ដោយៈ​សុផល​/​ភ្នំពេញៈ​«​ការបោះ​ផ្សាយ​មូល​ប​ត្រ​របស់​ធនាគារ​អេស៊ីលីដា​នឹង​ក្លាយទៅជា​គំរូ​ដ៏​ល្អ​មួយ​សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងទៀត​ក្នុងការ​ប្រមូល​ទុន​ពី​សាធារណជន​ក្នុងស្រុក​ដើម្បី​ពង្រីក​វិសាលភាព​អាជីវកម្ម​របស់ខ្លួន​ទាំង​ក្នុងប្រទេស​និង​ក្នុង​តំបន់​និង​ចង់​ឲ្យ​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក​យើង​មាន​ភាពរឹងមាំ​និង​ខ្លាំង​ដូច​អេស៊ីលីដា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​បាន​នៅក្នុង​តំបន់​និង​អន្តរជាតិ​»​។

​លោក​ហុង​សុ​ហួរ​អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​សិក្ខាសាលា​ស្តីពី​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​កាលពី​ព្រឹក​ថ្ងៃទី​១០​មករា​ឆ្នាំ​២០២០​។​លោក​អគ្គនាយក​បានលើកឡើង​ទៀតថា​«​ជា​កិត្តិយស​ខ្លាំងណាស់​សម្រាប់​កម្ពុជា​ដែល​ធនាគារ​អេស៊ីលីដា​ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​បាន​ចុះបញ្ជី​នៅក្នុង​ផ្សារភាគហ៊ុន​មូល​ប​ត្រ​កម្ពុជា​ហើយ​ខ្ញុំ​ចង់​ឲ្យ​ស្ថាន​ប័ន​ហិរញ្ញវត្ថុ​ក្នុងស្រុក​យើង​មាន​ភាពរឹងមាំ​និង​ខ្លាំង​ដូច​អេស៊ីលីដា​ដើម្បី​ចូលរួម​ប្រកួតប្រជែង​បាន​នៅក្នុង​តំបន់​និង​អន្តរជាតិ​»​។​

​លោក​បាន​បន្តទៀតថា​«​ការចូល​ផ្សារ​ហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​នេះ​នឹង​ធ្វើឱ្យ​ធនាគារ​មួយ​នេះ​កាន់តែ​ទទួលបាន​ការទុកចិត្ត​កាន់តែខ្លាំង​ឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​នឹងធ្វើ​ឱ្យ​អាជីវកម្ម​របស់​ស្ថាប័ន​មួយ​នេះ​កាន់តែ​មានការ​គាំទ្រ​និង​មានការ​ជឿជាក់​កាន់តែខ្លាំង​ឡើង​ពិសេស​នឹងមាន​វិនិយោគិន​ជាច្រើន​ចាប់អារម្មណ៍​ជាមួយ​ភាគហ៊ុន​អេស៊ីលីដា​នេះ​ផងដែរ​»​។​

​លោក​រំពឹងថា​ធនាគារ​អេស៊ីលីដា​នឹង​ទទួលបាន​ការចុះបញ្ជី​ពី​គណកម្មកា​រមូល​ប​ត្រ​កម្ពុ​ជានា​ឆាប់ៗ​នេះហើយ​យ៉ាងយូរ​អាច​ទៅ​គោះ​ជួង​បើក​ការជួញដូរ​ភាគហ៊ុន​នៅ​ចុងខែ​មីនា​ឬ​ដើម​ខែមេសា​ខាងមុខនេះ​ដោយសារ​ធនាគារ​អេស៊ីលីដា​មាន​ភាពរឹងមាំ​ផ្នែក​ហិរញ្ញវត្ថុ និង​បំពេញ​គ្រប់​លក្ខខណ្ឌ​។​លោក​សង្ឃឹមថា​បន្ទាប់ពី​ការចុះបញ្ជី​របស់​ធនាគា​រ អេស៊ីលីដា​នឹងមាន​ចំនួន​វិនិយោគិន​សកម្ម និង​ទំហំ​ជួញដូរ​នៅលើ​ទីផ្សារ​នឹងមាន​ការកើនឡើង​ជាប​ន្ត​បន្ទាប់​ផងដែរ​ដែលជា​កត្តា​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ការចុះបញ្ជី និង​ការវិនិយោគ​មកលើ​ទីផ្សារ​បន្ថែមទៀត​។​

​លោក​បាន​បញ្ជាក់ថា​«​ការវិនិយោគ​ក្នុង​វិស័យ​មូល​ប​ត្រ​មិនមែនជា​ល្បែងស៊ីសង​ដែល​ត្រូវតែមាន​អ្នក​ខាត ដើម្បីឱ្យ​អ្នកផ្សេង​ចំណេញ​នោះទេ​។ ការវិនិយោគ​លើ​ក្រុមហ៊ុន ដែល​ល្អ នឹង​ផ្តល់​ភាគលាភ​ខ្ពស់ និង​មាន​ថ្លៃ​ភាគហ៊ុន​កើនឡើង ដែល​នឹង​ធ្វើឱ្យ​មានការ​ចំណេញ​ទាំងអស់គ្នា​»​។

