ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ សាងសង់ផ្លូវក្រោមដី២ខ្សែនៅត្រង់កំណាត់មហាវិថី​សហព័ន្ធរុស្ស៊ី ដែលខ្សែទី១នៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងខ្សែទី២​នៅមុខវិទ្យាស្ថានភាសាបរទេស គ្រោង នឹងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាង​មុខនេះ ខណៈដែលតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ទទួលរងការកក​ស្ទះចរាចរណ៍រាល់ថ្ងៃ នៅពេលសិស្សនិស្សិតជាង២ម៉ឺននាក់ចេញ និងចូលសាលាក្នុងមួយថ្ងៃៗ។

ដើម្បីជំរុញឲ្យគម្រោងនេះដំណើរការទៅដោយរលូន រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ ខែមករាឆ្នាំ២០២០ បានបើកកិច្ចប្រជុំមួយក្រោម​អធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាលើ​គម្រោងស្ថាបនាផ្លូវក្រោមដីទាំងពីរខ្សែនេះឱ្យបានរលូននិងទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំនោះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន​ភ្នំពេញបានបញ្ជាក់ថា ជាគម្រោងដែលបាននឹងកំពុងសិក្សាទៅលើផ្លូវក្រោមដី​ទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវសហព័ន្ធរុស្ស៊ី នៅចំណុចមុខ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្ពោះទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសា​បរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្ស៊ី ឆ្ពោះមកផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្នុងគម្រោងនេះដែរ កំណាត់ផ្លូវ​សហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥ មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោងនឹងបិទរបាំងថ្មទ្រូងផ្លូវ មិនឲ្យធ្វើចរាចរណ៍ឆ្លងកាត់តែម្ដង។

មន្ត្រីជំនាញបានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សាវែកញែករក​ដំណោះស្រាយថាតើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះបានជំរុញឲ្យក្រុម​ការងារធ្វើការសិក្សាឲ្យបានម៉ត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយលោកជំរុញឲ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញនាយក​សាលាទាំងពីរខាងលើ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិង​សភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាមួយដើម្បីរកដំណោះស្រាយរួម មុននឹង​ដាក់ឲ្យគម្រោងខាងលើដំណើរការ ព្រោះថា គម្រោងនេះត្រូវតែអនុវត្តហើយ ដោយសារតែមាននិស្សិតប្រមាណជាង២ម៉ឺននាក់ចេញពី សកល វិទ្យាល័យទាំងពីរនេះ ហើយតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃ ខណៈដែល​និស្សិតចេញនិងចូលក្នុងសាលា៕B/Ha