ដោយ៖ រ៉ូហ្សា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ចំណាយថវិកា អស់ ៣៨៣.៩០០.០០០ រៀល លើប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីកម្ពុជា ដែលដណ្តើម មេដាយប្រាក់ និងសំរិទ្ធ នៃព្រឹត្តិការណ៍ ការប្រកួតកម្រិតអន្តរជាតិ ចំនួន ៤ ធំៗ កាលពីឆ្នាំមុន សម្រាប់កីឡាការ៉ាតេ និង គុនដាវ ដែលទទួលបានមេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង។
ក្នុងឱកាសប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្ត ដល់កីឡាករ កីឡាការិនីកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានការអញ្ជើញចូលរួម ពីសំណាក់លោក ស សុខា រដ្ឋលេខាធិការ តំណាងឲ្យលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
សម្រាប់ការប្រកួតជ្រើសរើស ជើងឯកសាកលវិទ្យាល័យ កីឡាគុនដាវអាស៊ី ២០១៩ នៅប្រទេសសឹង្ហបុរី កម្ពុជាដណ្តើមបាន មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ហើយបានទទួលរង្វាន់ ជាទឹកប្រាក់សរុបចំនួន ២០៨.០០០.០០០ រៀល ចំពោះការប្រកួតជ្រើសរើស ជើងឯកកីឡាគុនដាវ សាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី ដណ្តើមបានមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង សរុបទឹកប្រាក់ចំនួន ៩៣.០០០.០០០ រៀល។
ចំពោះការប្រកួតការ៉ាតេ ជ្រើសរើសជើងឯកអាស៊ី លើកទី១៨ នៅប្រទេសម៉ាឡេស៊ីវិញនោះ កម្ពុជា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង សរុបទឹកប្រាក់រង្វាន់ ចំនួន ២២.០០០.០០០ រៀល និងការប្រកួតកីឡាការ៉ាតេ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៨ នៅប្រទេសថៃ ដណ្តើមបានមេដាយសំរិទ្ធ ៥គ្រឿង សរុបទឹកប្រាក់រង្វាន់ ចំនួន ៦០.៩០០.០០០ រៀល ៕v