ដោយៈសុផល/ភ្នំពេញៈនៅឆ្នាំ១៩៩៣ធនាគារអេស៊ីលីដាភីអិលស៊ីបានចាប់ផ្ដើមអាជីវកម្មដំបូងជាអង្គការមួយជួយអភិវឌ្ឍន៍ដល់កសិករតាមជនបទនិងបានក្លាយជាគ្រឹះស្ថានមីក្រូហិរញវត្ថុនៅឆ្នាំ១៩៩៦។ជាធនាគារឯកទេសនៅខែតុលាឆ្នាំ២០១០និងចុងក្រោយបានក្លាយខ្លួនជាធនាគារពាណិជ្ជនៅកម្ពុជាក្នុងឆ្នាំ២០០៣។
ធនាគារអេស៊ីលីដាបានបន្តអភិវឌ្ឍនិងរីកចម្រើនជាលំដាប់ប្រកបដោយចីរភាពរហូតក្លាយជាធនាគារពាណិជ្ជលំដាប់លេខ១ក្នុងព្រះរាជាណាចក្រកម្ពុជារហូតមកដល់សព្វថ្ងៃ។ជាពិសេសជាងនេះទៅទៀត អេស៊ីលីដា បានក្លាយធនាគារពាណិជ្ជទី១បានចូលក្នុងផ្សារមូលបត្រកម្ពុជាទៀត ។
ក្នុងសន្និសីទសារព័ត៌មានកាលពីព្រឹកថ្ងៃទី១០មករាឆ្នាំ២០២០នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដាលោកបណ្ឌិតអ៊ីនចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីបានមានប្រសាសន៍ថា៖កាលចាប់ផ្ដើមដំបូងអេស៊ីលីដាគ្រាន់តែជាធនាគារក្រៅរដ្ឋាភិបាលមួយប៉ុណ្ណោះ។ជាមួយនឹងដើមទុនប្រមាណ៦០ម៉ឺនដុល្លារកាលពី២៧ឆ្នាំមុនក្នុងអំឡុងពេលចាប់ផ្ដើមដំបូងនោះ វាលំបាកណាស់។
លោកបន្តថា៖ដើមទុនប្រមាណជាង៦០ម៉ឺនដុល្លារនោះចាត់ទុកជាគ្រាប់ពូជមួយរបស់ធនាគារអេស៊ីលីដានៅពេលបច្ចុប្បន្នដែលធ្វើឱ្យសាបព្រោះបាននូវពូជជាបន្តបន្ទាប់ទៀតដោយក្នុងរយៈពេល២៧ឆ្នាំកន្លងទៅនេះបានពង្រីកការលូតលាស់រហូតដល់៧០០ដងធ្វើឱ្យទុនម្ចាស់ទ្រព្យកើនដល់៩០០លានដុល្លារអាមេរិក និងទ្រព្យសកម្មកើនឡើង៩.០០០ដង។
លោកបណ្ឌិតបានបន្តថា៖«បើនិយាយពីទ្រព្យសកម្មរបស់ធនាគារអេស៊ីលីដាចាប់តាំងពីកកើតដំបូងមកដល់ឥឡូវនេះមានកំណើនរហូតដល់៩ពាន់ដងនិងបានធ្វើឱ្យប្រាក់ចំណេញរបស់យើងកើនដល់ជិត២ពាន់ដងនិងប្រកបដោយគុណភាព»។លោកបណ្ឌិតបានមានប្រសាសន៍ថា៖ដើម្បីឱ្យធនាគារអេស៊ីលីដានៅតែក្លាយជាធនាគារពាណិជ្ជឈានមុខគេនិងចូលរួមអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជានោះអេស៊ីលីដាបានឈានជើងទៅមុខមួយកម្រិតទៀតដោយគ្រោងនឹងបោះផ្សាយមូលបត្រនៅផ្សារមូលបត្រកម្ពុជានៅពេលឆាប់ៗខាងមុខនេះ ។
យ៉ាងណាក៏ដោយដើម្បីឱ្យដំណើរការបើផ្សាយមូលបត្រក្នុងផ្សារហ៊ុននេះក៏ត្រូវការទាមទារឱ្យមានការជួយគាំទ្រនិងសហការពីអាជ្ញាធរកម្ពុជាដូចជាស្ថាប័នដែលពាក់ព័ន្ធនឹងវិស័យមូលបត្រនេះ ជាដើម ។ ជាជំហ៊ានដំបូងមុននឹងធ្វើការបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈធនាគារត្រូវការផ្សព្វផ្សាយឱ្យ វិនិយោគិនក៏ដូចជាអតិថិជនរបស់ខ្លួនឱ្យបានដឹងពីកម្មវត្ថុបំណងរបស់ធនាគារ ។
លោកហុងសុហួរអគ្គនាយកផ្សារមូលបត្រកម្ពុជាបានមានប្រសាសន៍ថាក្នុងនាមបញ្ញត្តិករវិស័យមូលបត្រកម្ពុជាពិតជាចង់បានស្ថាប័នក្នុងស្រុកជាច្រើនទៀតចូលរួមក្នុងផ្សារហ៊ុនដោយបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ។វាជាកិត្តិយសខ្លាំងណាស់ដែលផ្សារមូលបត្រកម្ពុជាទទួលបានធនាគារពាណិជ្ជទី១និងជាធនាគារឈានមុខគេក្នុងប្រទេសកម្ពុជាចុះបញ្ជីក្នុងផ្សារមូលបត្រដើម្បីបោះផ្សាយមូលបត្រកម្មសិទ្ធិជាសាធារណៈ។
កន្លងមកផ្សារមូលបត្រកម្ពុជាក៏ទទួលបានធនាគារពាណិជ្ជជាបន្តបន្ទាប់ដែរ។ក៏ប៉ុន្តែពួកគេចុះបញ្ជីជាសញ្ញាបត្របំណុលដែលមិនសូវមានការចាប់អារម្មណ៍ខ្លាំងប៉ុន្មានទេពីសាធារណៈជន។តែនៅពេលដែលធនាគារអេស៊ីលីដាចូលក្នុងផ្សារហ៊ុននឹងធ្វើអោសកម្មភាពផ្សារហ៊ុនក្នុងប្រទេសកម្ពុជាកាន់តែកក្រើកនិងជំរុញឱ្យមានការវិនិយោគក្នុងវិស័យមូលបត្រនេះ កាន់តែច្រើនឡើងថែមទៀត ។
លោករំពឹងថានឹងមានវិនិយោគិនជាច្រើនចាប់អារម្មណ៍វិនិយោគជាមួយនឹងភាគហ៊ុនរបស់ធនាគារអេស៊ីលីដាហើយខ្លួនលោកផ្ទាល់ក៏មានការសាកសួរច្រើនពីសំណាក់វិនិយោគិនដែលចង់វិនិយោគជាមួយធនាគារអេស៊ីលីដា។ដូច្នេះពួកគេគួរត្រៀមទុនសម្រាប់វិនិយោគជាមួយអេស៊ីលីដានៅពេលដែលធនាគារនេះប្រកាសលក់មូលបត្រជាផ្លូវការក្នុងផ្សារហ៊ុនកម្ពុជា៕S/
ចំណងជើងរូបថត៖លោកបណ្ឌិត អ៊ីន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា ក្នុងសន្និសីទសារពត៌មាន កាលពីព្រឹកថ្ងៃទី១០ មករា ឆ្នាំ២០២០នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា(រូបៈសុផល)