ដោយ:បូកគោ/កំពត ៖ ថ្នាក់ដឹកនាំនៃក្រសួងឧស្សាហកម្ម និងសិប្បកម្មទទួលបន្ទុកក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត បានអះអាងថាវិបត្តិសេដ្ឋកិច្ចពិភពលោកមិនបានជះឥទ្ធិពលអវិជ្ជមានដល់កម្ពុជាឡើយ។ កម្ពុជាបាន និងកំពុងឈរជើងយ៉ាងរឹងមាំបន្ទាប់ពីប្រឹងប្រែងដោយខ្លួនឯងទាំងមិនរណប ឬពឹងផ្អែកលើនរណានោះ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេលមួយឆ្នាំនៃឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តកំពត នារសៀលថ្ងៃទី៩ ខែមករាឆ្នាំ ២០២០ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធបានមានប្រសាសន៍ថាកម្ពុជាបានប្តេជ្ញាចិត្តការពារឯករាជ្យ ក៏ដូចជាអធិបតេយ្យភាពជាតិគ្រប់កាលៈទេសៈទោះស្ថិតក្នុងស្ថានការណ៍បែបណាក៏ដោយ។

កម្ពុជាបាន និងកំពុងរស់នៅ ហើយឈរជើងយ៉ាងរឹងមាំបន្ទាប់ពីប្រឹងប្រែងដោយខ្លួនឯងទាំងមិនរណប ឬពឹងផ្អែកនរណានោះ។ ដូច្នេះកម្ពុជាមិនខ្លាចការគំរាមកំហែងពីប្រភពណាទាំងអស់ ពិសេសពាក្យព្រមានអំពីការដក ឬកាត់បន្ថយ EBA ពីសហភាពអឺរ៉ុបជាដើម។ លោកទេសរដ្ឋមន្ត្រីបានបញ្ជាលក់ថាតាមក្រុមអ្នកវិភាគការវិនិយោគពិភពលោកបានបង្ហាញថាស្ថានភាពសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្នកំពុងជួបវិបត្តិដ៏ខ្លាំងក្លាស្ទើរស្មើនឹងឆ្នាំ២០០៨ ឆ្នាំ២០០៩។ ប៉ុន្តែការវិភាគនេះបានអះអាងថាប្រទេសចំនួនបួនដែលមិនរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ពិភពលោកដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ ជាមូលដ្ឋានដែលនាំឱ្យមានការសន្និដ្ឋានបែបនេះព្រោះកម្ពុជាមានសភាពការណ៍នយោបាយសេដ្ឋកិច្ចល្អ ការកែទម្រង់ផ្ទៃក្នុងបានត្រឹមត្រូវដោយមិនខ្លាចញញើតរាល់សម្ពាធពីខាងក្រៅឡើយ។

ពាក់ព័ន្ធនឹងកិច្ចការងារបម្រើប្រជាពលរដ្ឋវិញ លោកប្រធានក្រុមការងារថ្នាក់ជាតិចុះ​ជួយមូលដ្ឋានខេត្តកំពតបានផ្តាំផ្ញើថា សមាជិកក្នុងក្រុមការងារទាំងអស់ត្រូវយកចិត្ដទុកដាក់ក្នុងការចុះមូលដ្ឋាន និងធ្វើផែនទីចុះជាប្រព័ន្ធឱ្យបានច្បាស់លាស់ ពិសេសត្រូវរួមគ្នាពង្រឹងកិច្ចការងារអង្គភាពច្រកចេញចូលតែមួយ ដើម្បីឆ្លើយតបរាល់សំណូមពរ និងបម្រើសេវាសាធារណៈក្នុងមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនេះ ត្រូវទប់ស្កាត់ និងការពារតំបន់ឆ្នេរឱ្យបានគង់វង្សទោះបីអ្នកបំពានទាំងនោះជាមន្ត្រី ឬកងម្លាំងថ្នាក់ផ្កាយមួយផ្កាយពីរក៏ដោយ។ ដូច្នេះ សាមីខ្លួនដែលកំពុងធ្វើសកម្មភាពត្រូវត្រៀមខ្លួនឱ្យហើយ និងកុំនឹកស្មានថាមិនមានអ្នកណាដឹងនោះ។

លោកចម ប្រសិទ្ធក៏បានក្រើនរំលឹកផងដែរថាក្រុមការងារក៏ត្រូវផ្សព្វផ្សាយដើម្បីបញ្ជ្រាបដល់ប្រជាកសិករនូវការរួមគ្នាសន្សំសំចៃទឹកដោយកាត់បន្ថយការធ្វើស្រូវប្រាំងមកដាំដំណាំបន្លែដែលប្រើប្រាស់ទឹកតិច ហើយទទួលផលច្រើនវិញ៕B/