ដោយ:ពៅនិមល/ភ្នំពេញ:មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាវិស័យទន្តសាស្ត្រពេលបច្ចុប្បន្ន មានការរីកចម្រើនខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ និងបានកំពុងវិវត្តន៍ខ្លួនកាន់តែខ្លាំងក្លាផងដែរ ។ប្រៀបធៀបនឹង១០ឆ្នាំកន្លងទៅដែលវិស័យមួយនេះស្ទើរតែគ្មានឈ្មោះឡើងប៉ុន្តែបច្ចុប្បន្នវិស័យនេះមានភាពលេចធ្លោជាខ្លាំង និងហួសពីការស្មាន។
លោកស្រីតាន់វួចឆេងរដ្ឋលេខាធិការក្រសួងសុខាភិបាលនៅក្រោយពិធីបើកសន្និសីទនិងការតាំងពិព័រណ៍ទន្តសាស្ត្រកម្ពុជាឆ្នាំ២០២០កាលពីព្រឹកថ្ងៃទី១០ខែមករានេះបានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថាដើម្បីធានានូវភាពថ្លៃថ្នូរក្នុងវិជ្ជាជីវៈនិងដើម្បីធានានូវគុណភាពសុវត្ថិភាពនៃសេវាសុខភាពមាត់ធ្មេញក្រសួងបានរៀបចំច្បាប់ស្តីពីការគ្រប់គ្រងវិជ្ជាជីវៈវេជ្ជសាស្ត្រអមវេជ្ជសាស្ត្រឯក ដែលរដ្ឋសភាជាតិបានអនុម័តរួចហើយ។
ទន្ទឹមនេះក្រសួងក៏បានបង្កើតនូវគណៈទន្តពេទ្យដើម្បីគ្រប់គ្រងនិងលុបបំបាត់នូវភាពអនាធិបតេយ្យក្នុងវិស័យសុខាភិបាលផងដែរ។ លោកស្រីលើកឡើងបន្តថា ដើម្បីបង្កើនគុណភាព និងសមត្ថភាព ចាំបាច់ណាស់ដែលទន្តបណ្ឌិតទន្តពេទ្យទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សាជាបន្តបន្ទាប់នូវបច្ចេកវិទ្យាថ្មីៗពីបណ្តារៀមច្បងដែលមានបទពិសោធន៍ច្រើន ព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពខ្ពស់របស់ខ្លួនឲ្យកាន់តែសុក្រិតថែមទៀត។
តាមរយៈនេះលោកស្រីរដ្ឋលេខាធិការបានអំពាវនាវដល់ទន្តបណ្ឌិតនិងទន្តពេទ្យទាំងអស់ត្រូវតែគោរពស្រឡាញ់និងយកចិត្តទុកដាក់ចំពោះអ្នកជំងឺគ្រប់ប្រភេទគឺកុំរើសអើងថាអ្នកមានឬអ្នកក្រ។ត្រូវគិតថា ការឈឺចាប់របស់អ្នកជំងឺ គឺជាការឈឺចាប់របស់យើងផងដែរ។ជាមួយគ្នានេះ ទន្តបណ្ឌិត សួនម៉ូនីកាប្រធានសមាគមទន្តពេទ្យកម្ពុជាបានឱ្យដឹងថាជារៀងរាល់ឆ្នាំសមាគមតែងតែរៀបចំសន្និសីទនិងការតាំងពិព័រណ៍ទន្តសាស្ត្រនេះឡើង។ដើម្បីទទូចឱ្យទន្តបណ្ឌិតទន្តពេទ្យទន្តនិស្សិតបន្តចូលរួមជាមួយសកម្មភាពសមាគម។
ជាពិសេសជួយគាំទ្រសន្និសីទសិក្ខាសាលារៀបចំដោយសមាគមទន្តពេទ្យកម្ពុជាឱ្យកាន់តែច្រើនឡើងដើម្បីទ្រទ្រង់សមាគមឲ្យរឹងមាំនិងបន្តដំណើរទៅមុខដោយជោគជ័យដូចសមាគមទន្តពេទ្យជាតិនៃប្រទេសនានាទូទាំងពិភពលោកខណៈដែលបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំចេះតែប្រែប្រួល និងទំនើបឡើងៗ។
ប្រធានសមាគមទន្តពេទ្យកម្ពុជាបានបញ្ជាក់ទៀតថាគិតមកទល់ពេលនេះនៅក្នុងទីក្រុងភ្នំពេញបន្ទប់ពិគ្រោះជំងឺផ្នែកទន្តសាស្ត្រសរុបមានប្រមាណ៧៦០គ្លីនីក។ ដោយសារភាពវិវត្តន៍នៃវិស័យទន្តពេទ្យ ត្រូវមើលឃើញថាវិស័យនេះបានទាក់ទាញមួយផ្នែកដែរក្នុងវិស័យទេសចរណ៍។ព្រោះថាភ្ញៀវទេសចរណ៍មួយចំនួនក៏ដូចជាអនិកជននៅតាមបណ្តាប្រទេសនានាក៏បានអញើញពិគ្រោះនិងព្យាបាលសុខភាពមាត់ធ្មេញនៅកម្ពុជាដែរដោយសារមានភាពទំនុកចិត្តនិងភាពជឿនលឿនរបស់ប្រទេសក្រៅពីទេសចរណ៍នៅតាមតំបន់នានានៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សន្និសីទនិងការតាំងពិព័រណ៍ទន្តសាស្ត្រកម្ពុជា ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និង១១ ខែមករាឆ្នាំ២០២០ដែលមានតំណាងក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទន្តសាស្ត្រចំនួន ២៧ក្រុមហ៊ុន សរុបមានជិត៧០ស្តង់ នៅសណ្ឋាគារសុខាភ្នំពេញត្រើយខាងកើត៕S/