Home ព័ត៌មានអន្តរជាតិ ឥណ្ឌូនេស៊ី សុ...

ឥណ្ឌូនេស៊ី សុំ​អោយ​ជប៉ុន​ចូល​វិនិយោគ​នៅ​ ជិត​ដែនទឹក​មាន​ជម្លោះ​ជាមួយ​ចិន​

​ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក​ចូកូ វី​ដូ​ដូ កាលពី​ថ្ងៃ​សុក្រ​ទី​១០​មករា បាន​ស្នើសុំ​ជប៉ុន​បង្កើន​ការវិនិយោគ​ខាង​នេសាទ​និង​ថាមពល​នៅលើ​កោះ​ខ្លះ​របស់​ខ្លួន​​នៅ​សមុទ្រ​ចិន​ខាងត្បូង ក្រោយ​មាន​ការ​ប្រទាញប្រទង់​មួយ​ជាមួយ​ចិន​នៅក្នុង​ដែនទឹក​ដែល​ប្រទេស​ទាំង​ពីរ​អះអាង​សិទ្ធិ​ធ្វើ​អាជីវកម្ម​រៀងៗ​ខ្លួន​។​

​លោក​ចូកូ បាន​ធ្វើ​សំណើ​អោយ​ជប៉ុន​ពិចារណា​ឱកាស​សេដ្ឋកិច្ច​នៅ​កោះ​ណា​ទូ​ណា​ក្នុង​អំឡុង​ពេល​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក​តូ​ស៊ី​មី​តស៊ូ ម៉ូតេ​ហ្គី​ធ្វើ​ទស្សនកិច្ច​​ក្រុង​ហ្សា​ការតា​។​

​លោក​បាន​ប្រាប់​លោក​ម៉ូតេ​ហ្គី​ថា​«​ខ្ញុំ​ចង់​អញ្ជើញ​ជប៉ុន​អោយ​វិនិយោគ​នៅ​ណា​ទូ​ណា​»​។​

​សូម​រំលឹក​ថា កាលពី​ថ្ងៃ​ពុធ​លោក​ចូកូ បាន​ទៅ​ទស្សនកិច្ច​និង​សួរសុខទុក្ខ​កងទ័ព​ឈរជើង​នៅ​លើ​កោះ​ណា​ទូ​ណា​ដើម្បី​បញ្ជាក់​អះអាង​អធិបតេយ្យភាព​របស់​ឥណ្ឌូ​​នេ​ស៊ីលើ​កញ្ចុំ​កោះ​និង​ដែនទឹក​ជុំវិញ​ពួកវា ក្រោយពី​មាន​របាយការណ៍​ថា នាវា​ឆ្មាំ​សមុទ្រ​និង​នាវា​នេសាទ​ចិន​បាន​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ឥណ្ឌូ​នេ​​ស៊ី​ជាច្រើនលើក​ចាប់តាំងពី​ខែ​មុន​។​

​ចិន​មិនបាន​អះអាង​កម្មសិទ្ធិ​លើ​ប្រជុំ​កោះ​ណា​ទូ​ណា​តែ​ថា ខ្លួន​មាន​សិទ្ធិ​នេសាទ​នៅ​ជិតៗ​នោះ គឺ​ក្នុង​ខ្សែ​បន្ទាត់​ព្រំដែន​ទឹក​៩​ត្រេ ដែល​ចិន​ប្រកាស​ឡើង​ដោយ​​ខ្លួនឯង​។​ខ្សែ​ដែនទឹក​៩​ត្រេ​នេះ ជាន់​ដែនទឹក​ដែល​ក៏​អះអាង​ជា​កម្មសិទ្ធិ​ផងដែរ​ដោយ​វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយ​ណេ និង​កោះ​តៃវ៉ាន់​។​

​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​ប្រធានាធិបតីចូកូ​បាន​ស្នើអោយ​ជប៉ុន​មក​វិនិយោគ​ខាង​នេសាទ ថាមពល​និង​ទេសចរណ៍​​នៅ​កោះ​ណា​ទូ​ណា ហើយ​«​យើង​ព្រមព្រៀងគ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហការ​ខាង​ឆ្មាំ​សមុទ្រ​»​។​

​សូមបញ្ជាក់​ថា ឥណ្ឌូនេស៊ី បាន​បង្កើន​ការ​ល្បាត​តាម​សមុទ្រ​និង​អាកាស​នៅ​ម្តុំ​កោះ​ណា​ទូ​ណា និង​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​មក​ស្តាប់​ការប្រឆាំង​តវ៉ា​ចំពោះ​​វត្តមាន​នាវា​ចិន​នៅក្នុង​ដែនទឹក​របស់ខ្លួន​។​

​កាលពី​ឆ្នាំមុន ជប៉ុន​បាន​ផ្តល់ប្រាក់​១០០​ពាន់​លាន​រូពៀ​(៧,២​លាន​ដុល្លារ​)​ដើម្បី​សាងសង់​ផ្សារ​ត្រី​មួយ​នៅ​ណា​ទូ​ណា និង​ដាក់ឈ្មោះថា​ផ្សារ​ស្គីជិ តាម​ផ្សារ​ល្បី​នៅ​ក្រុង​​តូ​ក្យូ​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី បាន​ទៅ​ទស្សនា​មូលដ្ឋាន​យោធា​នៅ​កោះ​ណា​ទូ​ណា ជិត​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​៨​មករា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...