ដោយ:គូលែន/សៀមរាប ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត សៀមរាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួងបរិស្ថានជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអោយដឹងថា ក្នុងកិច្ចប្រជុំនេះរូបលោក និងគាំទ្រចំពោះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញ ដែលបានខិតខំរៀបចំបរិស្ថាន អនាម័យ និងរៀបចំការពារ និងគាំពារតំបន់អភិក្សធនធានធម្មជាតិនៅតាមបណ្តាក្រុង ស្រុក។

លោកក៏បានណែនាំដល់រដ្ឋបាលក្រុង ស្រុក បន្តរៀបចំយន្តការគ្រប់គ្រងការងារបរិស្ថាន អនាម័យ ដោយអនុវត្តស្របតាមគោលការណ៍ណែនាំអនុក្រឹត្យ ប្រកាស សារាចរ សេចក្តីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង ស្ថាប័នពាក់ព៏ន្ធ ព្រមទាំងការរៀបចំផែនទីប្លង់ការគ្រប់គ្រងការងារបរិស្ថាន និងសិក្សាលទ្ធភាពការកំណត់ទីលានចាក់សំរាមឲ្យមានលក្ខណៈបច្ចេកទេស។

លោកក៏បានអោយរៀបចំយន្តការគ្រប់គ្រង និងផែនការថវិកាគាំទ្រនិរន្តន៍ភាពការងារបរិស្ថានតាមទីប្រជុំជនក្រុង ស្រុក។ ក្រសួងបរិស្ថាន សូមគាំទ្រ និងបណ្តុះបណ្តាលដល់មន្ត្រីជំនាញបរិស្ថាន អនាម័យ ឲ្យកាន់តែយល់ដឹង ដើម្បីអនុវត្តការគាំទ្រការគ្រប់គ្រង បន្ទាប់ពីការសមារណកម្មមន្ត្រីដល់រដ្ឋបាលថ្នាក់ក្រុង ស្រុក រួចរាល់៕B/