ដោយ:សន សក្តា/កំពង់ឆ្នាំង ៖ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ លោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកសំ ចាន់ថន អភិបាលស្រុកកំពង់លែង រួមនិងជំនាញពាក់ព័ន្ធ ជាច្រើនរូបទៀត បានចុះត្រួតពិនិត្យនិងលើកព្រំ បោះបង្គោលការពារទីទួលប្រាសាទសក្ល (ហៅប្រាសាទប្រុស) ដែលមានទីតាំងនៅភូមិសាស្រ្តភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង។
ការចុះត្រួតិនិត្យនិងបោះបង្គោលព្រំការពារនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ខយកគ្រឿងចក្រ ទៅភ្ជួរដីស្រែនៅក្បែរទីទួលប្រាសាទនេះ។
សូមបញ្ជាក់ថា ប្រាសាទប្រុសឬប្រាសាទសក្ល មានទីតាំងស្ថិតនៅភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចំងាយ២គីឡូម៉ែត្រ ពីប្រាសាទស្រី។ ប្រាសាទប្រុសមានទីតាំងស្ថិត នៅកណ្តាលវាលស្រែ ដែលមើលទៅគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។
ប្រាសាទនេះត្រូវបានសាងសង់បន្ថែមនូវជណ្តើរឡើង និងកំពូលប៉មដែលសាងពីរស៊ីម៉ង់។ បើមើលតាមរចនាបទក្នុង ការសាងសង់ ប្រាសាទប្រុសត្រូវបានគេសាងសង់ដំណាលគ្នានឹងប្រាសាទស្រី ក្នុងសតវត្សទី៨ នៃរចនាបទប្រាសាទ កំពង់ព្រះ។
ប្រាសាទប្រុសមានមានទ្វារចូលចំនួនមួយ និងទ្វារបញ្ជោតចំនួនបី ហើយកសាងអំពីឥដ្ឋក្រហម ដែលមានផ្តែរចំលាក់ពីថ្មភក់ តែត្រូវធ្លាក់បាក់បែកចេញពីប្រាសាទ ទៅហើយ៕B/