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​ប្រធាន​នាយក​ក្រុម​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី​បាន​មានប្រសាសន៍ថា​នៅពេល​អាជ្ញាធរ​ពាក់ព័ន្ធ​សម្រេច​អនុញ្ញាតិ​ជា​ផ្លូវការ​នោះ​ធនាគារ​នឹង​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជួញដូរ​ភាគហ៊ុន​ភ្លាមៗ​តែម្តង​ព្រោះ​យើង​បាន​ត្រៀម​និង​រៀបចំខ្លួន​រួចរាល់​អស់ហើយ​ខណៈ​នៅ​បំណាច់​ឆ្នាំ​២០១៩​កន្លងទៅនេះ​យើង​មានទ្រព្យ​សកម្ម​ប្រមាណ​៦​ពាន់​លាន​ដុល្លារ​អាមេរិក​និង​ទុន​ម្ចាស់ទ្រព្យ​មាន​ប្រមាណ​៩០០ លាន​ដុល្លា​អាមេរិក​។​
​លោក​បណ្ឌិត​បាន​បន្តថា​ប៉ុន្តែ​មុននឹង​នឹងដាក់​ដំណើរការ​ជួញដូរ​យើង​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ដល់​អតិថិជន​និង​វិនិយោគិន​ដែលមាន​សក្តានុពល​បាន​យល់ដឹង​អំពី​ដំណើរ​ការបោះ​ពុ​ម្ភ​ផ្សាយ​លក់​មូល​ប​ត្រ​កម្ម​សិទ្ធ​ជា​សាធារណៈ​នេះ​ព្រោះថា​វា​ជា​លើក​ទី​១​ហើយ​ដែលមាន​ធនាគារ​បើក​ការជួញដូរ​ជា​លក្ខណៈ​ស្ថាប័ន​ផង​និង​ឯក​ក្ត​ជន​ផង​ខណៈ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត​ចុះបញ្ជី​ជា​សញ្ញាបត្រ​លក់​បំណុល​។​

​លោក​បណ្ឌិត​បាន​បន្ថែម​ថា​នេះ​ជា​សករាជ​ថ្មី​មួយទៀត​ដែល​ធនាគារ​អេស៊ីលីដា​ឈាន​ជើង​ចូលក្នុង​ផ្សារ​មូលប័ត្រ​ដើម្បី​ឲ្យ​អតិថិជន​ដែលមាន​មូលនិធិ​លើសពី​តម្រូវការ​និង​ចង់​វិនិយោគ​ក្នុង​ធនាគារ​អេស៊ីលីដា​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍​ទាំងអស់គ្នា​ព្រោះថា​ធនាគារ​អេស៊ីលីដា​មានការ​រីកចំរើន​រហូត​មកដល់​បច្ចុប្បន្ននេះ​ក៏​ដោយសារ​អតិថិជន​គាំទ្រ​ដែរ​។​

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់ថា​«​ការចូល​ក្នុង​ទីផ្សារ​មូល​ប​ត្រ​នេះ​គឺ​ដើម្បីឱ្យ​វិនិយោគិន​អតិថិជន​និង​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​ដើម្បី​ក្លាយជា​ភាគ​ហ៊ុ​នឹក​របស់​ធនាគារ​ប្រមូល​ដើមទុន​គាំទ្រ​ការរីកចំរើន​លូតលាស់​របស់​ធនាគារ​អេស៊ីលីដា​ទាំង​ក្នុងស្រុក​និង​តំបន់​ប្រកបដោយ​ចីរភាព​និង​កាន់តែ​រឹងមាំ​បង្កើត​ប្រាក់ចំណូល​ជូន​វិនិយោគិន​និង​សា​នា​សាធារណជន​ចូលរួម​វិនិយោគ​ជាមួយ​ធនាគារ​រយៈ​ការបែងចែក​ភាគ​លាប​និង​ចូលរួម​លើកស្ទួយ​ប្រាក់រៀល​ព្រម​ទាំ​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​វិស័យ​មូល​ប​ត្រ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​»​។​

​លោក​បណ្ឌិត​អ៊ិន​ចាន់នី​បាន​លើកឡើងថា​៖​ប្រសិនបើ​វិនិយោគិន​អតិថិជន​ក៏ដូចជា​សាធារណជន​ដែលមាន​បំណង​ទិញ​ភាគហ៊ុន​របស់​ធនាគារ​អេស៊ីលីដា​ដែល​នឹង​គ្រោង​នឹង​បោះផ្សាយ​លក់​នៅលើ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​នៅពេល​ឆាប់​ខាងមុខនេះ​សូម​អញ្ជើញ​មក​បើក​គណនី​ជួញដូរ​និង​អត្តសញ្ញាណ​វិនិយោគិន​ដែលមាន​បំរើ​នៅ​អេស៊ីលីដា​ស៊ី​ឃ្យូ​រី​ធី​ភីអិលស៊ី​ដែលមាន​អាស័យដ្ឋាន​នៅ​អគារ​លេខ ៦១ មហាវិថី​ព្រះមុនីវង្ស​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

​សូមជម្រាបថា ទីផ្សារ​មូល​ប​ត្រ មាន​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុងតែ​រៀបចំ​និតិ​វិធី​ក្នុងការ​បោះផ្សាយ និង​ចុះបញ្ជី​ភាគហ៊ុន​ឬ​សញ្ញាប័ណ្ណ​នៅក្នុង​ឆ្នាំ​២០២០​នេះហើយ​គេ​រំពឹងថា​ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទ្វេដង​នៅ​ឆ្នាំ​បន្ទាប់ៗ​ទៀត​៕S/