ដោយ:គង់ហេង/កំពង់ចាម ៖ ស្ថានភាពសំណង់ខឿនច្រាំងទន្លេមេគង្គក្រុងកំពង់ចាម ដែលរាជរដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន ១,៦លាន ដុល្លារអាមេរិកតាមរយ:ក្រសួងធនធានទឹក និងឧតុនិយមនោះ គឺបានចាប់សាងសង់ក្រោយពីទឹកទន្លេនេះស្រកផុតច្រាំង មកដល់បច្ចុប្បន្នបានប្រមាណពី ៣៥ ទៅ ៤០ភាគរយ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ថា យើងបាននៅសល់សំណង់ច្រាំងទន្លេឆ្នាំ២០១៩ ប្រវែង ៣០ ម៉ែត្រនៃប្រវែងសរុបចំនួន ១៧០ ម៉ែត្រ គឺទឹកទន្លេមេគង្គជន់ឡើងមកដល់។

លោកប្រធានមន្ទីរបានឲ្យដឹងទៀតថា ប៉ុន្តែទឹកជំនន់ឆ្នាំ២០១៩ បានវាយប្រហារបាក់ស្រុតបន្ថែមលើខឿនច្រាំងទន្លេដែលបានស្ថាបនាកាលពីឆ្នាំ២០១៤ នៅជាប់នឹងសំណង់តម្លៃ ១,៦លាន ដុល្លារអស់ប្រវែង ៤០ម៉ែត្រទៀត។ ក្រសួងធនធានទឹកបានសម្រេច​សាង​សង់បូកបញ្ចូនគ្នាក្នុងគម្រោងតែមួយគឺទាំងសំណង់ច្រាំងចាស់ប្រវែង៣០ម៉ែត្រ និងសំណង់ច្រាំងថ្មីប្រវែង ៤០ ម៉ែត្រ។ ដោយបច្ចុប្បន្នបានស្ថាបនាបានប្រហែលពី ៣៥ ទៅ ៤០ភាគរយហើយ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាចំនួន ១,៦លាន ដុល្លារអាមេរិកតាមរយ:​ក្រសួងធនធានទឹក និងឧតុនិយម។ ដើម្បីធ្វើការសង្រ្គោះច្រាំងទន្លេមេគង្គដែលរអិលបាក់ស្រុតជាបន្ទាន់ប្រវែង ១៦០ម៉ែត្រ នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ប៉ុន្តែនៅពេលចុះអនុវត្តន៍ជាក់ស្តែងប្រវែងបានកើនដល់១៧០ម៉ែត្រ៕B/