ផ្តើមឆេះដោយសារមានរន្ទះបាញ់”។
កាលពីថ្ងៃសុក្រទី១០មករា អាជ្ញាធរអូស្ត្រាលីបានអំពាវនាវអោយមនុស្សជិត២៥០.០០០នាក់ចាកចេញពីផ្ទះរបស់គេនិងត្រៀមយោធាចូលអន្តរាគមន៍នៅពេលសីតុណ្ហភាពកើនឡើង ហើយខ្យល់នឹងពង្រីកការឆេះរាលដាលនៃភ្លើងព្រៃកាន់តែលឿននៅទូទាំងឆ្នេរខាងកើត។
សីតុណ្ហភាពត្រូវរំពឹងថានឹងឡើងដល់៤០អង្សាសេនៅផ្នែកជាច្រើននៃប្រទេសអូស្ត្រាលីនៅថ្ងៃសុក្រ ហើយផ្នែកគ្រោះមហន្តរាយបានផ្ញើសារទៅកាន់ប្រជាជនប្រមាណ២៤០.០០០នាក់នៅរដ្ឋវិចធឺរៀ អោយចាកចេញ។មនុស្សក្នុងតំបន់ងាយរងគ្រោះខ្លាំងនៅ រដ្ឋញូវ សោតវេលស៍និងអូស្ត្រាលីខាងត្បូងក៏ត្រូវបានទទូចអោយចាកចេញផងដែរ។
សូមបញ្ជាក់ថា មនុស្ស២៧នាក់ហើយបានស្លាប់ដោយភ្លើងព្រៃនៅអូស្ត្រាលី និងរាប់ម៉ឺននាក់ប្រឈមការជម្លៀសនៅពេលភ្លើងព្រៃដ៏ធំបានបំផ្លាញដីព្រៃជាង១០,៣លានហិចតា ជាទំហំប៉ុនប្រទេសកូរ៉េខាងត្បូង។
ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីស្កត់ ម័ររីសុន បានចេញបញ្ជាអោយទាហានត្រៀមខ្លួនចេញអន្តរាគមន៍ភ្លាម នៅពេលពួកអ្នកពន្លត់ភ្លើងកំពុងប្រយុទ្ធទល់នឹងភ្លើងព្រៃប្រមាណ១៥០កន្លែង៕ដោយ៖សុខា/វាសនា
ម៉ៃឃើល ទ្រឿង ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនចំព៉ការសង្ស័យថាលួចដុតព្រៃ តែមន្ត្រីអះអាងថា ភ្លើងព្រៃរាប់លានហិចតាដ៏អន្តរាយបង្កឡើងដោយរន្ទះបាញ់